សម្តេចធិបតី ហ៊ុន ម៉ាណែត ចោទជាសំណួរថា បងប្អូនប្រជាពលរដ្ឋខ្មែរមានចម្ងល់ដូចខ្ញុំដែរ ឬទេ....?
តាមរយះបណ្តាញសង្គមផ្លូវការនារសៀលថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២៦នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាបានលើកឡើងថា “បងប្អូនប្រជាពលរដ្ឋខ្មែរមានចម្ងល់ដូចខ្ញុំដែរឬទេថា ក្រុមអ្នកនយោបាយខ្មែរនៅក្រៅប្រទេសមួយក្រុម តែងតែចោទរាជរដ្ឋាភិបាលដោយគ្មានភស្តុតាងឬឯកសារ ថារាជរដ្ឋាភិបាលបានធ្វើឱ្យបាត់ដីខ្មែរនៅព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលព្រំដែនលេខ៥២-៥៩ តាមរយៈការបោះបង្គោលព្រំដែនបណ្តោះអាសន្ន និងការដែលថៃធ្វើបងព្រំដែនបេតុងដោយឯកតាភាគី”។
សម្តេចធិបតីបានបន្តថា “គេតែងតែយកព័ត៌មានពីប្រភពដែលផ្សព្វផ្សាយដោយបណ្តាញព័ត៌មានថៃ។ អ្វីដែលជាការចម្លែកនោះ ហើយខុសពីរាល់ដង ប៉ុន្មានថ្ងៃនេះ ដែលព័ត៌មានថៃបានផ្សាយជាសាធារណៈថា ការធ្វើរបងបេតុងជាឯកតភាគីរបស់ថៃនៅចន្លោះបង្គោលព្រំដែនលេខ ៥២-៥៩ បានធ្វើឱ្យប្រជាពលរដ្ឋថៃចំនួន ៦៦គ្រួសារ ដែលធ្លាប់ធ្វើចម្ការចំនួន ៨៦៣រ៉ៃ (ស្មើ ១៣៨ ហិកតា) ចូលមកខាងកម្ពុជា មិនអាចបន្តធ្វើបានទៀតនោះទេ បែរជាក្រុមអ្នកនយោបាយខ្មែរក្រៅប្រទេសមួយក្រុមនេះស្ងាត់ឱ្យជ្រាបដូចចោរលួចសេះទៅវិញ”។
សម្តេចធិបតីក៏បានបន្តថា “តើខួរក្បាលរបស់ក្រុមអ្នកនយោបាយខ្មែរនេះ មានតែមួយគត់ គឺចោទថារដ្ឋាភិបាលខ្មែរធ្វើអោយបាត់ដី (ទោះជាពួកគេ គ្មានឯកសារឬភស្តុតាងអ្វីច្បាស់លាស់ក៏ដោយ) ហើយអ្វីខុសពីហ្នឹង ទោះជាការពិត មានភស្តុតាង និងឯកសារបញ្ជាក់ច្បាស់យ៉ាងណា គឺពួកគេមិនទទួលស្គាល់ និងមិនហ៊ាននិយាយទេ?”៕
អត្ថបទ៖ ហ៊ន សុភ័ក្រ
រូបផេកផ្លូវការសម្តេចធិបតី