ព័ត៌មានជាតិ

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ថ្លែងអំណរគុណចំពោះការគាំទ្ររបស់អាល្លឺម៉ង់ ក្នុងការជំរុញការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ

image

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតជូនលោកស្រី Silke Röfer ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួង។

នៅក្នុងជំនួប លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ និងអបអរសាទរយ៉ាងកក់ក្ដៅចំពោះលោកស្រី Silke Röfer ដែលទទួលបានការតែងតាំងជាឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា ព្រមទាំងបានបញ្ជាក់ពីការផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធ ក្នុងអាណត្តិនៃការបំពេញបេសកកម្មការទូតរបស់លោកជំទាវឯកអគ្គរដ្ឋទូតនៅកម្ពុជា។

ជាការឆ្លើយតប លោកស្រីឯកអគ្គរដ្ឋទូត បានបញ្ជាក់នូវការប្ដេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ និងរឹងមាំបន្ថែមទៀត។

ភាគីទាំងពីរបានសម្ដែងការពេញចិត្តចំពោះទំនាក់ទំនងទ្វេភាគីដ៏យូរអង្វែងនិងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្លានៃប្រទេសទាំងពីរលើវិស័យអាទិភាពសំខាន់ៗរួមមាន ពាណិជ្ជកម្ម ការវិនិយោគ កសិ-ឧស្សាហកម្ម បរិស្ថាន ការអប់រំ ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឧក្រិដ្ឋកម្មឆ្លងដែន និងសកម្មភាពបោសសម្អាតមីន។ល។ ភាគីទាំងពីរ ក៏បានវាយតម្លៃខ្ពស់ចំពោះការផ្លាស់ប្ដូរទស្សនកិច្ចកម្រិតខ្ពស់ ការរៀបចំកិច្ចពិគ្រោះយោបល់រវាងក្រសួងការបរទេស នៃប្រទេសទាំងពីរ និងកិច្ចពិគ្រោះយោបល់អន្តរក្រសួងពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងភាពជាដៃគូសេដ្ឋកិច្ច ។  

លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលអាល្លឺម៉ង់ចំពោះការរួមចំណែកចំពោះការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា ព្រមទាំងអរគុណចំពោះការគាំទ្ររបស់អាល្លឺម៉ង់ ក្នុងការជំរុញការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ។

ឆ្លៀតឱកាសនោះ លោកឧបនាយករដ្ឋមន្រ្តី ក៏បានជម្រាបជូនលោកស្រីឯកអគ្គរដ្ឋទូត អំពីបច្ចុប្បន្នភាពនៃដំណើរការដោះស្រាយព្រំដែនគោក ដោយផ្អែកលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀង ដែលមានស្រាប់ ព្រមទាំងបញ្ហាព្រំដែនសមុទ្ររវាងកម្ពុជា និងថៃ ដោយផ្តោតលើដំណើរការផ្សះផ្សានៃគណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា អ.ស.ប. ស្ដីពីនីតិសមុទ្រ ផងដែរ៕

អត្ថបទ៖ សន ពិសិដ្ឋ រូបភាព៖ ប៉ក់ សុឃីម