ព័ត៌មានជាតិ

រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ ដែលរងកម្មវិបាកពីសម្ពាធថ្លៃប្រេង និងឧស្ម័នឥន្ធនៈនៅថ្ងៃទី១៦ ខែតុលា នេះ

image

ភ្នំពេញ៖​ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាល ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ ដែលរងកម្មវិបាកពីសម្ពាធថ្លៃប្រេង និងឧស្ម័នឥន្ធនៈ ដេីម្បីន្តជួយសម្រាលបន្ទុកជីវភាពគ្រួសារក្រីក្រ និងងាយរងហានិភ័យ ដែលរងការប៉ះពាល់​ពីពហុវិបត្តិដែលកម្ពុជាបាននិងកំពុងជួបប្រទះ។

ការផ្តល់ប្រាក់ឧបត្ថម្ភនេះ ធ្វើឡើងចំនួន ៤លើក ក្នុងឆ្នាំ២០២៦ ដោយលើកទី១ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦, លើកទី២ នៅថ្ងៃ១៦ ខែតុលា ឆ្នាំ២០២៦,​ លើកទី៣ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ និង លើកទី៤ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៦។

លោក ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ​ក្រុមប្រឹក្សាជាតិគាំពារសង្គម មានប្រសាសន៍ថា ដោយកម្ពុជា បាននិងកំពុងបន្តជួបពហុវិបត្តិដែលកើតមានឡើងជាបន្តបន្ទាប់ រួមមាន​ ការផ្លាស់ប្តូររបបពាណិជ្ជកម្មសកល, ការកើនឡើងនៃភាពតានតឹងភូមិសាស្ត្រនយោបាយ, សង្គ្រាមឈ្លានពាន និងការរំលោភបំពានមកលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា, និងសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា ដែលផ្ដល់កម្មវិបាកអវិជ្ជមានដល់ការផ្គត់ផ្គង់ថាមពលសកល ជាដើម។

លោក ចន ណារិទ្ធ​ បានបន្តថា​ រាជរដ្ឋាភិបាលបានសម្រេចដាក់ឱ្យអនុវត្ត “កម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយឆ្លើយតបនឹងសភាពការណ៍ពហុវិបត្តិ ក្នុងគោលដៅបង្កើតមុខរបរ និងការងារ, ធានាលំនឹងជីវភាពប្រជាជន និងពង្រឹងភាពធន់នៃសេដ្ឋកិច្ច និងសង្គមកម្ពុជា សម្រាប់រយៈពេលខ្លី និងមធ្យមខាងមុខ”។ ក្នុងចំណោមអន្តរាគមន៍នានា រាជរដ្ឋាភិបាលបានដាក់ចេញឱ្យអនុវត្ត “កម្មវិធីឧបត្ថម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាល ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ ដែលរងកម្មវិបាកពីសម្ពាធថ្លៃប្រេង និងឧស្ម័នឥន្ធនៈ” នេះឡើងនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦។

លោក​ ចន ណារិទ្ធ បានស្នើឱ្យពលរដ្ឋដែលមានបណ្ណសមធម៌ បណ្ណគ្រួសារងាយរងហានិភ័យ ដែលមានសុពលភាពទាំងអស់មេត្តារក្សាបណ្ណ និងលេខកូដឱ្យបានល្អ និងទៅបើកប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលលើកទី២ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ នៅតាមបញ្ជរវីងគ្រប់ទីកន្លែងនៅទូទាំងប្រទេស។

សូមជម្រាបថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាល ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ ដែលរងកម្មវិបាកពីសម្ពាធថ្លៃប្រេង និងឧស្ម័នឥន្ធនៈ នឹងផ្តល់សាច់ប្រាក់ដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ​ មានបណ្ណសមធម៌ និងគ្រួសារមានបណ្ណងាយរងហានិភ័យ មានសុពលភាព ប្រមាណ ៤លាន ៥សែននាក់ នៅទូទាំងប្រទេស។

កន្លងមករាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សាជាតិគាំពារសង្គម តែងតែគិតគូរ និងយកចិត្តទុកដាក់ជាប្រចាំ លើសុខុមាលភាព និងជីវភាពរស់នៅរបស់ពលរដ្ឋ ជាពិសេសក្នុងគ្រាមានគ្រោះអាសន្ន តាមរយៈការដាក់ចេញនូវកម្មវិធីអន្តរាគមន៍ពិសេសមួយចំនួន ដូចជា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩, កម្មវិធីជំនួយសង្គម ជាសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យក្នុងអំឡុងមានសម្ពាធអតិផរណា ក៏ដូចជាកម្មវិធីអន្តរាគមន៍ពិសេសនានាជូន គ្រួសារភៀសសឹក ដោយសារជម្លោះព្រំដែន ផងដែរ៕