ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីប្រកាសជាផ្លូវការយុទ្ធសាស្រ្តជាតិ ដើម្បីរុញការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យមកម្ពុជា ឱ្យក្លាយជាមូលដ្ឋានគ្រឹះ និងជាកម្លាំងចលករដ៏រឹងមាំនៃកំណើនសេដ្ឋកិច្ចជាតិ

image

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​ នៃកម្ពុជាបានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
«យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០» នាព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។

ក្នុងពិធីនេះ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងថា “ក្នុងបរិការដែលសេដ្ឋកិច្ចតំបន់ និងសកលកំពុងប្រែប្រួលយ៉ាងឆាប់រហ័ស ដោយប្រឈមនឹងភាពមិនប្រាកដប្រជានៃទីផ្សារ ការប្រែប្រួលខ្សែច្រវាក់ផ្គត់ផ្គង់ ការប្រកួតប្រជែងកាន់តែខ្លាំង និងតម្រូវការថ្មីៗផ្នែកបច្ចេកវិទ្យា ស្តង់ដា និងបរិស្ថាន, ការពង្រឹងសមត្ថភាពផលិតកម្ម និងសេវាកម្មក្នុងស្រុកកាន់តែមានសារសំខាន់ចំពោះការពង្រឹងភាពធន់ និងសមត្ថភាពប្រកួតប្រជែងរបស់សេដ្ឋកិច្ចកម្ពុជា។ ក្នុងន័យនេះ សហគ្រាសធុនមីក្រូ តូច និងមធ្យម មានតួនាទីគន្លឹះ ក្នុងការបង្កើតការងារ បង្កើនប្រាក់ចំណូល ជំរុញផលិតកម្ម សេវាកម្មក្នុងស្រុក និងរួមចំណែកដល់កំណើន  សេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាបន្ន។

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបន្តថា”រាជរដ្ឋាភិបាលក៏បានបន្តពង្រីកការគាំទ្រសម្រាប់ដំណាក់កាលផ្សេងៗនៃការអភិវឌ្ឍសហគ្រាស តាមរយៈ ការដាក់ឱ្យអនុវត្ត «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី ឆ្នាំ២០២៦-២០៣០» ការបង្កើតមូលនិធិអភិវឌ្ឍជំនាញព្រមទាំងកម្មវិធីគាំទ្រសហគ្រិនភាព បច្ចេកវិទ្យា និងនវានុវត្តន៍នានា។ វឌ្ឍនភាពទាំងនេះបង្ហាញថា ប្រព័ន្ធគាំទ្រសហគ្រិនភាព និងសហគ្រាសនៅកម្ពុជាកំពុងត្រូវបានពង្រីក និងតភ្ជាប់កាន់តែទូលំទូលាយ។ ប៉ុន្តែការមានយន្តការ និងកម្មវិធីគាំទ្រច្រើន មិនមានន័យថា បញ្ហាប្រឈមរបស់សហគ្រាសត្រូវបានដោះស្រាយទាំងស្រុងនោះទេ។ សម្រាប់សហគ្រាស ការចុះបញ្ជី ការស្នើសុំអាជ្ញាបណ្ណ ឬការចូលក្នុងប្រព័ន្ធតែមួយមុខ មិនទាន់គ្រប់គ្រាន់ទេ។ សហគ្រាសត្រូវការបរិយាកាសធុរកិច្ចដែលកាន់តែងាយស្រួល លទ្ធភាពទទួលបានទុន និងហិរញ្ញប្បទាន បច្ចេកវិទ្យា ជំនាញ ទីផ្សារ និងប្រព័ន្ធអេកូឡូស៊ីដែលមានភាពប្រទាក់ក្រឡា និងបំពេញឱ្យគ្នាកាន់តែប្រសើរ”។


ឯកឧត្តមរដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបន្តទៀតថា ផ្តើមមចេញពីសមិទ្ធផល និងបទពិសោធន៍កន្លងមក ព្រមទាំងការមើលឃើញច្បាស់ នូវបញ្ហាជារចនាសម្ព័ន្ធដែលសហគ្រាស ធុនមីក្រូ តូច និងមធ្យម នៅតែបន្តជួបប្រទះ ដូចជាភាពស្មុគស្មាញនៃក្របខ័ណ្ឌគតិយុត្ត ផលិតភាព និងសមត្ថភាពប្រកួតប្រជែងនៅមានកម្រិត ការចាប់យកបច្ចេកវិទ្យានៅមិនទាន់ទូលំទូលាយ និងការតភ្ជាប់ទៅនឹងទីផ្សារ និងខ្សែច្រវាក់តម្លៃនៅមានកម្រិត រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដឹកនាំសម្របសម្រួលការរៀបចំ «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០» ដោយមានការចូលរួមពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួង ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍។ យុទ្ធសាស្ត្រនេះទទួលបានការឯកភាពដ៏ខ្ពង់ខ្ពស់ពី សម្តេចធិបតី នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ និងត្រូវប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនៅថ្ងៃនេះ”។

ឯកឧត្តមរដ្ឋមន្រ្តីបញ្ជាក់ថា “យុទ្ធសាស្ត្រថ្មីនេះ គឺជាការបន្ត និងលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងកន្លងមក ទៅកាន់ដំណាក់កាលថ្មីមួយ ដោយមានចក្ខុវិស័យច្បាស់លាស់ គឺជំរុញការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យមកម្ពុជា ឱ្យក្លាយជាមូលដ្ឋានគ្រឹះ និងជាកម្លាំងចលករដ៏រឹងមាំនៃកំណើនសេដ្ឋកិច្ចជាតិ ដែលនាំមកនូវវឌ្ឍនភាពសង្គម និងវិបុលភាពសម្រាប់ប្រជាជាតិកម្ពុជា៕

អត្ថបទ៖ ហ៊ន សុភ័ក្រ
រូប៖ អេង សុគុណ,លឹម មុនី ,អ៊ុន ផាន់ណាត