ព័ត៌មានជាតិ

អ្នកឧកញ៉ា គិត ម៉េង ចាត់តាំងអ្នកឧកញ៉ា ឡាវ កាង ដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ចូលរួមពិធីបោះឆ្នោតជ្រើសរើសការិយាល័យតំណាងនៅទីក្រុងប៉ារីស ប្រទេសបារាំង សម្រាប់អាណត្តិទី១ លើកទី១ និងកិច្ចប្រជុំធុរកិច្ចពាក់ព័ន្ធ

image

ភ្នំពេញ៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានចាត់តាំង អ្នកឧកញ៉ា ឡាវ កាង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញចូលរួម «ពិធីបោះឆ្នោតជ្រើសរើស ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំទីក្រុងប៉ារីស ប្រទេសបារាំង សម្រាប់អាណត្តិទី១ លើកទី១» ព្រមទាំងចូលរួមកិច្ចប្រជុំធុរកិច្ចពាក់ព័ន្ធ នៅទីក្រុងប៉ារីស ប្រទេសបារាំង។

ពិធីបោះឆ្នោតជ្រើសរើសការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំទីក្រុងប៉ារីស ប្រទេសបារាំង សម្រាប់អាណត្តិទី១ លើកទី១ នេះ នឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ នៅទីក្រុងប៉ារីស ប្រទេសបារាំង ដែលសហការរៀបចំឡើងដោយ ក្រសួងពាណិជ្ជកម្ម និងសភាពាណិជ្ជកម្មកម្ពុជា។

ការបង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំទីក្រុងប៉ារីស ប្រទេសបារាំង គឺជាជំហានដ៏ សំខាន់ក្នុងការពង្រឹងវត្តមានរបស់សភាពាណិជ្ជកម្មកម្ពុជានៅលើឆាកអន្តរជាតិ និងជំរុញកិច្ចសហប្រតិបត្តិការលើ វិស័យធុរកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា បារាំង និងបណ្តាប្រទេសក្នុងតំបន់អឺរ៉ុប។ ការិយាល័យតំណាង នេះនឹងដើរតួនាទីជាស្ពានតភ្ជាប់វិស័យឯកជន តាមរយៈការផ្លាស់ប្តូរព័ត៌មានធុរកិច្ច ការស្វែងរកដៃគូពាណិជ្ជកម្ម និងការផ្សព្វផ្សាយឱកាសវិនិយោគ ដើម្បីបង្កើតកាលានុវត្តភាពថ្មីៗសម្រាប់វិនិយោគិននៃប្រទេសទាំងពីរ។
សូមជម្រាបជូនថា រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចស្តីពីការបង្កើតការិយាល័យតំណាងសភា ពាណិជ្ជកម្មកម្ពុជា ប្រចាំទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦៕