ព័ត៌មានជាតិ

មូលនិធិគន្ធបុប្ផាកម្ពុជា​ ទទួលបានថវិកាបរិច្ចាគជិត​ ៥លានដុល្លារ​ ក្នុងត្រីមាសទី៣ ឆ្នាំ២០២៦

image

ភ្នំពេញ៖​ មូលនិធិគន្ធបុប្ផាកម្ពុជា បានឱ្យដឹងថា​ ក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មូលនិធិទទួលបានថវិកាបរិច្ចាគសរុបសមមូលនឹងប្រមាណ ៤ ៨២៧ ៩៦៥ដុល្លារ​ ពីសប្បុរសជនសរុបចំនួន ៤៨ ៣៧៦រូប គិតរួមទាំងការបរិច្ចាគដោយផ្ទាល់នៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប។

ស្របពេលជាមួយគ្នានេះ​ មន្ទីរពេទ្យគន្ធបុប្ផាបានទទួលពិនិត្យ និងព្យាបាលទារក កុមារ និងស្ត្រីមានផ្ទៃពោះសរុបចំនួន ៤៦១ ៨៤៨​ករណី ដែលរួមមានផ្នែកពិគ្រោះជំងឺក្រៅចំនួន ៣០៥ ១៨៦ករណី, ទារក និងកុមារមានជំងឺធ្ងន់ដាក់ឱ្យសម្រាកក្នុងមន្ទីរពេទ្យ ៨៣ ៦១៤ ករណី, ជំងឺគ្រុនឈាមចំនួន ២៥ ៤៦០ករណី, វះកាត់ទូទៅ ១០ ៤៣២ករណី,​ វះកាត់បេះដូង និងភ្ជិតប្រហោងបេះដូង ៣១៩ករណី, តាមដានផ្ទៃពោះចំនួន ៣១ ០៦៤ករណី និងសម្រាលកូន ៥ ៧៧៣ នាក់។ ចំពោះការចំណាយសរុបសមមូលនឹងចំនួនប្រមាណ ១៣ ៥៦៦ ៨៨៣ដុល្លារ។ 

មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសប្បុរសជនដែលបានផ្តល់ការគាំទ្រ និងបន្តបរិច្ចាគថវិកាសម្រាប់ចូលរួមទ្រទ្រង់ និងធានាឱ្យបាននូវនិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺដល់ទារក និងកុមារនៅកម្ពុជា ព្រមទាំងសេវាសម្ភពជូនស្ត្រីមានផ្ទៃពោះ ដោយឥតគិតថ្លៃ​ ប្រកបដោយគុណភាព និងមិនមានការរើសអើង។ 

មូលនិធិគន្ធបុប្ផាកម្ពុជា ត្រូវបានបង្កើតឡើង និងដាក់ឱ្យដំណើរការជាផ្លូវការ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ ដើម្បីកៀរគរអំណោយ ឧបត្ថម្ភធន​ និងវិភាគទានពីប្រភពស្របច្បាប់នានា ក្នុងគោលបំណងរួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីបង្ហាញពីសាមគ្គីភាពក្នុងស្មារតី “ខ្មែរជួយខ្មែរ” សំដៅលើកកម្ពស់សុខុមាលភាពទារក និងកុមារ ព្រមទាំងស្រ្តីមានផ្ទៃពោះ នៅកម្ពុជា។

សម្រាប់សាធារណជនដែលមានទឹកចិត្តសប្បុរស និងមានបំណងចូលរួមនាំក្ដីសង្ឃឹម និងភាពញញឹមដល់ទារក និងកុមារ ព្រមទាំងស្ត្រីមានផ្ទៃពោះ​ សូមចូលរួមបរិច្ចាគ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា តាមរយៈមធ្យោបាយបរិច្ចាគដោយឥតគិតថ្លៃសេវា ជាមួយគ្រឹះស្ថានហិរញ្ញវត្ថុជាដៃគូរបស់មូលនិធិ ឬតាមរយៈការទំនាក់ទំនងលេខទូរសព្ទ៖ ០៦១ ៧០ ១១១១ / ០១០ ៥៣៤ ៦៦៦៕