នាយករដ្ឋមន្រ្តីអាស៊ែបៃហ្សង់ ៖ ដំណើរទស្សនកិច្ច និងវត្តមានរបស់សម្តេចធិបតី គឺជាការបើកផ្លូវបន្ថែមទៀត ដើម្បីជំរុញការកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែស៊ីជម្រៅ
ឯកឧត្តមនាយករដ្ឋមន្ត្រីអាស៊ែបៃហ្សង់ បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចធិបតី ដែលបានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូល CICA លើកទី៧ នាឱកាសនេះ។ ឯកឧត្តមបានបន្តថា ដំណើរទស្សនកិច្ច និងវត្តមានរបស់សម្តេចធិបតី គឺជាការបើកផ្លូវបន្ថែមទៀតដើម្បីជំរុញការពង្រឹង និងការពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែស៊ីជម្រៅថែមទៀត។ ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះការគាំទ្ររបស់កម្ពុជាដល់ប្រទេសអាស៊ែបៃហ្សង់ លើវេទិកាតំបន់ និងអន្តរជាតិ ជាពិសេសការបន្តគាំទ្រគ្នាទៅវិញទៅមកក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ។
ការលើកឡើងនេះក្នុងឱកាសដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Ali Asadov នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ នារសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូល នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) លើកទី៧ នៅរដ្ឋធានីបាគូ នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ពីថ្ងៃទី១១ ដល់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦។
សម្តេចធិបតីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនអាស៊ែបៃហ្សង់ ដែលបានផ្ដល់បដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅជូនគណៈប្រតិភូកម្ពុជាក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនាពេលនេះ។ សម្ដេចធិបតីបានវាយតម្លៃខ្ពស់លើកិច្ចសហប្រតិបត្តិការទ្វេភាគីកន្លងមក ព្រមទាំងប្ដេជ្ញាបន្តពង្រឹងទំនាក់ទំនងនេះ ឱ្យកាន់តែរីកចម្រើន ដើម្បីផលប្រយោជន៍នៃប្រជាជាតិទាំងពីរ។ សម្តេចធិបតី និង ឯកឧត្តម នាយករដ្ឋមន្ត្រី ក៏បានបន្តពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នា ដើម្បីពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ, ការផ្លាស់ប្តូរបទពិសោធន៍ និងពង្រឹងការបណ្តុះបណ្តាល លើសកម្មភាពបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ, ការធានាឱ្យបាននូវសន្តិសុខថាមពល, ការពង្រឹងការតភ្ជាប់ក្នុងវិស័យដឹកជញ្ជូន និងភស្តុភារកម្ម, និងកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ និងការពារជាតិ ព្រមទាំងការបន្តប្រពៃណីនៃការផ្លាស់ប្ដូរអាហារូបករណ៍ក្នុងគោលដៅលើកកម្ពស់វិស័យអប់រំ និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ដែលជាគ្រឹះយ៉ាងសំខាន់ក្នុងការបង្កើនការយល់ដឹងពីគ្នា និងរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។
ក្នុងវិស័យរដ្ឋាភិបាលឌីជីថល, សម្តេច ធិបតី និង ឯកឧត្តម នាយករដ្ឋមន្ត្រី បានឯកភាពគ្នាក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុង វិស័យសេវាសាធារណៈជូនប្រជាពលរដ្ឋ តាមរយៈ ការចែករំលែកចំណេះដឹង និងការចូលរួមអភិវឌ្ឍប្រព័ន្ធឌីជីថលនៅកម្ពុជា ដើម្បីធានាថាការផ្តល់សេវាជូនប្រជាពលរដ្ឋកាន់តែមានភាពពេញលេញ និងទាន់ពេល៕
អត្ថបទ៖ ហ៊ន សុភ័ក្រ