ព័ត៌មានជាតិ

ប្រធានាធិបតីបារាំង នឹងមកជួបពិភាក្សាការងារជាមួយសម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី

image

ភ្នំពេញ៖ នារសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក៏បានបន្តអនុញ្ញាតឱ្យលោក អូលីវែរ រីឆាត (Olivier RICHARD) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាវិមានសាមគ្គីភាព នៃព្រឹទ្ធសភា រាជធានីភំ្នពេញ។

យោងតាម លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវក្តីរីករាយ និងស្វាគមន៍ចំពោះ លោកឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជាក្នុងជំនួបសម្ដែងការគួរសមនាពេលនេះ។ សម្ដេចក៏បានលើកឡើងអំពីទំនាក់ទំនងរវាងកម្ពុជា និងបារាំងនាពេលបច្ចុប្បន្ន ដែលកំពុងតែមានភាពស្អិតរមួតជាមួយគ្នា។
នៅក្នុងឱកាសនោះ លោកបានជម្រាបជូនសម្ដេចតេជោអំពីគោលបំណងនៃការជួបជាមួយនឹងសម្ដេចតេជោនៅពេលនេះ គឺដើម្បីពិភាក្សាអំពីការត្រៀមរៀបចំនៃដំណើរទស្សនកិច្ចរបស់លោក អេម៉ានូអែល ម៉ាក្រុង ប្រធានាធិបតីបារាំងមកកាន់ប្រទេសកម្ពុជានៅពេលខាងមុខ នៅក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ។

លោកក៏បានពិភាក្សា និងស្នើទៅកាន់សម្ដេចតេជោទាក់ទងនឹងគម្រោងរបស់ប្រធានាធិបតីបារាំង ដែលនឹងត្រូវជួបសន្ទនាជាមួយសម្ដេចផងដែរ។
សម្ដេចតេជោបានសម្ដែងនូវការឯកភាពចំពោះការលើកឡើង ជាពិសេសគឺការត្រៀមលក្ខណៈនៅក្នុងការជួបពិភាក្សារវាងសម្ដេច ជាមួយនឹងលោកប្រធានាធិបតីបារាំងនាពេលខាងមុខ។ សម្ដេចក៏ត្រៀមនៅក្នុងការជជែកទៅលើចំណុចសំខាន់ៗទាក់ទងទៅនឹងទំនាក់ទំនងទ្វេភាគី និងបញ្ហាពាក់ព័ន្ធមួយចំនួនទៀត។

សម្ដេចតេជោ និងលោកឯកអគ្គរដ្ឋទូតបារាំង ក៏បានលើកឡើងដោយចង់បន្ថែមនូវកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងបារាំងទៅលើវិស័យសុខាភិបាល និងអាកាសចរស៊ីវិលបន្ថែមទៀត។ សម្ដេចតេជោបានពេញចិត្តនៅក្នុងការពង្រឹងនូវកិច្ចការនេះជាមួយនឹងបារាំង ដើម្បីធ្វើយ៉ាងណាឱ្យកាន់តែល្អប្រសើរនៅក្នុងវិស័យសុខាភិបាលក្នុងប្រទេសកម្ពុជា៕
អត្ថបទ ៖ឈឹម ធីតា រូបភាព ៖ង៉ាន់ សំណាង