សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូបង្គោល និងថ្នាក់ដឹកនាំ នៃសាលារៀនចំនួន ១៦០សាលា ស្វែងរកវិធីសាស្ត្របន្ថែមក្នុងការជំរុញការអប់រំ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាបានជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូបង្គោល និងនាយក នាយិកា នៃសាលារៀនចំនួន ១៦០សាលា ដែលជាសាលារៀនគោលដៅរបស់គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ (ហៅកាត់ថា គ.វ.អ.) នៅរាជធានីភ្នំពេញ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦នេះ។
គោលបំណង នៃជំនួបថ្ងៃនេះ គឺដើម្បីចុះស្តាប់ដោយផ្ទាល់អំពីវឌ្ឍនភាព ការងារ លទ្ធផលសម្រេចបាន និងបញ្ហាប្រឈមក្នុងការអនុវត្តកម្មវិធីសិក្សាថែមម៉ោង ព្រមទាំងធ្វើការវាយតម្លៃលើការអនុវត្តរបស់សាលាគោលដៅដែលបានអនុវត្តកន្លងមក ជាពិសេសស្វែងរកវិធីសាស្ត្របន្ថែមក្នុងការជំរុញការអប់រំនៅកម្រិតមូលដ្ឋានដើម្បីឈានទៅអាចអនុវត្តស្តង់ដា នៃការបណ្តុះបណ្តាល និងគុណភាពការអប់រំកាន់តែល្អប្រសើរ ដោយឈរលើការផ្តល់ការអប់រំដល់សិស្សប្រកបដោយគុណភាព ឥរិយាបថល្អ សីលធម៌ និងការទទួលខុសត្រូវ ឱ្យបានគ្រប់សាលារៀននៅទូទាំងប្រទេស។
សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានបង្កើត គណៈកម្មាធិការជាតិ ជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ ដែលហៅកាត់ថា (គ.វ.អ.)។ គណៈកម្មាធិការ ជាតិនេះ មានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រធាន។ គណៈកម្មាធិការនេះ ត្រូវបានបង្កើតឡើង ក្នុងគោលបំណងលើកកម្ពស់គុណភាពអប់រំ តាមរយៈការពង្រឹង គុណភាពសាលា រដ្ឋចាប់ពីថ្នាក់មត្តេយ្យដល់មធ្យមសិក្សា ដើម្បីផលិតមូលធនមនុស្ស ប្រកបដោយចំណេះដឹង និងជំនាញ សីលធម៌ល្អ ឥរិយាបថល្អ និងសមត្ថភាព បំពេញការងារខ្ពស់ ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់សង្គមសេដ្ឋកិច្ច និងទីផ្សារការងារ ជាពិសេសការពិនិត្យកែលម្អកម្មវិធីសិក្សា ការរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របតាមតម្រូវការ ក្នុងពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថសិស្ស ការយកចិត្តទុកដាក់លើសុខភាពសិស្សតាមរយៈកម្មវិធីអាហារូបត្ថម្ភ ដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន និងការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អាណាព្យាបាល និងសហគមន៍ក្នុងការអប់រំ៕
អត្ថបទ៖ ហ៊ន សុភ័ក្រ