ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីវៀតណាម អញ្ជើញទស្សនកិច្ចតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ របស់អ្នកឧកញ៉ា គិត ម៉េង និងរោងចក្រផលិតទឹកដោះគោអង្គរមីល ដើម្បីស្វែងយល់ពីសក្តានុពលវិនិយោគ និងសកម្មភាពផលិតកម្មនៅកម្ពុជា

image

ភ្នំពេញ៖ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) សមាជិកការិយាល័យនយោបាយមជ្ឈិមបក្ស និងជានាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញទស្សនកិច្ចតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ របស់អ្នកឧកញ៉ា គិត ម៉េង និងរោងចក្រ អង្គរ ឌែរី ប្រូដាក ខូអិលធីឌី (Angkor Dairy Products Co., Ltd.) ដែលជារោងចក្រផលិតផលទឹកដោះគោម៉ាក អង្គរមីល (Angkor Milk) និងជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន វីណាមីល (Vinamilk) របស់វៀតណាម ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ។
ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់នាយករដ្ឋមន្ត្រីវៀតណាម និងគណៈប្រតិភូអមដំណើរ ក្នុងដំណើរទស្សនកិច្ចទៅកាន់តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ (RGPPSEZ)។
ដំណើរទស្សនកិច្ចនេះ បានផ្តល់ឱកាសដល់គណៈប្រតិភូស្វែងយល់អំពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ បរិយាកាសវិនិយោគ និងសកម្មភាពផលិតកម្មឧស្សាហកម្មនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ព្រមទាំងតួនាទីរបស់តំបន់នេះក្នុងការទាក់ទាញវិនិយោគិន បង្កើតការងារ និងចូលរួមជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។ ជាមួយគ្នានេះ ការអញ្ជើញទស្សនកិច្ចរោងចក្រ អង្គរ ឌែរី ប្រូដាក ក៏បានបង្ហាញពីសកម្មភាពវិនិយោគ និងផលិតកម្មរបស់ក្រុមហ៊ុនដែលមានមូលដ្ឋានពីវៀតណាមមកកម្ពុជា។
ម្យ៉ាងទៀតដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីវៀតណាមទៅកាន់តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ និងរោងចក្រ អង្គរ ឌែរី ប្រូដាក បានប្រព្រឹត្តទៅក្នុងបរិបទដែលទំនាក់ទំនងសេដ្ឋកិច្ច និងការវិនិយោគរវាងប្រទេសទាំងពីរកាន់តែក្លាយជាផ្នែកដ៏សំខាន់មួយនៃកិច្ចការពង្រឹងកិច្ចសហប្រតិបត្តិការកម្ពុជា-វៀតណាម។ ការផ្លាស់ប្តូរទស្សនកិច្ច និងការស្វែងយល់អំពីសកម្មភាពអាជីវកម្មជាក់ស្តែងនេះ ក៏អាចជួយបង្កើនការយល់ដឹងអំពីឱកាសវិនិយោគ ពាណិជ្ជកម្ម និងសក្តានុពលនៃកិច្ចសហប្រតិបត្តិការរវាងវិស័យឯកជននៃប្រទេសទាំងពីរផងដែរ។
តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៦ ដោយមានចក្ខុវិស័យក្លាយជាមជ្ឈមណ្ឌលឧស្សាហកម្មឈានមុខគេ សម្រាប់ក្រុមហ៊ុនផលិតកម្មក្នុងវិស័យចម្រុះ និងជួយបង្កើតឱកាសការងារជាច្រើនសម្រាប់ប្រជាជនកម្ពុជា។ តំបន់នេះបានដើរតួនាទីជាវេទិកាសម្រាប់សហគ្រាសក្នុងស្រុក និងវិនិយោគិនអន្តរជាតិ ក្នុងការបង្កើតមូលដ្ឋានផលិតកម្ម និងភ្ជាប់សកម្មភាពឧស្សាហកម្មទៅនឹងទីផ្សារក្នុងតំបន់ និងអន្តរជាតិ។
ជាមួយនឹងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស ការរីកចម្រើននៃសកម្មភាពពាណិជ្ជកម្ម និងការផលិតកម្ម ក៏បានឆ្លុះបញ្ចាំងតាមរយៈកំណើននៃការនាំចេញ ការនាំចូល និងចំនួនកម្លាំងពលកម្មដែលបម្រើការងារនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ និងរ៉ូយ៉ាល់ គ្រុប កណ្តាល ចេញផ្សាយនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ បានឲ្យដឹងថា ការនាំចេញសរុបពីតំបន់សេដ្ឋកិច្ចពិសេសទាំងពីរ ចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ២០២៦ សម្រេចបានទឹកប្រាក់ចំនួន ១.៩០៧លានដុល្លារអាមេរិក កើនឡើង ៤៥% បើធៀបនឹងទឹកប្រាក់ចំនួន ១.៣១១លានដុល្លារអាមេរិក ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។
ក្នុងរយៈពេលដូចគ្នានេះ ការនាំចូលសរុបក៏បានកើនឡើងដល់ ២.១៦០លានដុល្លារអាមេរិក ពោលគឺកើនឡើង ៦១% បើធៀបនឹងទឹកប្រាក់ចំនួន ១.៣៤២លានដុល្លារអាមេរិក ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ចំណែកចំនួនបុគ្គលិក និងកម្មករដែលកំពុងបម្រើការងារនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសទាំងពីរ គិតត្រឹមខែសីហា ឆ្នាំ២០២៦ បានកើនឡើងដល់ ៦៣.៣៤៤នាក់ បើធៀបនឹង ៥៤.១៩៥នាក់ ក្នុងខែសីហា ឆ្នាំ២០២៥ ដែលស្មើនឹងកំណើន ១៧%។ តួលេខនេះបង្ហាញពីការកើនឡើងនៃតម្រូវការកម្លាំងពលកម្ម ស្របពេលដែលសកម្មភាពផលិតកម្ម និងប្រតិបត្តិការអាជីវកម្មនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសទាំងពីរមានការរីកចម្រើន៕
អត្ថបទ៖ ចេង ឆហួត រូបភាព៖ អ៊ុន ផាន់ណាត់ និងកែវ សារិទ្ធ