ព័ត៌មានជាតិ

អ្នកឧកញ៉ា គិត ម៉េង ជំរុញឱ្យធុរជនកម្ពុជា ចាប់យកឱកាសពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដើម្បីពង្រីកទំនាក់ទំនងធុរកិច្ច ស្វែងរកដៃគូវិនិយោគ និងបើកច្រកទីផ្សារថ្មី ជាពិសេសនៅតំបន់អាហ្វ្រិក និងអាស៊ីកណ្តាល

image

ភ្នំពេញ៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានជំរុញឱ្យម្ចាស់ក្រុមហ៊ុន និងពាណិជ្ជករកម្ពុជា ចាប់យកឱកាសពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ និងវេទិកាសហគ្រិនហ្វ្រង់កូហ្វូនឆ្នាំ២០២៦ ដើម្បីពង្រីកទំនាក់ទំនងធុរកិច្ច ស្វែងរកដៃគូវិនិយោគ និងបើកទីផ្សារនាំចេញថ្មី ជាពិសេសនៅតំបន់អាហ្វ្រិក និងអាស៊ីកណ្តាល។

ការជំរុញនេះធ្វើឡើងក្នុងកិច្ចប្រជុំត្រៀមលក្ខណៈរៀបចំវេទិកាសហគ្រិនហ្វ្រង់កូហ្វូនឆ្នាំ២០២៦ ដែលអ្នកឧកញ៉ា គិត ម៉េង បានដឹកនាំកាលពីព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ដោយមានការចូលរួមពីអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា សមាជិកសភាពាណិជ្ជកម្មកម្ពុជា និងភាគីពាក់ព័ន្ធ។

អ្នកឧកញ៉ា គិត ម៉េង បានលើកឡើងថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅពាក់កណ្តាលខែវិច្ឆិកាខាងមុខ ដោយមានការចូលរួមពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងតំណាងប្រទេសសមាជិកនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ព្រមទាំងធុរជនមកពីបណ្តាប្រទេសនិយាយភាសាបារាំងជាច្រើននៅជុំវិញពិភពលោក។

តាមរយៈព្រឹត្តិការណ៍អន្តរជាតិដ៏សំខាន់នេះ កម្ពុជាមានឱកាសពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយប្រទេសជាដៃគូថ្មីៗ ខណៈធុរជនកម្ពុជាអាចប្រើប្រាស់វេទិកានេះ ដើម្បីស្វែងរកដៃគូអាជីវកម្ម ស្វែងយល់ពីតម្រូវការទីផ្សារ និងបង្កើតទំនាក់ទំនងជាមួយអ្នកវិនិយោគអន្តរជាតិ។

អ្នកឧកញ៉ា បានចាត់ទុកតំបន់អាហ្វ្រិកថា ជាទីផ្សារដែលមានសក្តានុពលសម្រាប់ការពង្រីកពាណិជ្ជកម្មរបស់កម្ពុជា និងជាទិសដៅដែលធុរជនគួរយកចិត្តទុកដាក់បន្ថែម។ ការពង្រីកទំនាក់ទំនងទៅកាន់ទីផ្សារថ្មីៗទាំងនេះ អាចជួយបង្កើនជម្រើសសម្រាប់ការនាំចេញផលិតផលកម្ពុជា និងកាត់បន្ថយការពឹងផ្អែកខ្លាំងលើទីផ្សារមួយចំនួនដែលមានស្រាប់។

ទន្ទឹមនឹងនេះ អ្នកឧកញ៉ា ក៏បានលើកឡើងពីសក្តានុពលនៃទីផ្សារអាស៊ីកណ្តាល ដោយរំលឹកពីដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ទៅកាន់ប្រទេសអាស៊ែបៃហ្សង់ តួកគីយ៉េ និងកាហ្សាក់ស្ថាន ដែលអ្នកឧកញ៉ា បានចូលរួមដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អមដំណើរនាពេលថ្មីៗនេះ។

អ្នកឧកញ៉ា គិត ម៉េង បានចាត់ទុកប្រទេសក្នុងតំបន់នេះថា ជាដៃគូដែលមានសក្តានុពលសម្រាប់ការពង្រីកពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដោយសារទីតាំងភូមិសាស្ត្ររបស់តំបន់នេះមានសក្តានុពល និងអាចផ្តល់ឱកាសដល់ការតភ្ជាប់ទីផ្សារផ្សេងៗ។ ការពង្រឹងទំនាក់ទំនងជាមួយប្រទេសទាំងនេះ ក៏ស្របនឹងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការធ្វើពិពិធកម្មទីផ្សារនាំចេញរបស់កម្ពុជា បន្ថែមពីលើទីផ្សារសំខាន់ៗដែលមានស្រាប់ ដូចជា អាស៊ាន អាស៊ី សហរដ្ឋអាមេរិក និងអឺរ៉ុប។

អ្នកឧកញ៉ាបានបញ្ជាក់ថា សភាពាណិជ្ជកម្មកម្ពុជា មានកិច្ចសហប្រតិបត្តិការជាមួយសភាពាណិជ្ជកម្ម និងឧស្សាហកម្មនៃប្រទេសជាដៃគូ ដែលអាចជួយសម្រួលដល់ការតភ្ជាប់ធុរជន ការស្វែងរកដៃគូពាណិជ្ជកម្ម និងការបង្កើតឱកាសវិនិយោគរវាងកម្ពុជា និងប្រទេសទាំងនោះ។

ដើម្បីទាញយកប្រយោជន៍ពីឱកាសនេះ អ្នកឧកញ៉ា គិត ម៉េង បានលើកទឹកចិត្តឱ្យម្ចាស់ក្រុមហ៊ុន និងពាណិជ្ជករកម្ពុជា ចូលរួមវេទិកាសហគ្រិនហ្វ្រង់កូហ្វូនឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦។ វេទិកានេះត្រូវបានរៀបចំឡើងដោយសហការរវាងសភាពាណិជ្ជកម្មកម្ពុជា និងសម្ព័ន្ធនិយោជកនិយាយភាសាបារាំង (APF) ហើយត្រូវបានចាត់ទុកថាជាព្រឹត្តិការណ៍ដំបូងបង្អស់នៅអាស៊ីអាគ្នេយ៍។

វេទិកាសហគ្រិនហ្វ្រង់កូហ្វូនឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅក្រោមមូលបទ «នវានុវត្តន៍៖ កត្តាជំរុញសម្រាប់សហគមន៍ហ្វ្រង់កូហ្វូនីប្រកបដោយចីរភាព និងសមាហរណកម្ម» ដោយផ្តោតលើការជំរុញនវានុវត្តន៍ ការពង្រឹងកិច្ចសហប្រតិបត្តិការ និងការបង្កើតឱកាសថ្មីៗសម្រាប់សហគមន៍ធុរកិច្ចដែលប្រើប្រាស់ភាសាបារាំង។

ក្រៅពីកិច្ចពិភាក្សាធុរកិច្ច វេទិកានេះក៏នឹងមានកម្មវិធីជួបជុំបង្កើតបណ្តាញទំនាក់ទំនង (Networking Cocktails) និងកម្មវិធីផ្គូផ្គងអាជីវកម្ម ដែលអាចជួយឱ្យធុរជនកម្ពុជាជួបពិភាក្សាដោយផ្ទាល់ជាមួយដៃគូអន្តរជាតិ ស្វែងយល់ពីតម្រូវការទីផ្សារ និងស្វែងរកលទ្ធភាពសហការលើគម្រោងពាណិជ្ជកម្ម និងវិនិយោគ។

វេទិកាសហគ្រិនហ្វ្រង់កូហ្វូន ឆ្នាំ២០២៦ ទទួលបានកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង នឹងអញ្ជើញជាគណៈអធិបតី និងថ្លែងសុន្ទរកថាបើកវេទិកានេះ។

គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ គ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ និងទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមមូលបទ «រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង»។ កិច្ចប្រជុំនេះ ត្រូវបានរំពឹងថា នឹងប្រមូលផ្តុំមេដឹកនាំរដ្ឋ និងរដ្ឋាភិបាល ជាច្រើនមកពីជុំវិញពិភពលោក ដោយផ្តល់ឱកាសឱ្យកម្ពុជាពង្រឹងទំនាក់ទំនងការទូត ជំរុញភាពជាដៃគូសេដ្ឋកិច្ច និងពង្រីកកិច្ចសហប្រតិបត្តិការពហុភាគី។

ការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍នេះ ក៏ជាឱកាសសម្រាប់កម្ពុជាក្នុងការលើកកម្ពស់តួនាទីជាស្ពានតភ្ជាប់សហគមន៍ប្រើប្រាស់ភាសាបារាំងជាមួយតំបន់អាស៊ីប៉ាស៊ីហ្វិក ព្រមទាំងបង្ហាញសក្តានុពលសេដ្ឋកិច្ច និងឱកាសធុរកិច្ចរបស់កម្ពុជាទៅកាន់សហគមន៍អន្តរជាតិផងដែរ៕

អត្ថបទ៖ សៀម ប៊ុនធី រូបភាព៖ លឹម មុន និងអ៊ុន ផាន់ណាត់