ព័ត៌មានជាតិ

សម្តេចធិបតី និងប្រធានាធិបតី នៃសាធារណរដ្ឋអ៊ូសបេគីស្ថានឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់កម្រិត

image

សម្តេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតី នៃសាធារណរដ្ឋអ៊ូសបេគីស្ថាន បានឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់កម្រិត តាមរយៈការលើកកម្ពស់ ការផ្លាស់ប្ដូរដំណើរទស្សនកិច្ចមន្ត្រីជាន់ខ្ពស់ឱ្យបានទៀងទាត់ និងទូលំទូលាយ, ការពង្រឹងយន្តការ នៃកិច្ចសហប្រតិបត្តិការទ្វេភាគី, និងការតភ្ជាប់រវាងវិស័យឯកជននៃប្រទេសទាំងពីរ ជាដើម។
ការឯកភាពគ្នានេះក្នុងឱកាសដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Shavkat Mirziyoyev ប្រធានាធិបតី នៃសាធារណរដ្ឋអ៊ូសបេគីស្ថាន នារសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ នៅរដ្ឋធានីបាគូ នៃសាធារណរដ្ឋអាស៊ែបៃហ្សង់។
ក្នុងឱកាសនៃជំនួប, ឯកឧត្តមប្រធានាធិបតីអ៊ូសបេគីស្ថាន បានសម្តែងក្តីសោមនស្សរីករាយ ដែលបានជួបពិភាក្សាការងារជាមួយសម្តេចធិបតី ព្រមទាំងបានបង្ហាញជំនឿជឿជាក់យ៉ាងមុតមាំថា ជំនួបជាមួយសម្ដេចធិបតី នាឱកាសនេះ នឹងកាន់តែជួយជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។
សម្ដេចធិបតីបានសម្តែងក្តីរីករាយដែលបានជួបពិភាក្សាការងារជាមួយឯកឧត្តមប្រធានាធិបតីអ៊ូសបេគីស្ថាន ព្រមទាំងបានផ្ញើសារអបអរសាទរយ៉ាងកក់ក្តៅដល់រដ្ឋាភិបាល និងប្រជាជនអ៊ូសបេគីស្ថាន ក្នុងឱកាសប្រារព្ធខួបឯករាជ្យលើកទី៣៥ របស់អ៊ូសបេគីស្ថាន។
ថ្នាក់ដឹកនាំទាំងពីរបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាង ៣ទសវត្សរ៍កន្លងមក និងបានបញ្ជាក់ថា ប្រទេសទាំងពីរនៅតែមានសក្ដានុពលជាច្រើនទៀត ក្នុងការជំរុញ និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី បន្ថែមទៀត ដើម្បីឧត្តមប្រយោជន៍ទៅវិញទៅមកនៃប្រជាជាតិទាំងពីរ។
ថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សា និង ផ្លាស់ប្តូរយោបល់គ្នាក្នុងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងការវិនិយោគ, ទេសចរណ៍, អប់រំ, ការផ្លាស់ប្តូរវប្បធម៌ និងការផ្លាស់ប្ដូរប្រជាជន និងប្រជាជន ៕

អត្ថបទ៖ ហ៊ន សុភ័ក្រ