នាយករដ្ឋមន្ត្រីវៀតណាម ជម្រាបជូនសម្ដេចតេជោ ពីបំណងជំរុញពាណិជ្ជកម្មនៅតាមព្រំដែន រវាងកម្ពុជានិងវៀតណាម ឲ្យមានភាពមមាញឹក និងរីកចម្រើន
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យលោក ឡេ មិញហ៊ឹង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបសម្ដែងការគួរសម នៅវិមានសាមគ្គីភាព រាជធានីភ្នំពេញ។
យោងតាម លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងក្រោមជំនួបថា សម្ដេចបានចាត់ទុកនូវដំណើរទស្សនកិច្ច របស់លោកនាយករដ្ឋមន្ត្រីវៀតណាម មកកាន់កម្ពុជានៅពេលនេះ នឹងញ៉ាំងទំនាក់ទំនងរវាងកម្ពុជានិងវៀតណាម កាន់តែរឹងមាំបន្ថែមទៀត។
នៅក្នុងឱកាសនោះ លោក ឡេ មិញហ៊ឹង បានឡើងថាសម្ដេចតេជោ គឺជាមិត្តដ៏ជិតស្និតបំផុតរបស់វៀតណាម ទន្ទឹមនឹងនេះ លោកក៏បានលើកឡើង ដោយសរសើរពីភាពរីកចម្រើន នៅក្នុងប្រទេសកម្ពុជា ដែលបច្ចុប្បន្ននេះមានការអភិវឌ្ឍជាបន្តបន្ទាប់។ លោកក៏អបអរសាទចំពោះកម្ពុជា ដែលបានរៀបចំយ៉ាងជោគជ័យ នូវសន្និសីទប្រធានសភាអន្តរសភា កាលពីពេលថ្មីៗកន្លងទៅ ស្របជាមួយនេះលោក ឡេ មិញហ៊ឹង ក៏បានជូនពរកម្ពុជាដែលត្រៀមខ្លួន ជាម្ខាស់ផ្ទះរៀបចំនូវកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នៅខែវិចិ្ឆកាខាងមុខនេះ។
លោក ឡេ មិញហ៊ឹង ក៏បានរាយការណ៍ជូនសម្ដេចតេជោ អំពីជំនួបជាមួយសម្ដេចតេជោសម្ដេចធិបតី ហ៊ុនម៉ាណែត ដោយបានជជែកគ្នាទាក់ទងទៅនឹង ការពង្រឹងទំនាក់ទំនងទ្វេភាគី រវាងកម្ពុជានិងវៀតណាម ឲ្យកាន់តែរឹងមាំ ហើយជាពិសេសគឺផ្ដោតទៅលើពាណិជ្ជកម្មសេដ្ឋកិច្ច និងការវិនិយោគដែលធ្វើយ៉ាងណាជំរុញការធ្វើពាណិជកម្ម រវាងប្រទេសទាំងពីរ នឹងឲ្យកាន់តែកើនឡើងដល់ចំណុចដែលកត់សម្គាល់។
លោកបានជម្រាបសម្ដេចតេជោ ដោយផ្ដោតសំខាន់ទៅលើពាណិជ្ជកម្មនៅតាមព្រំដែន រវាងកម្ពុជានិងវៀតណាម ឲ្យមានភាពមមាញឹកថែមទៀត ដើម្បីជំរុញនូវសេដ្ឋកិច្ចឲ្យកាន់តែរីកចម្រើនរវាងប្រទេសទាំងពីរ។
ជាការឆ្លើយតប សម្ដេចតេជោ បានសម្ដែងការពេញចិត្តចំពោះការលើកឡើងរបស់ លោក ឡេ មិញហ៊ឹង ជុំវិញទំនាក់ទំនងរវាងកម្ពុជានិងវៀតណាម ហើយជាពិសេសគឺពាណិជ្ជកម្មសេដ្ឋកិច្ច និងការវិនិយោគ ដែលសម្ដេចតេជោបានលើកឡើង នៅចំពោះមុខលោកថា ពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគនេះ គឺជាចំណេចស្នូរនៃទំនាក់ទំនងរវាងកម្ពុជានិងវៀតណាម ដោយសម្ដេចជំរុញបន្ថែមទៀត ឲ្យរដ្ឋាភិបាលនៃប្រទេសទាំងពីរ ខិតខំប្រឹងប្រែងយកចិត្ដទុកដាក់ ក្នុងការជំរុញនូវពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាមឲ្យមានការកើនឡើង។
សម្ដេចក៏បានសម្ដែងនូវការពេញចិត្ត ចំពោះទំហំពាណិជកម្មរវាងប្រទេសទាំងពីរ ដែលមានការកើនឡើងជាបន្តបន្ទាប់ ដែលសម្ដេចបានឃើញនូវការដាក់គោលដៅ រវាងប្រទេសទាំងពីរ ដែលមានជាមួយគ្នាស្ទើរតែគ្រប់វិស័យនាពេលកន្លងមក ហើយកិច្ចការទាំងអស់នេះ ដែលញ៉ាំងទំនាក់ទំនងរវាងប្រទេសទាំងពីរ ឲ្យកាន់តែរីកចម្រើនផងដែរ។
សូមបញ្ជាក់ថា លោក ឡេ មិញ ហ៉ឺង បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ មកដល់កម្ពុជា កាលពីវេលាថ្ងៃត្រង់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ តបតាមការអញ្ជើញរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា៕
អត្ថបទ៖ ឈឹម ធីតា