កម្ពុជា និង IFAD ពិនិត្យវាយតម្លៃកម្មវិធីអភិវឌ្ឍន៍ជនបទ និងកំណត់អាទិភាពសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋនៅជនបទ និងកាត់បន្ថយភាពក្រីក្រ
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា និងមូលនិធិអន្តរជាតិអភិវឌ្ឍន៍កសិកម្ម (IFAD) បានពិនិត្យវាយតម្លៃលទ្ធផលនៃកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍជនបទ និងពិភាក្សាអំពីអាទិភាពសម្រាប់កម្មវិធីនាពេលអនាគត ក្នុងគោលបំណងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅជនបទ និងកាត់បន្ថយភាពក្រីក្រ។
ការពិភាក្សានេះ ធ្វើឡើងក្នុងសិក្ខាសាលាថ្នាក់ជាតិស្តីពីការវាយតម្លៃយុទ្ធសាស្ត្រ និងកម្មវិធីប្រចាំប្រទេស (CSPE) នៅរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ដោយមានការចូលរួមពីតំណាងរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ អ្នកស្រាវជ្រាវ វិស័យឯកជន អង្គការសង្គមស៊ីវិល និងតំណាងអង្គការកសិករ។ សិក្ខាសាលានេះក៏បានប្រារព្ធខួប ៣០ឆ្នាំនៃភាពជាដៃគូរវាង IFAD និងរាជរដ្ឋាភិបាលកម្ពុជាផងដែរ។
លោកបណ្ឌិត មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកកម្មវិធី ASPIRE-AT បានថ្លែងថា IFAD បានធ្វើកិច្ចការងារជាច្រើនដែលបានរួមចំណែកអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា សំដៅកែលម្អជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមទីជនបទយ៉ាងច្រើន។
លោកបានបញ្ជាក់ថា៖«វិស័យកសិកម្មមានសារៈសំខាន់សម្រាប់ស្រុកទេសរបស់យើង ហើយធានាដល់ការផ្គត់ផ្គង់ស្បៀងអាហារគ្រប់គ្រាន់ យើងនៅតែមានបញ្ហាច្រើនដែលត្រូវការគ្រប់ភាគីទាំងអស់ចូលរួមដោះស្រាយ និង ពង្រឹងវិស័យកសិកម្មរបស់យើង។ យើងក៏មានមោទនភាពដែរ គឺវិស័យកសិកម្មរបស់យើង បានរីកចម្រើនទៅមុខជានិច្ច»។
លោក ហ៊ុល បុណ្ណារ័ត្ន អគ្គនាយកនៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា សិក្ខាសាលានេះ ជាឱកាសដ៏សំខាន់សម្រាប់ពិនិត្យមើលសមិទ្ធផល បញ្ហាប្រឈម និងមេរៀនដែលទទួលបានពីកិច្ចសហប្រតិបត្តិការកន្លងមក ព្រមទាំងពង្រឹងភាពជាដៃគូសម្រាប់ឆ្នាំខាងមុខ។
លោកមានប្រសាសន៍ថា៖«នៅពេលដែលកម្ពុជាត្រៀមខ្លួនឈានចូលដំណាក់កាលថ្មីនៃការអភិវឌ្ឍ រួមទាំងការរំពឹងទុកថា នឹងចាកចេញពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍន៍តិចតួច (LDC) នៅឆ្នាំ២០២៩ នេះជាពេលវេលាសម ស្របក្នុងការ វាយ តម្លៃ ថា តើការវិនិយោគនាពេលអនាគតរបស់ IFAD អាចឆ្លើយតបទៅនឹងបញ្ហាប្រឈម តម្រូវការ និងអាទិភាពរបស់យើងបានយ៉ាងដូចម្តេច»។
លោកបានបន្ថែមថា៖«យើងទទួលស្គាល់ថា ហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍ មិនត្រឹមតែត្រូវការចូលរួមពីគ្រប់ភាគី ប៉ុណ្ណោះទេ ប៉ុន្តែយើងត្រូវបម្លែងវាឱ្យទៅជាផលប្រយោជន៍ជាក់ស្តែង និងយូរអង្វែងសម្រាប់ប្រជាជនរបស់យើងផងដែរ»។
លោកស្រី Reehana Raza នាយិកាប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក នៃ IFAD បានជំរុញឱ្យអ្នកចូលរួមពិភាក្សាប្រកបដោយភាពស្ថាបនា ដើម្បីបម្លែងលទ្ធផលនៃការវាយតម្លៃទៅជាសកម្មភាពជាក់ស្តែង។
លោកស្រី មានប្រសាសន៍ថា៖«នេះជាឱកាសដ៏សំខាន់ក្នុងការប្រែក្លាយភស្តុតាងទៅជាសកម្មភាព។ ខ្ញុំសូមលើកទឹកចិត្តឱ្យមានការពិភាក្សាដោយបើកចំហ និងស្ថាបនា ដើម្បីឈានដល់ការឯកភាពលើវិធានការជាក់ស្តែង ការបែងចែកការទទួលខុសត្រូវ និងកាលកំណត់ពេលវេលាច្បាស់លាស់»។
លោកស្រីក៏បានថ្លែងអំណរគុណដល់ក្រសួង ស្ថាប័នរដ្ឋាភិបាល អាជ្ញាធរខេត្ត ដៃគូអភិវឌ្ឍន៍ និងកសិករខ្នាតតូច នៅតាមជនបទ ដែលបានចូលរួមចំណែកក្នុងការជំរុញគោលដៅអភិវឌ្ឍន៍រួមគ្នា។
លោក Frew Behabtu នាយកប្រចាំប្រទេសកម្ពុជារបស់ IFAD បានមានប្រសាសន៍ថា ការពិភាក្សានេះបានផ្តល់ នូវទស្សនៈ និងការយល់ដឹងបន្ថែម ដែលនឹងជួយបម្លែងលទ្ធផល និងមេរៀនពីការវាយតម្លៃទៅជាសកម្មភាព ដើម្បីបង្កើនប្រសិទ្ធភាពនៃភាពជាដៃគូយុទ្ធសាស្ត្ររវាង IFAD និងរាជរដ្ឋាភិបាលកម្ពុជា។
លោក មានប្រសាសន៍ថា៖«ការពិភាក្សាប្រកបដោយភាពស្មោះត្រង់ និងការចូលរួមយ៉ាងសកម្មនៅថ្ងៃនេះ បានផ្តល់នូវការយល់ដឹងកាន់តែច្បាស់ ដែលនឹងជួយបម្លែងលទ្ធផល និងមេរៀនពីការវាយតម្លៃទៅជាសកម្មភាព ដើម្បីបង្កើនផលប៉ះពាល់ជាវិជ្ជមាននៃភាពជាដៃគូយុទ្ធសាស្ត្ររវាង IFAD និងរាជរដ្ឋាភិបាលកម្ពុជា»។
លោកបានបន្ថែមថា លទ្ធផលនៃសិក្ខាសាលានេះក៏នឹងជួយដល់ការបញ្ចប់ឯកសារកិច្ចព្រមព្រៀងនៅពេលបញ្ចប់ការវាយតម្លៃ (ACP) ដែលសង្ខេបអនុសាសន៍ និងសកម្មភាពតាមដានដែលភាគីទាំងពីរបានឯកភាពគ្នា ព្រមទាំងផ្តល់ធាតុចូលសម្រាប់រៀបចំកម្មវិធីឱកាសយុទ្ធសាស្ត្រប្រចាំប្រទេស (COSOP) ជំហានបន្ទាប់ ដែលនឹងកំណត់ទិសដៅការងាររបស់ IFAD នៅកម្ពុជានាពេលអនាគត។
សូមរំឭកថា IFAD បានគាំទ្រដល់កិច្ចអភិវឌ្ឍជាច្រើននៅក្នុងប្រទេសកម្ពុជា ជាពិសេសគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (អេមស៍) និងកម្មវិធីASPIRE AT មានតួនាទីបំពេញបន្ថែមគ្នាក្នុងការជំរុញការអភិវឌ្ឍវិស័យកសិកម្ម និងលើកកម្ពស់ជីវភាពកសិករខ្នាតតូចនៅកម្ពុជា។ ខណៈដែលASPIRE-ATផ្តោតលើការពង្រឹងសមត្ថភាពផលិតកម្ម ការផ្សព្វផ្សាយបច្ចេកទេស និងភាពធន់របស់កសិករ AIMS ផ្តោតលើការតភ្ជាប់ផលិតកម្មទៅកាន់ទីផ្សារ ការអភិវឌ្ឍខ្សែច្រវាក់តម្លៃ និងការបង្កើតឱកាសអាជីវកម្ម។
ការសហការរវាងកម្មវិធីទាំងពីរនេះជួយភ្ជាប់ចំណេះដឹង និងសមត្ថភាពផលិតកម្មរបស់កសិករទៅនឹងឱកាសទីផ្សារ ដើម្បីឱ្យកសិករមិនត្រឹមតែអាចផលិតបានកាន់តែប្រសើរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានលទ្ធភាពលក់ផលិតផល ទទួលបានតម្លៃសមរម្យ និងបង្កើនប្រាក់ចំណូលផងដែរ៕