ព័ត៌មានជាតិ

សហស្ថាបនិកក្រុមហ៊ុនអន្តរជាតិ ជម្រាបសម្តេចធិបតីអំពីសកម្មភាពថតខ្សែភាពយន្តនៅក្នុងប្រទេសកម្ពុជារយៈពេល ៤ខែ ដោយតែងតែចិញ្ចឹមចិត្តថានឹងត្រឡប់មកកម្ពុជាម្ដងទៀត នាពេលអនាគត

image

លោកស្រីសហស្ថាបនិកក្រុមហ៊ុន Daubay Film Production បានគោរពជម្រាបជូនសម្ដេចធិបតីអំពីសកម្មភាពថតខ្សែភាពយន្តរបស់ក្រុមហ៊ុន នៅក្នុងប្រទេសកម្ពុជារយៈពេល ៤ខែ ដើម្បីផលិតខ្សែភាពយន្តនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។ លោកស្រីក៏បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងទេសចរណ៍ ដែលបានជួយទំនុកបម្រុង និងគាំទ្រដល់សកម្មភាពនៃការផលិតភាពយន្តរហូតទទួលបានជោគជ័យ។
មានប្រសាសន៍បែបនេះក្នុងឱកាសដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកស្រី Daubayeva Nurgul សហស្ថាបនិក និង ជាប្រធានផលិតករក្រុមហ៊ុន Daubay Film Production ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦, ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅរដ្ឋធានីអាស្ដាណា សាធារណរដ្ឋកាហ្សាក់ស្ថាន ពីថ្ងៃទី១៦ ដល់ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦។
លោកស្រីបានបន្តថា ក្រុមហ៊ុនរបស់លោកស្រីចងចាំយ៉ាងច្បាស់អំពីកម្ពុជា ដែលជាប្រទេសប្រកបដោយសម្បត្តិវប្បធម៌ និងប្រពៃណីដ៏ល្អថ្លៃថ្លា និងស្រស់ត្រកាល ជាមួយនឹងប្រជាជនដែលមានស្នាមញញឹមប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នា ដែលជាអ្វីដែលកម្ររកបាន និងធ្វើឱ្យលោកស្រី និងក្រុមការងារមានការចងចាំល្អៗអំពីកម្ពុជា ហើយតែងតែចិញ្ចឹមចិត្តថានឹងត្រឡប់មកកម្ពុជាម្ដងទៀត នាពេលអនាគត ដោយចាត់ទុកប្រទេសកម្ពុជាដូចជាប្រទេសកាហ្សាក់ស្ថានដែរ។
សម្ដេចធិបតី បានសម្ដែងនូវក្ដីសោមនស្សរីករាយដែលបានឮដោយផ្ទាល់នូវចំណាប់អារម្មណ៍ និងការចងចាំល្អៗអំពីប្រទេស និងប្រជាជនកម្ពុជា។ សម្ដេចធិបតី បានគូសបញ្ជាក់ថា ការណ៍នេះបង្ហាញអំពីភាពវិជ្ជមាននៃទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ ហើយជាពិសេស ខ្សែភាពយន្តដែលបានផលិតនៅកម្ពុជានឹងចូលរួមចំណែកយ៉ាងសំខាន់ដល់ការស្វែងយល់របស់ប្រជាជនកាហ្សាក់ស្ថានអំពីកម្ពុជាបន្ថែមទៀត ព្រមទាំងជួយទាក់ទាញទេសចរកាហ្សាក់ស្ថាន និងទេសចរសាសន៍ដទៃទៀត មកទស្សនាកម្ពុជាផងដែរ។ សម្ដេចធិបតីបានបន្តថា កម្ពុជាស្វាគមន៍ជានិច្ចចំពោះក្រុមហ៊ុន Daubay Film Production និងប្រជាជនកាហ្សាក់ស្ថាន ហើយរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងទេសចរណ៍ នឹងបន្តសម្របសម្រួល គាំទ្រ និងផ្ដល់ភាពងាយស្រួលដល់សកម្មភាពអាជីវកម្ម ដំណើរទេសចរណ៍ និងធុរកិច្ចនានារបស់ជនជាតិកាហ្សាក់ស្ថាននៅកម្ពុជា។
សម្ដេចធិបតី បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន Daubay Film Production ដែលបានមកផលិតភាពយន្ត និងជួយផ្សព្វផ្សាយអំពីកម្ពុជាទៅកាន់ពិភពលោកតាមរយៈខ្សែភាពយន្ត ព្រមទាំងបានស្នើឱ្យក្រុមហ៊ុនបន្តកិច្ចសហប្រតិបត្តិការនេះជាមួយរាជរដ្ឋាភិបាលកម្ពុជាបន្ថែមទៀតនាពេលខាងមុខ។ ជាមួយគ្នានេះ, សម្ដេចធិបតីក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តទំនាក់ទំនងជាប់ជាប្រចាំជាមួយក្រសួងស្ថាប័នកម្ពុជា ដែលត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់កិច្ចសម្របសម្រួលនានា៕

អត្ថបទ ៖ ហ៊ន សុភ័ក្រ