ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួងការពារជាតិ៖ កម្ពុជាត្រូវបានលើកកម្ពស់លើឆាកអន្តរជាតិ ទង់ជាតិកម្ពុជាត្រូវបានបង្ហូតយ៉ាងខ្ពស់ត្រដែត ស្មើមុខ ស្មើមាត់ ស្មើសិទ្ធិ ស្មើភាព ជាមួយបណ្តាប្រទេសដែលបានបរិច្ចាគ កងកម្លាំងចូលរួមក្នុងបេសកកម្មរក្សាសន្តិភាព អ.ស.ប

image

ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានថ្លែងថា "ការចូលរួមបេសកកម្មរក្សាសន្តិភាព គឺជាភារកិច្ចមួយដ៏ឧត្តុង្គឧត្តមស្របតាមរដ្ឋធម្មនុញ្ញ ដែលរួម ចំណែកធ្វើឱ្យពិភពលោកកោតស្ញប់ស្ញែង, កិត្យានុភាពរបស់កម្ពុជាត្រូវបានលើកកម្ពស់លើឆាកអន្តរជាតិ ទង់ជាតិ កម្ពុជាត្រូវបានបង្ហូតយ៉ាងខ្ពស់ត្រដែត ស្មើមុខ ស្មើមាត់ ស្មើសិទ្ធិ ស្មើភាព ជាមួយបណ្តាប្រទេសដែលបានបរិច្ចាគ កងកម្លាំងចូលរួមក្នុងបេសកកម្មរក្សាសន្តិភាព អ.ស.ប"។
នេះជាការថ្លែងរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងឱកាសដែលសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំងកងយោធពលខេមរភូមិន្ទ ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពរអង្គការសហប្រជាជាតិ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ នៅខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២៦។

ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បញ្ជាក់ថា "ក្នុងរយៈពេល២០ឆ្នាំនេះ កម្ពុជាបានពង្រីកជំនាញរបស់ខ្លួនរហូតដល់០៩ ជំនាញ រួមមាន ជំនាញបោសសំអាតមីន អាវុធហត្ថ វិស្វកម្មសំណង់ផ្តេក-បញ្ឈរ វិស្វកម្មព្រលានយន្តហោះ មន្ទីរពេទ្យកម្រិត២ កម្ទេចគ្រាប់មិនទាន់ផ្ទុះ នាយទាហានសេនាធិការ និងសង្កេតការណ៍យោធា ទៅកាន់បេសកកម្ម ចំនួន១២ ក្នុងប្រទេសចំនួន១០ សរុប៧៤កង មានចំនួន១០,៩១៤នាក់ ក្នុងនោះស្ត្រីចំនួន១,០៨៣នាក់។ ប្រទេសទាំង១០ រួមមាន ប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ លីបង់ សាយប្រឹស ស៊ីរី ម៉ាលី អាហ្វ្រិកកណ្តាល យេមែន និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។ បច្ចុប្បន្នកម្លាំងកម្ពុជាមានចំនួន៤៧៥នាក់ ក្នុងនោះស្ត្រី៩៥ នាក់ កំពុងបំពេញបេសកកម្មនៅប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ អាហ្វ្រិកកណ្តាល និងកុងហ្គោ លើជំនាញ កម្ទេចគ្រាប់មិនទាន់ផ្ទុះ អាវុធហត្ថ វិស្វកម្មពហុជំនាញ នាយទាហានសេនាធិការ និងសង្កេតការណ៍យោធា"។

ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បន្តថា "រាល់ស្នាដៃ និងសមិទ្ធផលទាំងនេះ គឺកើតចេញពីកម្លាំងមហាសាមគ្គីជាតិ-អន្តរជាតិរបស់យុទ្ធមិត្តក្នុង តំបន់បេសកកម្ម និងដោយសារការយកចិត្តទុកដាក់ដឹកនាំជាប់ជាប្រចាំរបស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងការពារ ជាតិ និងអគ្គបញ្ជាការដ្ឋាន ព្រមទាំងការដឹកនាំតម្រង់ទិសជាប្រចាំពីគណៈកម្មាធិការជាតិ និងការគាំទ្រកិច្ច សហការយ៉ាងជិតស្និទ្ធពីសំណាក់ក្រសួង ស្ថាប័នពាក់ព័ន្ធ"៕

អត្ថបទ៖ ហ៊ន សុភ័ក្រ
វីដេអូ៖ ក្រុមការងារផ្សាយផ្សាយពិសេសCNC