ស្ថានទូតម៉ាឡេស៊ីប្រារព្ធខួបទី៦៩ នៃបុណ្យជាតិ និងចំណងមិត្តភាពកម្ពុជា-ម៉ាឡេស៊ី ខណៈពាណិជ្ជកម្មទ្វេភាគីឆ្នាំ២០២៥ មានទំហំលើស ១ពាន់លានដុល្លារ
ភ្នំពេញ៖ ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា លោកបណ្ឌិត ហ្សាហារូដឌីន អន បានគូសបញ្ជាក់ពីចំណងមិត្តភាពដ៏រឹងមាំ និងយូរអង្វែងរវាងកម្ពុជា និងម៉ាឡេស៊ី ខណៈស្ថានទូតម៉ាឡេស៊ីប្រារព្ធខួបទី៦៩ នៃបុណ្យជាតិ និងចំណងមិត្តភាពកម្ពុជា-ម៉ាឡេស៊ី នៅរាជធានីភ្នំពេញ។
ពិធីអបអរសាទរបុណ្យជាតិម៉ាឡេស៊ី ខួបទី៦៩ឆ្នាំ ដែលបានធ្វើឡើងនៅល្ងាចថ្ងៃទី២៨ ខែតុលា មានការចូលរួមពីឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាតំណាងរាជរដ្ឋាភិបាលកម្ពុជា។
ក្នុងឱកាសនោះ លោកបណ្ឌិត ហ្សាហារូដឌីន អន បានលើកឡើងថា កម្ពុជា និងម៉ាឡេស៊ីមានទំនាក់ទំនងល្អប្រសើរ ស្ថិរភាព និងមានភាពចាស់ទុំ ដោយឈរលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក ព្រមទាំងបានបង្ហាញសុទិដ្ឋិនិយមចំពោះការឈានដល់ខួបលើកទី៧០ នៃចំណងមិត្តភាពនៅឆ្នាំ២០២៧ ខាងមុខ ដោយចាត់ទុកប្រទេសទាំងពីរជាដៃគូក្នុងសន្តិភាព វឌ្ឍនភាព និងវិបុលភាព។
ឯកអគ្គរាជទូតបានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបានពង្រីកពីកម្រិតរដ្ឋាភិបាលទៅរដ្ឋាភិបាល ដល់កិច្ចសហការរវាងធុរកិច្ច និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ដែលបានរួមចំណែកជំរុញកំណើនពាណិជ្ជកម្ម និងការវិនិយោគ។ ម៉ាឡេស៊ីជាប្រទេសមួយក្នុងចំណោមប្រទេសដែលបានចាប់ផ្តើមវិនិយោគនៅកម្ពុជាតាំងពីដំណាក់កាលដំបូង ដោយមានធុរកិច្ចជាច្រើនកំពុងប្រតិបត្តិការក្នុងវិស័យលក់រាយ វាយនភណ្ឌ និងកាត់ដេរ ឧស្សាហកម្ម ធនាគារ និងធានារ៉ាប់រង ថាមពល ហេដ្ឋារចនាសម្ព័ន្ធ អាកាសចរណ៍ សុខាភិបាល បដិសណ្ឋារកិច្ច ទូរគមនាគមន៍ ប្រព័ន្ធផ្សព្វផ្សាយ កម្សាន្ត កសិដ្ឋាន និងឧស្សាហកម្មចំណីអាហារ។ លោកក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានស្វាគមន៍ និងគាំទ្រធុរកិច្ចម៉ាឡេស៊ីឱ្យក្លាយជាផ្នែកមួយនៃសកម្មភាពសេដ្ឋកិច្ចនៅកម្ពុជា។
ទោះបីជាពិភពលោក និងតំបន់កំពុងប្រឈមនឹងបញ្ហាប្រឈមផ្សេងៗក៏ដោយ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងម៉ាឡេស៊ីក្នុងឆ្នាំ២០២៥ បានកើនលើស ១ពាន់លានដុល្លារអាម៉េរិក។ ឯកអគ្គរាជទូតបានបង្ហាញទំនុកចិត្តថា ប្រទេសទាំងពីរអាចសម្រេចបាននូវគោលដៅពាណិជ្ជកម្មទ្វេភាគីចំនួន ២ពាន់លានដុល្លារអាម៉េរិក ដែលបានកំណត់កន្លងមក។ លោកក៏បានលើកឡើងពីសារៈសំខាន់នៃការតភ្ជាប់ និងការជំរុញទេសចរណ៍ទៅវិញទៅមក ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងសង្ឃឹមថា ភ្ញៀវទេសចរកម្ពុជានឹងទៅទស្សនាប្រទេសម៉ាឡេស៊ីកាន់តែច្រើន ក្នុងឱកាសឆ្នាំទស្សនាម៉ាឡេស៊ី២០២៦ និង២០២៧ ព្រមទាំងឆ្នាំទេសចរណ៍វេជ្ជសាស្ត្រម៉ាឡេស៊ី២០២៦។
ឯកអគ្គរាជទូតបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ម៉ាឡេស៊ីក្នុងការបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរឹងមាំ។ លោកបានបន្ថែមថា ធុរកិច្ច អង្គការ និងបុគ្គលម៉ាឡេស៊ី ក៏បានចូលរួមយ៉ាងសកម្មក្នុងកម្មវិធីសង្គម និងសហគមន៍នានានៅកម្ពុជា។ ជាមួយគ្នានេះ កិច្ចប្រជុំគណៈកម្មការចម្រុះលើកទី៣ ស្តីពីការពិគ្រោះយោបល់ទ្វេភាគី (JCBC) នៅទីក្រុងកូឡាឡាំពួរ បានបង្ហាញពីការប្តេជ្ញាចិត្តរួមរបស់ប្រទេសទាំងពីរក្នុងការពង្រឹងមូលដ្ឋានទំនាក់ទំនងដែលមានស្រាប់ និងជំរុញកិច្ចសហប្រតិបត្តិការឱ្យឈានដល់កម្រិតកាន់តែខ្ពស់ ដើម្បីផលប្រយោជន៍ទៅវិញទៅមក។
ក្នុងឱកាសោះដែរ លោករដ្ឋមន្រ្តី ហួត ហាក់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាល និងប្រជាជនម៉ាឡេស៊ីដែលតែងតែផ្តល់កិច្ចសហការ និងគាំទ្រកម្ពុជាជានិច្ចក្នុងការអភិវឌ្ឍប្រទេស និងសេដ្ឋកិច្ចរបស់ខ្លួនរហូតមក ជាពិសេសលើការផ្លាស់ប្តូរប្រជាជន និងប្រជាជន កិច្ចសហការដ៏សកម្ម និងសិ្នតរមួតក្នុងការរៀបចំព្រឹត្តការណ៍ជំរុញទេសចរណ៍ជាពិសេសយុទ្ធនាការទស្សនាកម្ពុជានារដូវកាលបៃតង (Green Season) និង Muslim Friendly ការជំរុញលំហូរទេសចរ និងអ្នកធ្វើដំណើរនៃប្រទេសទាំងពីរ និងអន្តរជាតិ ការតភ្ជាប់ជើងហោះហើរត្រង់ ការវិនិយោគលើវិស័យទេសចរណ៍ពីសំណាក់វិនិយោគិម៉ាឡេស៊ីជាក់ស្តែងនៅកម្ពុជា។
ឆ្លៀតក្នុងឱកាសនេះដែរ លោករដ្ឋមន្រ្តី បានអញ្ជើញភ្ញៀវទេសចរម៉ាឡេស៊ី និងអន្តរជាតិមកទស្សនាកម្ពុជា ជាពិសេសភូមិហ្រ្វង់កូហ្វូនី (Francophonie Village) ដែលជាព្រឹត្តការណ៍អមរៀបចំឡើង ដើម្បីអបអរសាទរកិច្ចប្រជុំកំពូលអង្គការបណ្តាប្រទេសនិយាយភាសាបារាំងលើកទី២០ (20th Francophonie Summit) នៅរាជធានីភ្នំពេញ ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកាខាងមុខ ដើម្បីទទួលបាននូវបទពិសោធពីសក្តានុពលទេសចរណ៍កម្ពុជា បដិសណ្ឋារកិច្ចដ៏កក់ក្តៅពីប្រជាជនកម្ពុជា ជាពិសេស Muslim friendly និងស្វែងយល់ពីកាលានុវត្តភាពវិនិយោគថ្មីៗ នៅកម្ពុជា៕