សមាគមសិល្បករខ្មែរ ដឹកនាំសិល្បករជិត ៥០រូប ទស្សនាខ្សែភាពយន្តឯកសារ «LOOT» ដើម្បីស្វែងយល់ពីការជួញដូររតនវត្ថុបុរាណខ្មែរ
ភ្នំពេញ៖ នារសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ សមាគមសិល្បករខ្មែរ បានដឹកនាំសិល្បករខ្មែរជិត ៥០រូប ទស្សនាខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ដើម្បីស្វែងយល់ពីឫសគល់នៃការជួញដូររតនវត្ថុបុរាណខ្មែរទៅកាន់ទីផ្សារងងឹតពិភពលោក និងកិច្ចខិតខំប្រឹងប្រែងទាមទារយកវត្ថុទាំងនោះត្រឡប់មកវិញ។
ដើម្បីស្វែងយល់ពីដំណើរប្រវត្តិសាស្ត្រ ការបំផ្លិចបំផ្លាញប្រាសាទបុរាណ និងការបាត់បង់វត្ថុបុរាណ ជាពិសេសឫសគល់នៃការជួញដូររតនវត្ថុបុរាណខ្មែរទៅកាន់ទីផ្សារងងឹតពិភពលោក អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរជិត ៥០រូប ចូលទស្សនាខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ «LOOT» ដែលលាតត្រដាងពីបណ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរដោយខុសច្បាប់នៅលើឆាកអន្តរជាតិ។
ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ជាស្នាដៃផលិតរបស់ក្រុមហ៊ុន New Theory Pictures ដឹកនាំរឿងដោយលោក Don Millar ដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រុមការងារបច្ចេកទេស និងផលិតករខ្មែរក្នុងស្រុក។ ក្រុមហ៊ុន AMS (Apsara Media Services) បានសហការនាំយកខ្សែភាពយន្តនេះមកចាក់បញ្ចាំងជាផ្លូវការនៅតាមរោងភាពយន្តទំនើបៗក្នុងប្រទេសកម្ពុជា ចាប់តាំងពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦។
ខ្សែភាពយន្តឯកសាររយៈពេល ៨៧នាទីនេះ បង្ហាញពីការពិតដ៏រន្ធត់នៃអតីតកាល ដែលបណ្តាញឧក្រិដ្ឋជនបានកេងប្រវ័ញ្ច និងប្រើប្រាស់មធ្យោបាយផ្សេងៗ ដើម្បីរៀបចំផែនការលួចប្លន់រតនវត្ថុបុរាណពីប្រាសាទនានាក្នុងប្រទេសកម្ពុជា។ «បុរាណវត្ថុប្រឡាក់ឈាម» ទាំងនោះត្រូវបានលួច និងរត់ពន្ធឆ្លងដែន ដើម្បីលក់ទៅឱ្យមហាសេដ្ឋី និងសារមន្ទីរល្បីៗនៅបស្ចិមប្រទេស ដែលពាក់ព័ន្ធនឹងបណ្តាញរបស់លោក Douglas Latchford។
លោក សេត គឹមសឿន អ្នកនាំពាក្យសមាគមសិល្បករខ្មែរ បានបញ្ជាក់ថា ការរៀបចំឱ្យសិល្បករសិល្បការិនីកម្ពុជាចូលទស្សនាខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» នេះ គឺដោយសារអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានមើលឃើញពីអត្ថន័យ និងតម្លៃជាប្រវត្តិសាស្ត្រដ៏ធំធេងសម្រាប់ជាតិកម្ពុជា ដែលមាននៅក្នុងភាពយន្តស៊ើបអង្កេតមួយនេះ។ ភាពយន្តនេះបានឆ្លុះបញ្ចាំងពីដំណើរប្រវត្តិសាស្ត្រ និងលាតត្រដាងពីការលួចប្លន់ ព្រមទាំងការជួញដូរវត្ថុបុរាណខ្មែររាប់មិនអស់ទៅកាន់ទីផ្សារក្រៅប្រទេសដោយខុសច្បាប់ ក្នុងអំឡុងពេលដែលកម្ពុជាធ្លាក់ចូលក្នុងភ្នក់ភ្លើងសង្គ្រាមស៊ីវិល និងរបបប្រល័យពូជសាសន៍។
លោក សេត គឹមសឿន បានបញ្ជាក់ថា អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង មានបំណងបំផុសឱ្យប្រជាជនខ្មែរចូលរួមទស្សនាខ្សែភាពយន្តនេះឱ្យបានច្រើនកុះករ ព្រោះខ្សែភាពយន្តឯកសារនេះមិនត្រឹមតែជាកំណត់ត្រាប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសក្ខីកម្មដ៏រឹងមាំមួយក្នុងការគាំទ្រដល់ដំណើរការទាមទារ និងនាំយកដួងព្រលឹងដូនតា ព្រមទាំងសម្បត្តិបេតិកភណ្ឌជាតិ ត្រឡប់មកមាតុភូមិវិញ។
តាមរយៈខ្សែភាពយន្តឯកសារនេះ សមាគមសិល្បករខ្មែរបានអំពាវនាវដល់សាធារណជនគ្រប់ទិសទី ជាពិសេសយុវជនដែលជាអ្នកបន្តវេន សូមចំណាយពេលចូលរួមទស្សនាទាំងអស់គ្នា។ ខ្សែភាពយន្តស៊ើបអង្កេតនេះបានដាស់ស្មារតីមហាជនឱ្យយល់ដឹងពីតម្លៃនៃប្រវត្តិសាស្ត្រ ស្នាដៃបុព្វបុរស និងស្មារតីស្រឡាញ់ ការពារ និងអភិរក្សកេរដំណែលបេតិកភណ្ឌជាតិ។ ជាពិសេស ភាពយន្តនេះក៏បានបង្កប់នូវអត្ថន័យថា ជម្លោះផ្ទៃក្នុងអាចនាំឱ្យមានការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់ជាតិផងដែរ។
គួរបញ្ជាក់ថា ខ្សែភាពយន្តនេះក៏ទទួលបានការទទួលស្គាល់ និងត្រូវបានជ្រើសរើសឱ្យចាក់បញ្ចាំងក្នុងមហោស្រពភាពយន្តអន្តរជាតិជាច្រើន ដូចជា NHK (Japan Prize, Finalist), Bali International Film Festival, Austin Film Festival, FIPADOC និង Cambodia International Film Festival ព្រមទាំងមហោស្រពភាពយន្តអន្តរជាតិល្បីៗជាច្រើនទៀតនៅជុំវិញពិភពលោក។ សំបុត្រចូលទស្សនាខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» មានលក់នៅតាមរោងភាពយន្តនានាក្នុងប្រទេសកម្ពុជា។
សូមជម្រាបថា ខ្សែភាពយន្តនេះត្រូវបានផលិតឡើងក្នុងគោលបំណងសំខាន់ពីរ៖ ទី១. ការជ្រួតជ្រាបផ្នែកវប្បធម៌ តាមរយៈការដាស់ស្មារតីសាធារណជនអំពីផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរផ្នែកប្រវត្តិសាស្ត្រ និងមនុស្សធម៌ ដែលបណ្តាលមកពីការលួចប្លន់បេតិកភណ្ឌវប្បធម៌ ដោយភ្ជាប់រឿងរ៉ាវអតីតកាលទៅនឹងកិច្ចខិតខំប្រឹងប្រែងទាមទារយកបុរាណវត្ថុត្រឡប់មកវិញនាពេលបច្ចុប្បន្ន។ ទី២. ការផ្សព្វផ្សាយអប់រំ តាមរយៈការទាក់ទាញក្រុមគោលដៅជាក់លាក់ រួមមាន សិស្ស និស្សិត ព្រះសង្ឃ និងថ្នាក់ដឹកនាំសហគមន៍ ឱ្យចូលរួមក្នុងការពិភាក្សាអំពីយុត្តិធម៌ ការទទួលខុសត្រូវ និងការថែរក្សាអត្តសញ្ញាណជាតិ៕