ព័ត៌មានជាតិ

ACU បញ្ជូនជនសង្ស័យ ៥នាក់ ទៅតុលាការ ពាក់ព័ន្ធនឹងប្រើឯកសារក្លែង​ ដាក់ពាក្យប្រឡងចូលរៀនវិជ្ជាជីវៈមេធាវី

image

ភ្នំពេញ៖​ ក្រុមស៊ើបអង្កេតពិសេស​ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានរកឃើញឯកសារក្លែងចំនួន ១១ករណី ក្នុងពេលចូលរួមសង្កេតការណ៍​ ចាប់ពីដំណាក់កាលដាក់ពាក្យប្រឡងប្រជែងចូលរៀនវិជ្ជាជីវៈមេធាវី ជំនាន់ទី២១ ដែលមានបេក្ខជនដាក់ពាក្យចំនួន ៧៣៦នាក់ លើចំនួនពាក្យដែលបានលក់ចំនួន ៨១៦ច្បាប់។ ករណីនេះ ACU កំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ៥នាក់​ ទៅតុលាការ។ នេះបើយោងតាមរបាយការណ៍ លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ក្នុងកិច្ចប្រជុំលើកទី១៥ អាណត្តិទី៤ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) នារសៀលថ្ងៃទី២៨ ខែតុលា​ ឆ្នាំ២០២៦។

ក្នុងរបាយការណ៍បានបញ្ជាក់ថា​ ជនសង្ស័យទាំង​ ៥នាក់​នេះបេក្ខជន ១រូប មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០០៩ តែបានកែឈ្មោះ កែឆ្នាំកំណើតដោយខ្លួនឯង ហើយដល់ឆ្នាំ២០១៩ ទើបដាក់ពាក្យទៅតុលាការសុំកែឈ្មោះ ខែឆ្នាំកំណើត។ សញ្ញាបត្របាក់ឌុបបេក្ខជន ២រូប គ្មានឯកសារគល់បញ្ជីនៅក្រសួងអប់រំ យុវជន និងកីឡា តែ ACU ស្រាវជ្រាវដល់ខេត្ត បានរកឃើញបេក្ខជន ២រូបនោះ ពិតជាបានប្រឡងជាប់បាក់ឌុបមែន។ បេក្ខជន ១រូប មិនព្រមចូលមកបំភ្លឺនៅ អ.ប.ព.​តាមការកោះហៅ (នឹងនាំខ្លួនមកស្តាប់ចម្លើយ)។ សញ្ញាបត្របាក់ឌុបបេក្ខជន ១រូប កំពុងបន្តស្រាវជ្រាវ។

ពាក់ព័ន្ធនឹងអត្តសញ្ញាណជនសង្ស័យទាំង​ ៥នាក់​នេះ​ ACU មិនបានបញ្ចេញឱ្យដឹងឡេីយ​។ ប៉ុន្តែបេីយោងតាមរបាយការណ៍ACU កាលពីដើមខែតុលា ឆ្នាំ២០២៦ បានឱ្យដឹងថា​ ពាក់ព័ន្ធករណីក្លែងឯកសាចូលរួមប្រឡងជ្រើសរើសមេធាវីជំនាន់ទី២១ បានរកឃើញបេក្ខជនប្រឡងធ្លាក់បាក់ឌុបឆ្នាំ២០១៩ បានទិញសញ្ញាបត្រក្លែងក្លាយក្នុងតម្លៃ ៧០០ដុល្លារ តាមរយៈគ្រូបង្រៀនម្នាក់​ ហេីយគ្រូបង្រៀនរូបនោះបានសារភាពថា បានស៊ីកម្រៃជើងសារ ៣០-៥០ដុល្លារ/សន្លឹក ហើយបានបញ្ជូនអតិថិជនទៅមេខ្យល់ធំប្រមាណ ៣០នាក់រួចមកហើយ។ បេក្ខជនរូបនេះធ្លាប់ប្រើសញ្ញាបត្រក្លែងនេះដល់ទៅ ១៧ដង។

ទន្ទឹមនេះ​ACU រកឃើញបេក្ខជនប្រឡងធ្លាក់បាក់ឌុបឆ្នាំ២០១៩ម្នាក់ បានទិញសញ្ញាបត្រក្លែងតម្លៃ ៣៥០ដុល្លារ ពីបុគ្គលម្នាក់ដែលស្គាល់គ្នាតាមតូបកាហ្វេ។ ក្រោយការស៊ើបអង្កេត បេក្ខជនបានសារភាព និងលាតត្រដាងថា ជនខិលខូចដែលយកលុយធ្វើសញ្ញាបត្រក្លែងឱ្យខ្លួននោះ មានឪពុកជារដ្ឋលេខាធិការនៅក្រសួងអប់រំ។ ជននេះធ្លាប់យកសញ្ញាបត្រក្លែងប្រើប្រាស់ ៧ដង។
ក្រៅពីនេះACU ក៏បានរកឃើញថា​ អតីតព្រះសង្ឃដែលធ្លាប់ប្រឡងបាក់ឌុបជាបេក្ខជនស្វ័យរិនកាលពីឆ្នាំ២០១០ បានប្រើសញ្ញាបត្រក្លែងក្លាយ ដែលអះអាងថា​ យកពីព្រះសង្ឃមួយអង្គទៀតដោយមិនអស់ប្រាក់។ ជននេះធ្លាប់យកសញ្ញាបត្រក្លែងទៅប្រើប្រាស់ ៤ដងមកហើយ។

ACU​ ក៏បានរកឃើញអំពីភាពមិនប្រក្រតីជាច្រើនលើសញ្ញាបត្របេក្ខជនប្រឡងធ្លាក់បាក់ឌុបឆ្នាំ២០១៤ ម្នាក់ដែលមានឪពុកជាមេធាវីផងដែរ។ ករណីនេះបេក្ខជនរូបនេះបានទម្លាក់កំហុសលើជីតាដែលចែកឋានទៅ ប៉ុន្តែក្រោយការដេញដោល និងទម្លាក់ភស្តុតាងជិត ១ម៉ោង ទើបសារភាពថា ខ្លួនបានជួលអ្នករត់ការជាគ្រូម្នាក់តម្លៃ ១,២០០ដុល្លារ នៅឆ្នាំ២០១៨ ដើម្បីធ្វើសញ្ញាបត្របាក់ឌុបក្លែងក្លាយឆ្នាំ២០១៥។ ទោះបីជាបេក្ខជនរូបនេះបានរត់ទៅដកពាក្យប្រឡងពីគណៈមេធាវីវិញក៏ដោយ ក៏ACU​ មិនអាចរលត់ការទទួលខុសត្រូវព្រហ្មទណ្ឌ៕