ថ្ងៃបិណ្ឌវេនទី១៣! អ្នកឧកញ៉ា គិត ម៉េង និងអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ព្រមទាំងក្រុមគ្រួសារ បាននាំយកទេយ្យទានប្រគេនព្រះសង្ឃក្នុងវត្តបទុមវតី
ភ្នំពេញ៖ អ្នកឧកញ៉ា គិត ម៉េង និងអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ព្រមទាំងក្រុមគ្រួសារ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦ បាននាំយកបច្ច័យ និងទេយ្យវត្ថុ ទៅប្រគេនព្រះសង្ឃក្នុងវត្តបទុមវតីរាជវរារាម ហៅថា វត្តបទុមវតី ដើម្បីចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១៣ និងឧទ្ទិសកុសលជូនដល់បុព្វការីជន ជីដូនជីតា ញាតិការទាំងប្រាំពីរសន្តាន ព្រមទាំងឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធ វីរៈកងទ័ពពលីលើសមរភូមិ ក្នុងពេលបំពេញបេសកកម្ម ការរពារបូរណភាពទឹកដីក្នុងរយៈកាលកន្លងមក។
ព្រមជាមួយគ្នានោះ អ្នកឧកញ៉ា គិត ម៉េង និងអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ក៏មានសទ្ធាបន្ថែមជូនថវិកា ដល់លោកតា លោកយាយ ពុទ្ធបរិស័ទ និងកងកម្លាំងការពារសណ្តាប់ធ្នាប់ ព្រមទាំងកុមារា កុមារី ដែលបានមកចូលរួមនៅទីនោះផងដែរ។
សូមជម្រាបថា បុណ្យភ្ជុំបិណ្ឌជាពិធីបុណ្យប្រពៃណីសាសនាដ៏សំខាន់មួយរបស់ប្រជាជនខ្មែរ ដែលមានរយៈពេល ១៥ថ្ងៃ រួមមានបុណ្យកាន់បិណ្ឌ ១៤ថ្ងៃ និងថ្ងៃបុណ្យភ្ជុំបិណ្ឌ ដោយប្រជាពលរដ្ឋធ្វើជាចង្ហាន់រាប់បាត្រប្រគេនព្រះសង្ឃ។
ពិធីបុណ្យនេះផ្តោតលើការគោរពដឹងគុណចំពោះបុព្វបុរស និងញាតិការដែលបានចែកឋាន ព្រមទាំងការធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា៕
អត្ថបទ៖ ចេង ឆហួត រូបភាព៖ លឹម មុនី, អ៊ុន ផាត់ណាត់