ព័ត៌មានជាតិ

កម្ពុជា និងម៉ាឡេស៊ីពង្រឹង និងពង្រីកសហប្រតិបត្តិការទេសចរណ៍តាមស្មារតីនៃអនុស្សារណៈនៃការយោគយល់គ្នាឆ្នាំ២០១៩ ឱ្យកាន់តែជាក់ស្តែង និងសកម្ម

image

ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាតំណាងរាជរដ្ឋាភិបាលកម្ពុជា និងថ្លែងសុន្ទរកថាអបអរសាទរក្នុងពិធីអបអរសាទរបុណ្យជាតិម៉ាឡេស៊ីលើកទី៦៩ កាលពីល្ងាចថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ នៅសណ្ឋាគារ Shangri-La Phnom Penh ដែលរៀបចំឡើងដោយស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា។
ពិធីនេះមានការចូលរួមពីលោក Shaharuddin Onn ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំកម្ពុជា សមាជិកព្រឹទ្ធសភា រដ្ឋសភា សមាជិករាជរដ្ឋាភិបាល តំណាងស្ថាប័នរដ្ឋ និងឯកជន អង្គទូតប្រចាំកម្ពុជា ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាង២០០រូប។
ក្នុងឱកាសនោះ លោក Shaharuddin Onn បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលម៉ាឡេស៊ី ក្នុងការបន្តថែរក្សាចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដែលនឹងឈានដល់ខួប៧០ឆ្នាំនៅឆ្នាំ២០២៧ ខាងមុខ ដើម្បីរួមចំណែកបង្កើតវិបុលភាព និងសន្តិភាពសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។ លោកក៏បានលើកឡើងពីលទ្ធផលវិជ្ជមាននៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន ព្រមទាំងសកម្មភាពជំរុញវិស័យទេសចរណ៍រវាងប្រទេសទាំងពីរកន្លងមក។
ជាការឆ្លើយតប លោក ហួត ហាក់ បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនម៉ាឡេស៊ី ដែលតែងតែផ្តល់កិច្ចសហការ និងគាំទ្រកម្ពុជាក្នុងការអភិវឌ្ឍប្រទេស និងសេដ្ឋកិច្ច។ លោកបានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការដ៏សកម្មក្នុងការជំរុញការផ្លាស់ប្តូរប្រជាជន និងប្រជាជន ការរៀបចំព្រឹត្តិការណ៍ផ្សព្វផ្សាយទេសចរណ៍ ជាពិសេសយុទ្ធនាការទស្សនាកម្ពុជាក្នុងរដូវកាលបៃតង (Green Season) និងការលើកកម្ពស់ទេសចរណ៍ដែលមិត្តភាពសម្រាប់អ្នកកាន់សាសនាឥស្លាម (Muslim-Friendly Tourism)។
លោករដ្ឋមន្ត្រីក៏បានលើកឡើងពីសារៈសំខាន់នៃការជំរុញលំហូរទេសចរ និងអ្នកធ្វើដំណើររវាងប្រទេសទាំងពីរ និងពីទីផ្សារអន្តរជាតិ ការពង្រឹងការតភ្ជាប់ជើងហោះហើរត្រង់ ព្រមទាំងការទាក់ទាញការវិនិយោគរបស់ម៉ាឡេស៊ីក្នុងវិស័យទេសចរណ៍នៅកម្ពុជា។ លោកបានសង្កត់ធ្ងន់លើការបន្តអនុវត្តអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ដែលបានចុះហត្ថលេខាក្នុងឆ្នាំ២០១៩ ឱ្យកាន់តែមានប្រសិទ្ធភាព និងជាក់ស្តែង។
ទន្ទឹមនឹងនេះ លោក ហួត ហាក់ បានអញ្ជើញភ្ញៀវទេសចរម៉ាឡេស៊ី និងភ្ញៀវទេសចរអន្តរជាតិ មកទស្សនាប្រទេសកម្ពុជា ជាពិសេសភូមិហ្វ្រង់កូហ្វូនី (Francophonie Village) ដែលជាព្រឹត្តិការណ៍អមក្នុងឱកាសរៀបចំកិច្ចប្រជុំកំពូលអង្គការអន្តរជាតិហ្វ្រង់កូហ្វូនីលើកទី២០ (20th Francophonie Summit) នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦។ ព្រឹត្តិការណ៍នេះនឹងផ្តល់ឱកាសដល់ភ្ញៀវទេសចរបានស្វែងយល់ពីសក្តានុពលទេសចរណ៍កម្ពុជា បដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងសេវាកម្មទេសចរណ៍ដែលមិត្តភាពសម្រាប់អ្នកកាន់សាសនាឥស្លាម ព្រមទាំងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា។
ពិធីនេះបានបង្ហាញពីការប្តេជ្ញាចិត្តរួមរបស់កម្ពុជា និងម៉ាឡេស៊ី ក្នុងការបន្តពង្រឹងចំណងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍ឱ្យកាន់តែសកម្ម និងមានប្រសិទ្ធភាព ដើម្បីជំរុញកំណើនទេសចរណ៍ និងផលប្រយោជន៍ទៅវិញទៅមករបស់ប្រទេសទាំងពីរ៕