ព័ត៌មានជាតិ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងឱកាសដ៏វិសេសវិសាលប្រកបដោយសិរីមង្គលនៃពិធីចម្រើនជន្មាយុ

image

ភ្នំពេញ៖ អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏វិសេសវិសាល និងមហានក្ខត្តឫក្សប្រកបដោយសិរីមង្គលនៃពិធីចម្រើនជន្មាយុគម្រប់៤៩ឆ្នាំ ឈានចូល ៥០ឆ្នាំ។
ក្នុងសារលិខិត អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង បានលើកឡើងថា “ក្នុងឱកាសដ៏វិសេសវិសាល និងមហានក្ខត្តឫក្សប្រកបដោយសិរីមង្គលនៃពិធីចម្រើនជន្មាយុគម្រប់៤៩ឆ្នាំ ឈានចូល ៥០ឆ្នាំ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ នាងខ្ញុំ និងស្វាមី ព្រមទាំងសមាជិកសមាជិកាទាំងអស់នៃសមាគមសិល្បករខ្មែរ សូមសម្តែងនូវមនោសញ្ចេតនាអបអរសាទរ និងគារវៈគោរពជូនពរដ៏ស្មោះស្ម័គ្របំផុត ជូនចំពោះសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ជាទីគោរពដ៏ខ្ពង់ខ្ពស់។
ក្នុងនាមសមាគមសិល្បករខ្មែរ រូបនាងខ្ញុំផ្ទាល់ និងស្វាមី សូមសម្តែងនូវការគោរពកោតស្ញប់ស្ញែងចំពោះការលះបង់ កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងកិច្ចខិតខំប្រឹងប្រែងឥតងាករេរបស់ សម្តេចមហាបវរធិបតី ក្នុងបុព្វហេតុបម្រើជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ព្រមទាំងការបន្តជំរុញកំណែទម្រង់ ការពង្រឹង និងពង្រីកចំណងការទូត ការវិនិយោគ ពាណិជ្ជកម្ម អន្តរជាតិ និងការអភិវឌ្ឍលើគ្រប់វិស័យ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងពង្រឹងសមត្ថភាពប្រកួតប្រជែង លើឆាកអន្តរជាតិ។ ដោយឡែក នៅក្នុងវិស័យសិល្បៈវប្បធម៌ សម្តេចមហាបវរធិបតី បានដាក់ចេញនូវគោលនយោបាយ អាទិភាពក្នុងការថែរក្សា ការពារ អភិវឌ្ឍវិស័យសិល្បៈវប្បធម៌ និងអត្តសញ្ញាណជាតិ។ ពិសេស សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត តែងតែគិតគូរជាប់ជានិច្ចក្នុងការជួយសម្រាលទុក្ខលំបាក ផ្តល់ក្តីសង្ឃឹម និងការគាំពារសិល្បករ សិល្បការិនី ពិសេសសិល្បករចាស់ៗដែលបាត់បង់លទ្ធភាពសម្តែង ឬបម្រើវិស័យសិល្បៈ។ យើងខ្ញុំពិតជាមានជំនឿយ៉ាងមុតមាំ ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយឧត្តមគតិស្នេហាជាតិរបស់សម្តេចពិតជានឹងនាំកម្ពុជាឱ្យសម្រេចបាននូវសមិទ្ធផល យ៉ាងធំធេងជាប្រវត្តិសាស្ត្រជាច្រើន អាចជម្នះបាននូវរាល់ឧបសគ្គតូចធំ ពិសេសនឹងរឹងរឹតធ្វើឱ្យប្រទេសកម្ពុជាកាន់តែមានវឌ្ឍនភាព កិត្យានុភាពខ្ពង់ខ្ពស់ ប្រជាជនសម្បូរសប្បាយ រស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរសុភមង្គល និងវិបុលភាព។
ក្នុងទិវាប្រកបដោយក្តីសោមនស្សប្រពៃថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នាសូមគោរពបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយ ក្នុងលោក និងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមតាមជួយបីបាច់ថែរក្សា និងប្រទានពរជ័យ សិរីសួស្តី ជ័យមង្គលគ្រប់ ប្រការជូនចំពោះ សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងបុត្រាបុត្រី សូមជួបប្រទះតែនឹងសេច ក្តីសុខ សុភមង្គល ភាពកក់ក្តៅក្នុងក្រុមគ្រួសារ និងសម្រេចបានជោគជ័យត្រចះត្រចង់ក្នុងគ្រប់ភារកិច្ចដ៏ឧត្តុង្គឧត្តម ពិសេស សូមជួបប្រទះនូវពុទ្ធពរទាំងឡាយ ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕”