ព័ត៌មានជាតិ

មន្ទីរពេទ្យគន្ធបុប្ផាសៀមរាប ទទួលយកមិនបានចំពោះម្ចាស់ TikTok ឈ្មោះ Mommynest ដែលបានជេរប្រមាថ ចោទប្រកាន់ និងបរិហារកេរ្តិ៍ មកលើក្រុមគ្រូពេទ្យ

image

ភ្នំពេញ៖ មន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាសៀមរាប) បានចេញសេចក្តីប្រកាស ដោយមិនអាចទទួលយកបាននូវពាក្យសំដី របស់ ម្ចាស់ TikTok ឈ្មោះ Mommynest ដែលបានជេរប្រមាថ ចោទប្រកាន់ និងបរិហារកេរ្តិ៍ មកលើក្រុមគ្រូពេទ្យប្រចាំការវេនយប់ កាលពីថ្ងៃអាទិត្យ ទី១៨ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១១៖៤០យប់​ ថា​ឃាតករលាក់មុខ​ និងបានបង្ហោះវីដេអូ បង្ហូចកេរ្តិ៍ឈ្មោះមន្ទីរពេទ្យគន្ធបុប្ផា ជាសាធារណៈ។

តាមសេចក្តីប្រកាសរបស់មន្ទីរពេទ្យ​ បានបញ្ជាក់ថា «ដោយលោកស្រីមានចេតនាចាប់កំហុសគ្រូពេទ្យយើងខ្ញុំដែលកំពុងពិនិត្យព្យាបាលជាមួយក្រុមគ្រួសារអ្នកជំងឺផ្សេងៗទៀត ដោយគ្មានការពាក់ព័ន្ធនឹងករណីកូនរបស់លោកស្រីឡើយ។ មិនត្រឹមតែប៉ុណ្ណោះក្រុមគ្រូពេទ្យ បានទទួលពិនិត្យព្យាបាលកូនរបស់លោកស្រី តាមបច្ចេកទេសត្រឹមត្រូវ ដោយបានបើកថ្នាំ និងពន្យល់ពីការប្រើប្រាស់ ហើយបានត្ត្រល់ទៅផ្ទះវិញនៅយប់នោះ។ ដោយឡែកគ្រួសារអ្នកជំងឺផ្សេងៗទៀតដែលបានពិនិត្យជំងឺមកក្នុងពេលតែមួយ ពួកគាត់មិនមានអ្វីដែលមិនពេញចិត្តចំពោះពួកយើងខ្ញុំឡើយ។ ផ្ទុយទៅវិញ គេមានតែការសប្បាយចិត្តដែលបានទទួលការពិនិត្យ
ព្យាបាលប្រកបដោយវិជ្ជាជីវៈត្រឹមត្រូវដល់កូនរបស់ពួកគាត់។

មន្ទីរពេទ្យជ័យវរ្ម័នទី៧(គន្ធបុប្ផាសៀមរាប) តម្រូវឲ្យលោកស្រីម្ចាស់ TikTok Mommynest រូបនេះ សុំទោសដល់មន្ទីរពេទ្យ ដែលប្រជាពលរដ្ឋទូទាំងប្រទេសឲ្យតម្លៃខ្ពស់បំផុត នៅចំពោះមុខសាធារណៈ និងលុបវីដេអូដែលបានបរិហារកេរ្តិ៍គ្រូពេទ្យម្នាក់របស់មន្ទីរពេទ្យដែលនាំឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះមន្ទីរពេទ្យទាំងមូល»។
នៅព្រឹកថ្ងៃ២៦ ខែតុលា ឆ្នាំ២០២៦​ ក្រោយមន្ទីរពេទ្យជ័យវរ្ម័នទី៧ ចេញសេចក្តីប្រកាស ម្ចាស់ TikTok ឈ្មោះ Mommynest ក៏បានសុំទោសជាដល់មន្ទីរពេទ្យរួចរាល់។

សូមជម្រាបថានៅមន្ទីរពេទ្យសាធារណៈទូទាំងប្រទេស រួមទាំងមន្ទីរពេទ្យជ័យវរ្ម័នទី៧ គឺមានប្រអប់ស្ទង់មតិ និង QR Code សម្រាប់ស្កែន ស្តីពីការពេញចិត្តរបស់អ្នកជំងឺ/ក្រុមគ្រួសារអ្នកជំងឺ និងអតិថិជន ដើម្បីទទួលយកនូវមតិរិះគន់ដើម្បីស្ថាបនាពីសាធារណៈជន នូវចំនុចខ្វះខាត របស់មន្ទីរពេទ្យ៕