ព័ត៌មានជាតិ

អ្នកបកប្រែភាសាចិនម្នាក់​ ត្រូវតុលាការចោទប្រកាន់ពីបទ​ស៊ីសំណូក អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា អំពើរៀបចំ ឬដឹកនាំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងករណីសម្អាតប្រាក់

image

ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានស៊ើបអង្កេតរកឃេីញអ្នកបកប្រែភាសាចិនម្នាក់​ ឈ្មោះ ហ៊ុន លីស្រៀង ហៅ Mr Xing ហៅ XinXin ហៅពូទី២ ហៅ Ly Sreing មុខរបរជាអ្នកបកប្រែភាសាចិន ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) កសាងសំណុំរឿងបញ្ជូនទៅតុលាការ និងត្រូវបានអយ្យការ និងចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទសមគំនិតក្នុងអំពើស៊ីសំណូក អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា អំពើរៀបចំ ឬដឹកនាំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងករណីសម្អាតប្រាក់។​ នេះបើយោងតាមរបាយការណ៍​ លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ក្នុងកិច្ចប្រជុំ លើកទី១៥ អាណត្តិទី៤ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) នារសៀលថ្ងៃទី២៨ ខែតុលា​ ឆ្នាំ២០២៦។

ក្នុងរបាយការណ៍​ បានបញ្ជាក់ថា ធាតុពិត ករណីអ្នកបកប្រែភាសាចិន ឈ្មោះ ហ៊ុន លីស្រៀង ហៅ Mr. Xing គឺជាភាគទី៥ (ភាគបញ្ចប់) នៃករណីអនឡាញស្គេមឃុំព្រែកខ្សាច់ លើដី ៥ហិកតា របស់មេឃុំ រៀម រុំ។​ លើសពីអ្នកបកប្រែ ហ៊ុន លីស្រៀង ប្រើឈ្មោះសរុប១១ ឈ្មោះ ត្រូវបាន អ.ប.ព. កសាងសំណុំរឿងបញ្ជូនទៅតុលាការ ហើយត្រូវបានអយ្យការ និងចៅក្រមសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់ពីបទសមគំនិតស៊ីសំណូក, ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងជាអ្នករៀបចំ ឬដឹកនាំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (អនឡាញស្គេម) និងសម្អាតប្រាក់។

បុគ្គល ហ៊ុន លីស្រៀង ធ្វើការបកប្រែឱ្យមេៗអនឡាញស្គេមជនជាតិចិន ដែលមានបងធំ លោកបងទី២ លោកបងទី៣ បងហាវ កឺ បង ឈាំង កឺ និង ចាង ចៀនឈាំង មេអនឡាញស្គេម ដែលធ្វើផ្ទាល់ជាមួយមេឃុំព្រែកខ្សាច់ រៀម រុំ។

ហ៊ុន លីស្រៀង តាំងខ្លួនជាពូទី២ ដើម្បីនាំសារ នាំបញ្ជាពីមេអនឡាញស្គេមទៅទិសដៅផ្សេងៗ ហើយជាអ្នកទទួលបញ្ជាពីលោកបងទី២ (អឺ កឺ) ទាក់ទងមកមេឃុំ រៀម រុំ ដើម្បីរៀបកន្លែងអនឡាញស្គេមឱ្យ ចាង ចៀនឈាំង ហៅ តៃ យ៉ូវយៀន ហើយចាត់ចែង តាំងពីឱ្យក្រុមឆបោក ៤២នាក់ បើកតាមតង់ រហូតរៀបចាក់សាប ធ្វើរោងប្រក់ដំបូល ហើយដាក់ទូរកុងទឺនឺរឱ្យអ្នកទាំង ៤២នាក់។

ក្រៅពីស្ថិតក្នុងក្រុមការងារទឹក (ដោះស្រាយទឹក) ជាមួយមេអនឡាញស្គេម ៥-៦នាក់ និង រៀម រុំ និងក្រុមរបស់ រៀម រុំ (ជា សុទ្ធ ហៅ ម៉េង, ជា វាសនា ជាដេីម) ហ៊ុន លីស្រៀង ក៏ស្ថិតនៅក្នុងក្រុម ១ទៀត ជាមួយមេៗអនឡាញស្គេមជនជាតិចិន ៥-៦នាក់ ហើយក្រុមនោះត្រូវបានដាក់ឈ្មោះថា ក្រុមរកលុយដោយរលូន៕