ព័ត៌មានជាតិ

ភោជនីយដ្ឋានល្បីឈ្មោះ យ៉ី សាង (YI SANG) ចុះកិច្ចព្រមព្រៀងពង្រីកសាខាថ្មីមកកាន់ទឹកដីខេត្តព្រះសីហនុ ដើម្បីរួមចំណែកលើកកម្ពស់វិស័យបដិសណ្ឋារកិច្ច និងទេសចរណ៍

image

ព្រះសីហនុ៖ លោក សាមុត សុធារិទ្ធ អភិបាលរងខេត្ត តំណាងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសិទ្ធិអាជីវកម្ម (Franchise) របស់ភោជនីយដ្ឋាន យ៉ី សាង (YI SANG) ក្រុមហ៊ុន ហសភិផលលីធី ខនសិប ឯ.ក  (Hospitality Concepts Co., Ltd )នៅសណ្ឋាគារ Queencoកាលពីល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦។
ថ្លែងក្នុងឱកាសនោះ លោក លូ ម៉េង (LUU MENG) នាយកប្រតិបត្តិក្រុមហ៊ុន Hospitality Concepts Co., Ltd បានលើកឡើងថា ចាប់តាំងពីការបង្កើតឡើងដំបូងក្នុងឆ្នាំ២០០៨ ភោជនីយដ្ឋាន យ៉ី សាង តែងតែមានមោទនភាពក្នុងការផ្តល់ជូននូវម្ហូបចិនកាតាំងរសជាតិដើម ដោយរួមបញ្ចូលគ្នារវាងសិល្បៈចម្អិនបែបប្រពៃណី គ្រឿងផ្សំក្នុងស្រុករបស់ខ្មែរ និងភាពកក់ក្តៅនៃបដិសណ្ឋារកិច្ចកម្ពុជា។ វត្តមានសាខាថ្មីនៅ Queenco នេះ នឹងនាំមកជូននូវមុខម្ហូបល្បីៗជាច្រើនដូចជា ឌីមសាំ សាច់ជ្រូកអាំង ស៊ុបប៉ូវកម្លាំង និងទាអាំងបែបប្រពៃណី ព្រមទាំងមានសេវាកម្មរៀបចំកម្មវិធីជួបជុំធំៗ លក្ខណៈគ្រួសារ និងមិត្តភាព។ លោកសង្ឃឹមថា ភាពជាដៃគូនេះនឹងចូលរួមចំណែកអភិវឌ្ឍន៍ខេត្តព្រះសីហនុ និងបង្កើតបទពិសោធន៍ម្ហូបអាហារដ៏សម្បូរបែបជូនភ្ញៀវជាតិ និងអន្តរជាតិ។
ជាមួយគ្នានេះ លោក សាមុត សុធារិទ្ធ បានសម្តែងការអបអរសាទរយ៉ាងកក់ក្តៅ និងគូសបញ្ជាក់ថា ការពង្រីកអាជីវកម្មនេះជាសមិទ្ធផលថ្មីមួយទៀតដែលឆ្លុះបញ្ចាំងពីទំនុកចិត្តយ៉ាងរឹងមាំរបស់វិនិយោគិនលើការដឹកនាំរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោកអភិបាលរងខេត្តបានបន្ថែមថា វត្តមានរបស់ភោជនីយដ្ឋាននេះ មិនត្រឹមតែជួយជំរុញកំណើនសេដ្ឋកិច្ចក្នុងខេត្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតឱកាសការងារ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។
បច្ចុប្បន្ន រដ្ឋបាលខេត្តព្រះសីហនុក៏កំពុងបន្តកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវន្តយ៉ាងសកម្ម ដូចជា ការស្តារផ្លូវថ្នល់ កែលម្អឆ្នេរសមុទ្រ និងរមណីយដ្ឋានក្បាលឆាយ ការរៀបចំវិថីថ្មើរជើង (Walking Street) នៅទីលានតេជោ ចំណតឆ្លាតវៃនៅឆ្នេរអូរឈើទាល (Smart Parking) កំពង់ផែទេសចរណ៍ស្តង់ដារ ព្រមទាំងការលើកកម្ពស់គុណភាពសេវាកម្មស្នាក់នៅ ម្ហូបអាហារ និងការកម្សាន្ត ដើម្បីត្រៀមស្វាគមន៍ភ្ញៀវទេសចរប្រកបដោយស្នាមញញឹម និងបដិសណ្ឋារកិច្ចល្អឥតខ្ចោះ៕