សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ថ្ងៃនេះ គឺគម្រប់ខួប ១ឆ្នាំ នៃសេចក្តីថ្លែងការរួម ទីក្រុងកូឡាឡាំពួរ រវាងកម្ពុជា និងថៃ
តាមរយះសំណេរតាមបណ្តាញសង្គមផ្លូវការ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកឡើងនៅរសៀលថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២៦នេះថា “ថ្ងៃនេះគឺគម្រប់ខួប ១ឆ្នាំ នៃសេចក្តីថ្លែងការរួម ទីក្រុងកូឡាឡាំពួរ រវាងកម្ពុជានិងថៃ (ឬហៅថា កិច្ចព្រមព្រៀងសន្តិភាព ទីក្រុងកូឡាឡាំពួរ) ២៦ តុលា ២០២៥ - ២៦ តុលា ២០២៦”។
ក្នុងឱកាសនេះសម្តេចធិបតី ក៏បានបន្តថា”កម្ពុជានៅតែគោរពស្មារតី នៃសេចក្តីថ្លែងការរួម ទីក្រុងកូឡាឡាំពួរ និងសូមបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់យើងក្នុងការដោះស្រាយបញ្ហាទំនាស់ព្រំដែន និងខណ្ឌសីមាព្រំដែនតាមសន្តិវិធី និងច្បាប់អន្តរជាតិ ដោយចៀសវាងការគំរាមកំហែងប្រើប្រាស់ ឬការប្រើប្រាស់កម្លាំង ហើយទទួលស្គាល់ថា គណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ គណៈកម្មាធិការព្រំដែនទូទៅ និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) គឺជាយន្តការទ្វេភាគីដែលមានអាណត្តិការងាររៀងៗខ្លួនសម្រាប់ធ្វើការដោះស្រាយបញ្ហាពាក់ព័ន្ធនឹងព្រំដែនតាមសន្តិវិធីៗ៕
ក្នុងឱកាសនេះ សម្តេចធិបតីបានបញ្ជាក់ថា “ដើម្បីធ្វើការថ្លែង នូវអំណរគុណសារជាថ្មី ចំពោះឯកឧត្តមប្រធានាធិបតី Donald Trump និងឯកឧត្តមនាយករដ្ឋមន្ត្រី Anwar Ibrahim ដែលបានចូលរួមយ៉ាងសកម្ម និងលើកទឹកចិត្តជំរុញឱ្យមានកិច្ចព្រមព្រៀងនេះឡើង ក៏ដូចជាបន្តគាំទ្រដល់ដំណើរការស្វែងរកដំណោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជានិងថៃ ដោយសន្តិវិធី ដើម្បីឈានទៅរកសន្តិភាពមួយដែលមានចីរភាព”៕
អត្ថបទ៖ ហ៊ន សុភ័ក្រ