ព័ត៌មានជាតិ

សម្ដេចតេជោ ពេញចិត្ដចំពោះមិត្ដភាពកម្ពុជា-ជប៉ុន ពិសេសមិនអាចខ្វះបានឡើយ នូវទំនាក់ទំនងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ

image

ភ្នំពេញ ៖ នារសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បាន អនុញ្ញាតឱ្យ លោក អ៉ិស៊ិហ្សឹគិ ហ៊ិដិអុ (ISHIZUKI Hideo) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា រាជធានីភំ្នពេញ។

យោងតាម លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ហើយសម្ដេចសង្ឃឹមយ៉ាងមុតមាំថា ក្នុងបេសកកម្មការងាររបស់លោកនៅក្នុងប្រទេសកម្ពុជា ជាឯកអគ្គរាជទូត នឹងពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងជប៉ុនឱ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត។

នៅក្នុងឱកាសនោះ លោកឯកអគ្គរាជទូតជប៉ុនបានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោដែលបានអនុញ្ញាតឱ្យលោក និងសហការីបានជួបសម្ដែងការគួរសមក្នុងឱកាសនេះ។ លោកបានសរសើរពីភាពជាអ្នកដឹកនាំរបស់សម្ដេចតេជោដែលដឹកនាំប្រទេសកម្ពុជាឱ្យរីកចម្រើនមកដល់ពេលបច្ចុប្បន្ននេះ។

លោក ក៏បានរំលេចផងដែរថា ប្រទេសកម្ពុជា និងជប៉ុន គឺជាមិត្តដ៏ល្អជាមួយគ្នា ហើយនៅក្នុងអាណត្តិការងាររបស់លោក ជាឯកអគ្គរាជទូតរបស់ជប៉ុនប្រចាំនៅកម្ពុជា លោកបានប្ដេជ្ញាចិត្តថានឹងខិតខំប្រឹងប្រែងក្នុងការពង្រីកនូវទំនាក់ទំនងរវាងកម្ពុជា និងជប៉ុនឱ្យកាន់តែរីកចម្រើន។ ទន្ទឹមនឹងនេះ លោកក៏បានលើកឡើងនូវកិច្ចសហប្រតិបត្តិការមួយចំនួនដែលប្រទេសទាំងពីរគប្បីត្រូវធ្វើបន្ថែមគឺទាក់ទងទៅនឹងកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគជាដើម ហើយសំខាន់ថែមទៀតនោះ គឺការតភ្ជាប់រវាងប្រជាជន និងប្រជាជន។

សម្ដេចតេជោបានសម្ដែងនូវការពេញចិត្តនូវការលើកឡើងរបស់ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ដែលបានពិពណ៌នាអំពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងជប៉ុន ដែលមានមកជាមួយគ្នា។ សម្ដេចបានលើកឡើងថា ពេលនេះប្រទេសទាំងពីរគឺជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលបានពូនជ្រុំនាពេលកន្លង មកតាំងពីសម្ដេចនៅជានាយករដ្ឋមន្ត្រី ហើយបន្តដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅពេលបច្ចុប្បន្ន។

សម្ដេច ពិតជាពេញចិត្តយ៉ាងខ្លាំងចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ សម្ដេចបន្ថែមថាទំនាក់ទំនងស្នូលរវាងកម្ពុជានិងជប៉ុន គឺមិនអាចខ្វះបានឡើយ នូវទំនាក់ទំនងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ដែលត្រូវដើរទន្ទឹមគ្នា។ ទាក់ទងទៅនឹងទំនាក់ទំនងនយោបាយរវាងកម្ពុជា និងជប៉ុន សម្ដេចតេជោក៏បានអរគុណចំពោះជប៉ុនដែលបានចូលរួមចំណែកជួយដល់ការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជា នាពេលកន្លងមក៕

អត្ថបទ ៖ ឈឹម ធីតា
រូបភាព ៖ ង៉ាន់ សំណាង