លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការជាតិវប្បធម៌ ប្រវត្តិសាស្ត្រ និងអារ្យធម៌ខ្មែរ ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងផែនការសកម្មភាព៥ឆ្នាំ (ឆ្នាំ២០២៦-២០៣០) និងបញ្ហាផ្សេងៗ
លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការជាតិវប្បធម៌ ប្រវត្តិសាស្ត្រ និងអារ្យធម៌ខ្មែរ ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងផែនការសកម្មភាព៥ឆ្នាំ (ឆ្នាំ២០២៦-២០៣០) និងបញ្ហាផ្សេងៗ
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិវប្បធម៌ ប្រវត្តិសាស្ត្រ និងអារ្យធម៌ខ្មែរ (គ.វ.ប.អ.) បានដឹកនាំកិច្ចប្រជុំរបស់ គ.វ.ប.អ. ដើម្បីពិនិត្យនិងពិភាក្សាលើ (១)-សេចក្ដីព្រាងផែនការសកម្មភាព៥ឆ្នាំ (ឆ្នាំ២០២៦-២០៣០) របស់ គ.វ.ប.អ. និង(២)-បញ្ហាផ្សេងៗ ដោយមានការអញ្ជើញចូលរួមពីអនុប្រធាន សមាជិក អ្នកជំនាញការ ទីប្រឹក្សាជាតិនិងអន្តរជាតិ និងមន្ត្រីពាក់ព័ន្ធ។
ជាកិច្ចចាប់ផ្ដើម លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ពីសារៈសំខាន់នៃការស្រាវជ្រាវ និងចងក្រងប្រវត្តិសាស្ត្រ វប្បធម៌ និងអារ្យធម៌ខ្មែរ ដោយផ្អែកលើភស្តុតាងវិទ្យាសាស្ត្រ ដើម្បីលើកកម្ពស់អត្តសញ្ញាណជាតិ និងដើម្បីបណ្ដុះមនសិការ និងស្មារតីសេ្នហាជាតិ ជាពិសេសក្នុងចំណោមស្រទាប់យុវជន តាមរយៈការសិក្សារៀនសូត្រ និងការយល់ដឹងអំពីការពិតនៃប្រវត្តិសាស្ត្រ ឱ្យបានត្រឹមត្រូវនិងច្បាស់លាស់ ហើយត្រូវស្គាល់អ្វីជាវប្បធម៌និងអរិយធម៌របស់ខ្មែរ អ្វីជារបស់អ្នកដទៃ និងអ្វីដែលឆ្លងគ្នា និងធ្វើការអះអាងណាមួយដោយគ្មានភស្តុតាង ឬលើលពីការពិតនោះទេ។
លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានសង្កត់ធ្ងន់ថា កិច្ចការរបស់ គ.វ.ប.អ. ដែលជាតួអង្គមួយ ក្នុងចំណោមតួអង្គជាច្រើនទៀត ពាក់ព័ន្ធនឹងកិច្ចការវប្បធម៌ ប្រវត្តិសាស្ត្រ និងអារ្យធម៌ខ្មែរ ត្រូវធ្វើការគិតគូរ និងរៀបចំសកម្មភាពការងារក្នុងក្របខណ្ឌនេះ ដើម្បីឱ្យកូនខ្មែរបានស្គាល់និងដឹងថា ខ្លួនឯងជាអ្នកណា? មកពីណា? និងត្រូវទៅណាបន្តទៀត?។
លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានបន្តលើកឡើងថា ផែនការសកម្មភាពរបស់ គ.វ.ប.អ. ត្រូវឆ្លើយតបទៅនឹងការចង់បានរបស់ប្រមុខនៃរាជរដ្ឋាភិបាល និងតម្រូវការនៃសង្គមជាតិកម្ពុជា តាមរយៈការបង្កើនការយល់ដឹង និងការផ្សព្វផ្សាយអំពីព័ត៌មានពិត និងព័ត៌មានត្រឹមត្រូវ ដោយផ្អែកលើភស្តុតាងវិទ្យាសាស្ត្រ ពាក់ព័ន្ធនឹងប្រវត្តិសាស្ត្រ វប្បធម៌ អារ្យធម៌ខ្មែរ និងការបង្កើតនិទានកថាជាតិ(Narrative) ដែលមានតម្លៃវិជ្ជមានឱ្យចូលជ្រៅទៅក្នុងផ្នត់គំនិតរបស់ជនជាតិខ្មែរដើម្បីបណ្តុះគុណតម្លៃរួមគ្នា (shared value) ប្រវតិ្តសាស្រ្តរួមគ្នា (shared history) និងវប្បធម៌រួមគ្នា (shared culture) ដែលនឹងជួយពង្រឹងសាមគ្គីជាតិ ឯកភាពជាតិ និងការកសាងជាតិ (Nation building) ក្នុងរយៈពេលវែង។
បន្ទាប់ពីអង្គប្រជុំបានធ្វើការផ្លាស់ប្តូរមតិយោបល់លើសេចក្តីព្រាងផែនការសកម្មភាពការងាររបស់ គ.វ.ប.អ. រួចមក, លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានផ្តល់ការណែនាំលើការកែសម្រួលរចនាសម្ព័ន្ធនៃសេចក្តីព្រាងខាងលើឱ្យមានសង្គតិភាព និងសម្រួចគោលដៅយុទ្ធសាស្ត្រទាំង៤ ឱ្យកាន់តែច្បាស់លាស់ ស្របតាមតួនាទីនិងភារកិច្ចរបស់ គ.វ.ប.អ. និងធនធានដែលមាន ព្រមទាំងអាទិភាពការងារ។
ក្រៅពីនេះ លោក ក៏បានផ្តល់ការណែនាំឱ្យយកចិត្តលើកិច្ចការអាទិភាពចំពោះមុខមួយចំនួនដូចជា ការរៀបចំក្របខណ្ឌពិនិត្យផ្ទៀងផ្ទាត់ និងគោលការណ៍អនុម័តឯកសារផ្លូវការថ្នាក់ជាតិ និងផ្លូវការរបស់រដ្ឋ ព្រមទាំងការស្រាវជ្រាវផ្សព្វផ្សាយតាមរយៈការរៀបចំ Podcast និងការបកប្រែ ឯកសារប្រវត្តិសាស្រ្ត និងវប្បធម៌ ទាំងពីភាសាខ្មែរទៅភាសាបរទេស និងពីភាសាបរទេសមកភាសាខ្មែរជាដើម។
លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានណែនាំឱ្យលេខាធិការដ្ឋាននៃគ.វ.ប.អ. រៀបចំ SOP និងបទបញ្ជាផ្ទៃក្នុង ដើម្បីកំណត់របៀបរបបការងារឱ្យបានច្បាស់លាស់ ប្រកបដោយវិជ្ជាជីវៈ និងត្រៀមរៀបចំកិច្ចការមួយចំនួន សម្រាប់ការប្រកាសដាក់ឱ្យអនុវត្តនូវផែនការសកម្មភាពការងាររបស់ គ.វ.ប.អ. នាពេលខាងមុខ៕