ប្រធានស្តីទីរដ្ឋបាល អ.វ.ត.ក. ប្រាប់យុវជនជំនាន់ក្រោយឱ្យចងចាំពីប្រវត្តិសាស្ត្រ និងសិក្សាស្វែងយល់ពីអតីតកាលរបស់ខ្មែរក្រហម
ភ្នំពេញ៖ លោក ហែម ក្រាញ់ តូនី រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានស្តីទីរដ្ឋបាល នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) បានបំផុស និងលើកទឹកចិត្តដល់សិស្ស-និស្សិត និងគរុសិស្ស ដែលកំពុងសិក្សានៅតាមវិទ្យាល័យ សាកលវិទ្យាល័យ និងគ្រឹះស្ថានអប់រំនានាទូទាំងប្រទេស ឱ្យចូលរួមសិក្សា ស្រាវជ្រាវ និងស្វែងយល់ឱ្យកាន់តែស៊ីជម្រៅអំពីប្រវត្តិសាស្ត្រខ្មែរក្រហម ផលប៉ះពាល់នៃរបបកម្ពុជាប្រជាធិបតេយ្យ ការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហម ព្រមទាំងសមិទ្ធផល និងកេរដំណែលនៃ អ.វ.ត.ក.។
លោក ហែម ក្រាញ់ តូនី បានលេីកឡេីងដូចនេះក្នុងពិធីប្រគល់ពានរង្វាន់ជយលាភីការប្រកួតតែងកំណាព្យ ដើម្បីថែរក្សាការចងចាំប្រវត្តិសាស្ត្រខ្មែរក្រហម នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ ជាការរក្សាការចងចាំប្រវត្តិសាស្ត្រដ៏ឈឺចាប់របស់មាតុភូមិកម្ពុជាក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដែលរៀបចំឡើងនៅមជ្ឈមណ្ឌលធនធាន អ.វ.ត.ក. ដោយមជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ (ម.ត.ឯ.ច. ពាក់ព័ន្ធនឹង អ.វ.ត.ក.។
ក្នុងឱកាសនោះ លោក ហែម ក្រាញ់ តូនី បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការថែរក្សាការចងចាំប្រវត្តិសាស្ត្រ និងការចូលរួមរបស់យុវជនជំនាន់ក្រោយក្នុងការសិក្សាស្វែងយល់ពីអតីតកាល។ លោកបានលេីកឡេីងយ៉ាងដូច្នេះថា៖ «ការចងចាំប្រវត្តិសាស្ត្រមិនមែនគ្រាន់តែជាការរំលឹកអំពីអតីតកាលដ៏ឈឺចាប់ប៉ុណ្ណោះទេ ប៉ុន្តែជាការរៀនសូត្រពីមេរៀនប្រវត្តិសាស្ត្រ ដើម្បីឱ្យយើងយល់កាន់តែច្បាស់អំពីតម្លៃនៃសន្តិភាព យុត្តិធម៌ និងការគោរពសេចក្ដីថ្លៃថ្នូររបស់មនុស្ស។ យុវជនជំនាន់ក្រោយមានតួនាទីសំខាន់ក្នុងការបន្តថែរក្សាការចងចាំនេះ និងចែករំលែកចំណេះដឹងទៅកាន់មនុស្សជំនាន់បន្ទាប់ ដើម្បីកុំឱ្យសោកនាដកម្មបែបនេះកើតឡើងសារជាថ្មី»។
លោកប្រធានស្តីទីរដ្ឋបាល អ.វ.ត.ក. បានចាត់ទុកការតែងកំណាព្យ ជាមធ្យោបាយមួយដ៏មានអត្ថន័យក្នុងការបង្ហាញពីការយល់ដឹង អារម្មណ៍ និងការឆ្លុះបញ្ចាំងរបស់យុវជនចំពោះប្រវត្តិសាស្ត្រជាតិ។ តាមរយៈការប្រើប្រាស់សិល្បៈអក្សរសាស្ត្រ សិស្ស-និស្សិត អាចចូលរួមផ្សព្វផ្សាយចំណេះដឹងប្រវត្តិសាស្ត្រ និងបន្តបណ្ដុះស្មារតីទទួលខុសត្រូវចំពោះសង្គម និងប្រទេសជាតិ។
កញ្ញា គង់ សម្ផស្ស បេក្ខភាពគរុកោសល្យ មកពីខេត្តកំពង់ចាម ដែលទទួលបានជយលាភីលេខ១ ក្នុងចំណោមបេក្ខជាជាច្រេីននាក់ ផ្នែកតែងកំណាព្យ បទពាក្យ៧ ដែលមានចំណងជេីងថា «កម្ពុជារបបនរក» បានឱ្យដឹងថា ដោយសារតែកញ្ញាធ្លាប់បានសិក្សាស្រាវជ្រាវអំពីរបបដ៏ខ្មៅងងឹតខ្មែរក្រហម ហេីយក៏មានបងប្អូនធ្លាប់បានឆ្លងកាត់របបនេះជាច្រេីននាក់ដែរនោះ ធ្វេីឱ្យកញ្ញាមានការឈឺចាប់ជាខ្លាំង។ ម្យ៉ាងវិញទៀតក៏ចង់ដាស់ស្មារតីយុវជនជំនាន់ក្រោយឱ្យមានការសិក្សាស្រាវជ្រាវពីរបបនេះ និងស្គាល់ឱ្យច្បាស់ពីរបបប្រទេសរបស់ខ្លួនពីអតីតកាល កុំឱ្យអ្នកជំនាន់ក្រោយដេីរលេីផ្លូវនេះម្តងទៀត ដែលនាំឱ្យប្រទេសជាតិអន្តរាយធ្លាក់ដល់ក្រោមសូន្យ។ ប៉ុន្តែត្រូវខិតខំសិក្សារៀនសូត្រ និងក៏សាងប្រទេសជាតិឱ្យរីកចម្រេីនឡេីង។
សូមបញ្ជាក់ថា ការប្រកួតតែងកំណាព្យនេះក៏មានគោលបំណងលើកស្ទួយវិស័យអក្សរសាស្ត្រខ្មែរផ្នែកតែងនិពន្ធកំណាព្យ ព្រមទាំងជំរុញឱ្យយុវជនដែលមិនបានឆ្លងកាត់របបកម្ពុជាប្រជាធិបតេយ្យដោយផ្ទាល់ មានឱកាសសិក្សាស្រាវជ្រាវ និងយល់ដឹងកាន់តែច្បាស់អំពីបទពិសោធន៍ប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា។
សម្រាប់ការប្រកួតប្រជែងឆ្នាំ២០២៦ បេក្ខជនចំនួន ៥រូប ទទួលបានជយលាភី និងប្រាក់រង្វាន់តាមលំដាប់ថ្នាក់ ដោយលេខ១ ទទួលបានប្រាក់រង្វាន់ ២.០០០.០០០រៀល និងពានរង្វាន់មួយ។ ជយលាភីលេខ២ ទទួលបានប្រាក់រង្វាន់ចំនួន ១.៥០០.០០០រៀល និងពានរង្វាន់មួយ។ ជយលាភីលេខ៣ ទទួលបានប្រាក់រង្វាន់ចំនួន ១.០០០.០០០រៀល និងពានរង្វាន់មួយ។ ជ័យលាភីលេខ៤ និងលេខ៥ ទទួលបានប្រាក់លើកទឹកចិត្តចំនួន ៥០០.០០០រៀលក្នុងម្នាក់ៗ។
ជាមួយគ្នានេះ ស្នាដៃកំណាព្យទាំងអស់ដែលបានដាក់ចូលរួមប្រកួត នឹងត្រូវយកទៅបោះពុម្ពផ្សព្វផ្សាយ ដើម្បីចែករំលែកស្នាដៃនិពន្ធរបស់យុវជន និងបង្កើនឱកាសឱ្យសាធារណជនបានសិក្សាស្វែងយល់ និងពិចារណាអំពីប្រវត្តិសាស្ត្រខ្មែរក្រហមតាមរយៈអក្សរសិល្ប៍ និងជំរុញឱ្យយុវជនជំនាន់ក្រោយបន្តសិក្សាពីអតីតកាល ដើម្បីយកមេរៀនប្រវត្តិសាស្ត្រជាមូលដ្ឋានក្នុងការការពារសន្តិភាព លើកកម្ពស់យុត្តិធម៌ និងកសាងសង្គមមួយដែលមិនអនុញ្ញាតឱ្យសោកនាដកម្មបែបនេះកើតឡើងសារជាថ្មី៕
អត្ថបទ៖ គង់ ប៊ុនណា