ព័ត៌មានជាតិ

ទេសចរណ៍រវាងកម្ពុជា និងវៀតណាម សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា "ជំហានបន្ទាប់ គឺត្រូវប្រែក្លាយរំហូរទេសចរណ៍ដែលមានស្រាប់ទៅជាកិច្ចសហប្រតិបត្តិការទេសចរណ៍កាន់តែស៊ីជម្រៅ"

image

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា "ទេសចរណ៍រវាងកម្ពុជា និងវៀតណាមមានមូលដ្ឋានរឹង មាំរួចទៅហើយ ប៉ុន្តែខ្ញុំយល់ថា យើងអាចធ្វើបានច្រើនជាង នេះ។ ជំហានបន្ទាប់ គឺត្រូវប្រែក្លាយរំហូរទេសចរណ៍ដែលមានស្រាប់ទៅជាកិច្ចសហប្រតិបត្តិការទេសចរណ៍កាន់តែស៊ីជម្រៅ។ ក្នុងស្មារតីនេះសម្តេចធិបតីក៏សូមលើកទឹកចិត្តដល់ក្រសួង ស្ថាប័ន និង វិស័យឯកជននៃប្រទេសទាំងពីរ ជាពិសេសក្រុមហ៊ុនអាកាស- ចរណ៍, ក្រុមហ៊ុនទេសចរណ៍, សណ្ឋាគារ, និងអ្នកផ្តល់សេវា ពាក់ព័ន្ធ ឱ្យបង្កើនការផ្សព្វផ្សាយរួមគ្នា និងអភិវឌ្ឍផលិតផល និងកញ្ចប់ទេសចរណ៍រួម កម្ពុជា-វៀតណាម ដែលភ្ជាប់ គោលដៅទេសចរណ៍ធម្មជាតិ, វប្បធម៌ និងបេតិកភណ្ឌ, ទេសចរណ៍ទីក្រុង, ទេសចរណ៍ឆ្នេរ, ព្រមទាំងទេសចរណ៍ សុខភាព"។

នេះជាការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងឱកាសសម្តេច និងឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជើញជាអធិបតីក្នុងវេទិកាធុរកិច្ចកម្ពុជា-វៀតណាម នៅរាជធានភ្នំពេញ នាល្ងាចថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦នេះ ។

សម្តេចធិបតី បានបន្តថា "ការតភ្ជាប់កាន់តែប្រសើររវាងប្រទេសយើងទាំងពីរ មិនត្រឹមតែជួយសម្រួលដល់ការដឹកជញ្ជូនទំនិញប៉ុណ្ណោះទេ ប៉ុន្តែក៏ អាចជំរុញការធ្វើដំណើរ និងវិស័យទេសចរណ៍ ឱ្យកាន់តែ រីកចម្រើនផងដែរ"។

សម្តេចធិបតី បញ្ជាក់ថា "វិស័យនេះមានសក្តានុពលធំធេង ដែល ប្រទេសយើងទាំងពីរមិនទាន់ទាញយកបានពេញលេញនៅ ឡើយ។ ក្នុងឆ្នាំ២០២៥ កម្ពុជាបានទទួលភ្ញៀវទេសចរវៀតណាម ប្រមាណជាង ១ លាននាក់ ដែលធ្វើឱ្យវៀតណាមក្លាយជាទី ផ្សារទេសចរណ៍ធំជាងគេរបស់កម្ពុជា។ ទន្ទឹមគ្នានេះប្រជាជន កម្ពុជាកាន់តែច្រើនក៏កំពុងជ្រើសរើសវៀតណាមជាគោលដៅ សម្រាប់ទេសចរណ៍ និងសេវាសុខភាព ផងដែរ។ ក្នុងឆ្នាំ ២០២៥ ភ្ញៀវទេសចរពីកម្ពុជាទៅវៀតណាមបានកើនឡើង ប្រមាណ ៤៥% បើធៀបនឹងឆ្នាំ២០២៤"៕

អត្ថបទ៖ ហ៊ន សុភ័ក្រ
រូប៖ អេង សុគុណ,លឹម មុនី,អ៊ុន ផាន់ណាត