ក្រុមយុវជនកម្ពុជា នឹងរៀបចំព្រឹត្តិការណ៍ «ដើរឡើងភ្នំបូកគោ ដើម្បីសុខភាពកុមារ» នៅថ្ងៃទី២០ ខែវិច្ឆិកា ដើម្បីរៃអង្គាសថវិកាជួយមន្ទីរពេទ្យកុមារអង្គរ និងបំផុសចលនាទេសចរ
ភ្នំពេញ៖ ក្រុមយុវជនកម្ពុជា ជាង ១០០នាក់ នឹងរៀបចំព្រឹត្តិការណ៍ក «ដើរឡើងភ្នំបូកគោ ដើម្បីសុខភាពកុមារ» ចម្ងាយ ៣១គីឡូម៉ែត្រ នៅភ្នំបូកគោ ខេត្តកំពត ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦ ដេីម្បីរៃអង្គាសថវិកាគាំទ្រដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ឱ្យបន្តផ្តល់សេវាព្យាបាលជំងឺដល់កុមារកម្ពុជាដោយឥតគិតថ្លៃ។ ម្យ៉ាងវិញទៀត ព្រឹត្តិការណ៍នេះ ក៏ដេីម្បីផ្សារភ្ជាប់ការបំផុសចលនាទេសចរនៅកម្ពុជា ក៏ដូចជាជំរុញជំនួបធុរកិច្ច ផងដែរ។
លោក រស់ សាត អ្នករៀបចំព្រឹត្តិការណ៍នេះ បានឱ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានស្តីពីយុទ្ធនាការ «តោះ! រត់ និងដើរឡើងភ្នំបូកគោ ដើម្បីសុខភាពកុមារខួប៦ឆ្នាំ» នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ ថា ព្រឹត្តិការណ៍នេះ ដោយមានកិច្ចសហការជាមួយដៃគូជាស្ថាប័នឯកជននានា និងការគាំទ្រពីស្ថាប័នរដ្ឋ រួមមាន មន្ទីរទេសចរណ៍ និងរដ្ឋបាលខេត្តកំពត ដេីម្បីរួមចំណែកលើកកម្ពស់សុខុមាលភាពកុមារ ព្រមទាំងជំរុញការធ្វើលំហាត់ប្រាណ និងការចូលរួមសកម្មភាពមនុស្សធម៌ក្នុងសង្គម តាមរយៈរៃអង្គាសថវិកាជូនដល់កុមារកម្ពុជារាប់សិបម៉ឺននាក់ ដែលត្រូវការការព្យាបាល និងសេវាសង្គ្រោះបន្ទាន់។ ក្នុងចំណោមស្ថាប័នសុខាភិបាលដែលបំពេញបេសកកម្មនេះ មន្ទីរពេទ្យកុមារអង្គរ គឺជាមន្ទីរពេទ្យដ៏សំខាន់មួយ ដែលបាននិងកំពុងផ្តល់សេវាថែទាំសុខភាព និងព្យាបាលជំងឺដល់កុមារ និងទារកកម្ពុជាដោយឥតគិតថ្លៃ។
លោក រស់ សាត បានបន្តថា ព្រឹត្តិការណ៍ «ដើរឡើងភ្នំបូកគោ ដើម្បីសុខភាពកុមារ» ក៏មានគោលបំណងបំផុសស្មារតីប្រជាពលរដ្ឋឱ្យយកចិត្តទុកដាក់លើការហាត់ប្រាណ និងសុខភាព ព្រមទាំងបង្កើនការចូលរួមក្នុងសកម្មភាពសង្គម និងការងារមនុស្សធម៌ ការជួបជុំគ្រួសារ មិត្តភក្តិ និងបង្កើតទំនាក់ទំនងថ្មីៗ ពង្រីកបណ្តាញសង្គម និងធុរកិច្ច ផ្សព្វផ្សាយសក្តានុពលទេសចរណ៍ក្នុងស្រុក ជាពិសេសតំបន់ភ្នំបូកគោ ខេត្តកំពត ដែលជាគោលដៅទេសចរណ៍ដ៏មានសក្តានុពលមួយរបស់កម្ពុជា ខណៈរាជរដ្ឋាភិបាល បាននិងកំពុងដាក់ចេញគោលនយោបាយ និងយុទ្ធសាស្ត្រតភ្ជាប់បណ្តាញទេសចរណ៍រវាងវិស័យសាធារណៈ និងឯកជន ដើម្បីបង្កើនលំហូរភ្ញៀវទេសចរ និងពង្រីកឱកាសធុរកិច្ច និងការវិនិយោគទេសចរណ៍ក្នុងស្រុក និងអន្តរជាតិ។
លោក រស់ សាត បានចាត់ទុកការចូលរួមពីសំណាក់សប្បុរសជន ដៃគូសហការ និងអ្នកស្រឡាញ់សកម្មភាពកីឡា នឹងជួយជំរុញឱ្យកម្មវិធីសម្រេចបាននូវគោលដៅមនុស្សធម៌ និងរួមចំណែកលើកកម្ពស់សុខភាពកុមារ ព្រមទាំងពង្រឹងស្មារតីសាមគ្គីភាព និងការចូលរួមដោះស្រាយបញ្ហាសង្គមនៅកម្ពុជា ដោយសង្ឈឹមថា នឹងកៀរគរថវិកាពីសប្បុរសជនឱ្យបានយ៉ាងហោចណាស់ ១ម៉ឺនដុល្លារ ដើម្បីយកទៅឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ដែលកំពុងផ្តល់ក្តីសង្ឃឹម និងឱកាសរស់រានមានជីវិតដល់កុមារ ដែលកំពុងសម្រាកព្យាបាល។
បើតាមការបញ្ជាក់បន្ថែមរបស់ លោក អ៊ីវ គឹមសួរ ស្ថាបនិកគម្រោងរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរ បានឱ្យដឹងថា ព្រឹត្តិការណ៍នេះ មិនត្រឹមតែជាផ្នែកមួយនៃការរៃអង្គាសថវិកាជួយសង្រ្គោះជីវិតកុមារប៉ុណ្ណោះទេ តែក៏ជាផ្នែកមួយជួយបំផុសចលនាទេសចរក្នុងស្រុក, ជំរុញជំនួបធុរកិច្ច ដោយសារអ្នកចូលរួមក៏មានអ្នកជំនួញពីគ្រប់វិស័យ, និងទេសចរណ៍កីឡា ដើម្បីសុខភាព ផងដែរ។
ជាមួយគ្នានេះ ឧកញ៉ា ស៊ៀត មុំសុភា អនុប្រធានសមាគមទេសចរណ៍កម្ពុជា បានបង្ហាញពីការគាំទ្រចំពោះកម្មវិធីមនុស្សធម៌ «ដើរឡើងភ្នំបូកគោ ដើម្បីសុខភាពកុមារ» ព្រោះកម្មវិធីនេះមិនត្រឹមតែជួយដល់កុមារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានជួយដល់អ្នកចូលរួមការហាត់ប្រាណ និងសុខភាព ព្រមទាំងបង្កើនការចូលរួមក្នុងសកម្មភាពសង្គម និងការងារមនុស្សធម៌។
សូមបញ្ជាក់ថា នេះជាឆ្នាំទី៦ ដែលក្រុមយុវជនកម្ពុជារៀបចំព្រឹត្តិការណ៍រៃអង្គាសថវិកា ដើម្បីយកទៅជួយឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរនៅខេត្តសៀមរាប ដែលមានបេសកកម្មជួយពិនិត្យ និងព្យាបាលកុមារកម្ពុជា ដោយឥតគិតថ្លៃ។ មន្ទីរពេទ្យកុមារអង្គរ ត្រូវការថវិកាប្រមាណ ៦លានដុល្លារ ក្នុងមួយឆ្នាំ ដើម្បីទ្រទ្រង់ប្រតិបត្តិការ និងបន្តផ្តល់សេវាព្យាបាលជំងឺដល់កុមារដែលមកពីតំបន់នានាទូទាំងប្រទេស។ ថវិកាទាំងនេះពឹងផ្អែកជាចម្បងលើជំនួយពីសប្បុរសជនទាំងក្នុង និងក្រៅប្រទេស៕