រដ្ឋមន្ត្រីព័ត៌មាន ណែនាំឱ្យការពារកុមារ និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី ក្នុងការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិស្ក
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង លោក នេត្រ ភក្ត្រា បានលើកឡើងថា កុមារមិនមែនជាគោលដៅ សម្រាប់ការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិស្ករនោះឡើយ។ លោកមិនត្រូវអនុញ្ញាតឱ្យទីផ្សារធ្វើឱ្យកុមារ និងអនីតិជន ក្លាយជាគោលដៅនៃការផ្សាយពាណិជ្ជកម្មផលិតផលដែលអាចប៉ះពាល់ដល់សុខភាព ឬការអភិវឌ្ឍរបស់ពួកគេឡើយ។ ការផ្សាយមិនត្រូវប្រើរូបភាព ភាសា តារា សកម្មភាព ការប្រកួតប្រជែង ឬបច្ចេកទេសឌីជីថលដែលមានបំណងទាក់ទាញអនីតិជនឱ្យចាប់អារម្មណ៍លើការទទួលទានគ្រឿងស្រវឹង។
លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា នៅក្នុងសម័យទីផ្សារឌីជីថល យើងត្រូវយល់ថា ការផ្សាយមិនមានតែទូរទស្សន៍ និងប៉ាណូទៀតទេ។ មាតិកាអ្វីត្រូវបង្ហាញដល់អ្នកប្រើប្រាស់ណា ឬ Algorithm អាចនាំសារទៅដល់អ្នកប្រើប្រាស់តាមអាយុ ចំណាប់អារម្មណ៍ ទីតាំង និងទម្លាប់ប្រើប្រាស់។ ដូច្នេះ ការទទួលខុសត្រូវរបស់ក្រុមហ៊ុនក៏ត្រូវពង្រីកទៅដល់ការជ្រើសរើសអ្នកទស្សនា ការជ្រើសរើស Influencer និងការជ្រើសរើសទម្រង់មាតិកា»។ កុមារ និងអនីតិជន មិនមែនជាទីផ្សារដែលត្រូវយកមកប្រកួតប្រជែងទេ។
លោក នេត្រ ភក្ត្រា បានលើកឡើងដូចនេះក្នុងពិធីបើកយុទ្ធនាការឆន្ទៈល្អ លើកទី២ ក្រោមប្រធានបទ «បន្តពង្រឹងការអនុវត្តវិធានការចាំបាច់នានាក្នុងការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈដែលមានជាតិស្ករ ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ» នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦។ លោកបានលើកឡើងយ៉ាងដូច្នេះថា៖ «យើងមិនគួរអនុញ្ញាតឱ្យការប្រកួតប្រជែងដើម្បីទាក់ទាញការចាប់អារម្មណ៍ ក្លាយជាការប្រើប្រាស់រាងកាយស្ត្រីជាឧបករណ៍ពាណិជ្ជកម្ម ឬបង្កើតខ្លឹមសារដែលមិនសមស្របនឹងវប្បធម៌ និងសេចក្តីថ្លៃថ្នូររបស់សង្គម។
លោក នេត្រ ភក្ត្រា ក៏បានប្រាប់ដល់សិល្បករ សិល្បការិនី អ្នកផលិតមាតិកា និងអ្នកផ្សាយពាណិជ្ជកម្ម គួរត្រូវបានលើកទឹកចិត្តឱ្យប្រើប្រាស់ទេពកោសល្យរបស់ខ្លួន ដើម្បីបង្កើតស្នាដៃ ដែលមានទាំងតម្លៃពាណិជ្ជកម្ម និងតម្លៃសង្គម។
លោកមន្ត្រីក្រសួងព័ត៌មាន ក៏បានបញ្ជាក់នៅចំពោះមុខភាគីពាក់ព័ន្ធទាំងអស់ថា ការគោរពច្បាប់ មិនមែនជាបន្ទុករបស់អាជីវកម្មទេ។ ប៉ុន្តែការគោរពច្បាប់ ជាតម្លៃប្រកួតប្រជែងរបស់អាជីវកម្ម។ ក្រុមហ៊ុនដែលអាចទទួលបានទំនុកចិត្តពីរដ្ឋាភិបាល ពីដៃគូ ពីអតិថិជន និងពីសង្គម គឺជាក្រុមហ៊ុនដែលអាចរីកចម្រើនបានយូរអង្វែង។
ការផ្សព្វផ្សាយភេសជ្ជៈដែលមានជាតិស្ករ ក៏ត្រូវការការទទួលខុសត្រូវចំពោះព័ត៌មានអំពីផលិតផល ការការពារអ្នកប្រើប្រាស់ និងការផ្តល់ព័ត៌មានដោយតម្លាភាព។ ការផ្សាយពាណិជ្ជកម្មអាចត្រូវទាក់ទាញដោយមិនបំផ្លើស លក់ដោយមិនបោកបញ្ឆោត និងប្រកួតប្រជែងដោយមិនបង្កគ្រោះថ្នាក់ដល់សង្គម»។ នេះជាសង្កត់ធ្ងន់បន្ថែមរបស់រដ្ឋមន្ត្រី នេត្រ ភក្ត្រា៕