សម្តេចធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តមនាយករដ្ឋមន្រ្តីវៀតណាម បានអញ្ជើញជាអធិបតីក្នុងវេទិកាធុរកិច្ចកម្ពុជា-វៀតណាម ឆ្នាំ២០២៦ ដើម្បីរួមគ្នាទាញយកផលប្រយោជន៍ឱ្យបានជាអតិបរមាពីសក្តានុពលវិនិយោគដ៏ធំធេងនៃប្រទេសយើងទាំងពីរ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជើញជាអធិបតីក្នុងវេទិកាធុរកិច្ចកម្ពុជា-វៀតណាម នៅរាជធានភ្នំពេញ នាល្ងាចថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦នេះ ក្នុងឱកាសអញ្ជើញទស្សនកិច្ចផ្លូវការនៅកម្ពុជា។
ឯកឧត្តម ង៉ូ វ៉ាន់ ធឿន សមាជិកគណៈកម្មាធិការមជ្ឍឹមបក្ស កុម្មុយនិស្តវៀតណាម រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុវៀតណាមបានថ្លែងបង្ហាញពីបញ្ហាប្រឈម និងសំណូមពរនានាដែលវិស័យឯកជន នៃប្រទេសទាំង២បានជួបប្រជុំគ្នា។ ឯកឧត្តមសមាជិកគណៈកម្មាធិការមជ្ឍឹមបក្ស កុម្មុយនិស្តវៀតណាម រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុវៀតណាមក៏បានថ្លែង នូវការអរគុណរដ្ឋាភិបាល នៃប្រទេសទាំងពីរដែលបានខិតខំប្រឹងប្រែងសម្របសម្រួលនិតិវិធីវិនិយោគនានា ក្នុងន័យជំរុញសេដ្ឋកិច្ច និងវិនិយោគ នៃប្រទេសទាំងពីរ។
ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាមបានថ្លែងថា “ សហគ្រាសវៀតណាមបានវិនោយោគនៅកម្ពុជា ដែលបានចូលរួមបង្កើតការងារដល់ប្រជាជនកម្ពុជា”។
ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានបន្តថា” ខ្ញុំ និងនាយករដ្ឋមន្រ្តី កម្ពុជា បានមានជំនួនទ្វេរភាគី ហើយថ្នាក់ដឹកនាំទាំងពីរបានប្តេជ្ញាក្នុងការខិតខំតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ សម្រួលនិតិវិធីនានា និងទទួលយកបញ្ហាប្រឈមនានាពីវិស័យឯកជន ដើម្បីដោះស្រាយរួមគ្នា”។
ឯកឧត្តម នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាមបានថ្លែងស្នើដល់ក្រសួងស្ថាប័ន នៃប្រទេសទាំងពិរកម្ពុជា វៀតណាម បន្តជំរុញកិច្ចសហប្រតិបត្តិការរួមគ្នា ដើម្បីតភ្ជាប់ទំនាក់ទំនងគ្នា និងស្នើដល់វិនិយោគិនវៀតណាមនៅកម្ពុជាគោរពច្បាប់កម្ពុជា ចូលរួមការងារមនុស្សធម៌នៅកម្ពុជា ចូលរួមការពារបរិស្ថាន។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា “ខ្ញុំសូមថ្លែងអំណរគុណ និង វាយតម្លៃខ្ពស់ចំពោះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសមាគម ក្រសួង ពាណិជ្ជកម្ម ស្ថានទូតវៀតណាមប្រចាំកម្ពុជា សភាពាណិជ្ជកម្ម កម្ពុជា និងសមាគមធុរកិច្ចវៀតណាម-កម្ពុជា ដែលបាន សហការរៀបចំវេទិកាដ៏មានសារៈសំខាន់នេះឡើង។ វត្តមានដ៏ច្រើនកុះកររបស់ធុរជនកម្ពុជា និងវៀតណាមនាថ្ងៃនេះ បានឆ្លុះបញ្ចាំងពីទំនុកចិត្ត និងចំណាប់អារម្មណ៍របស់វិស័យឯកជនក្នុងការពង្រីកកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្ម វិនិយោគ និងធុរកិច្ចរវាងប្រទេសយើងទាំងពីរ"។
សូមជម្រាបថា វេទិកាធុរកិច្ចកម្ពុជា-វៀតណាម" នឹងដើរតួនាទីបន្ថែមជាយន្តការដ៏មានសារៈសំខាន់ ក្នុងការបន្តផ្សារភ្ជាប់ទំនាក់ទំនងរវាងស្ថាប័នរដ្ឋ និងវិស័យឯកជននៃប្រទេសទាំងពីរ ពិសេសជាយន្តការផ្លាស់ប្តូរ នូវព័ត៌មាន និងការយល់ដឹងអំពីសក្តានុពល និងកាលានុវត្តភាពធុរកិច្ច និងវិនិយោគ ដើម្បីរួមគ្នាទាញយកផលប្រយោជន៍ឱ្យបានជាអតិបរមាពីសក្តានុពលវិនិយោគដ៏ធំធេងនៃប្រទេសយើងទាំងពីរ៕
អត្ថបទ៖ ហ៊ន សុភ័ក្រ
វីដេអូ៖ អេង សុគុណ,លឹម មុនី