គ្រឹះស្ថានផលិតឱសថ ប៉េប៉េអឹម និងក្រុមហ៊ុន BIOCODEX មកពីប្រទេសបារាំង បានបើកពិធីសម្ពោធជាផ្លូវការឡើងវិញនូវផលិតផល Bioflor នៅកម្ពុជា
ភ្នំពេញ៖ គ្រឹះស្ថានផលិតឱសថ ប៉េប៉េអឹម (PPM) និងក្រុមហ៊ុន BIOCODEX ដែលជាក្រុមហ៊ុនឱសថឈានមុខគេមកពីប្រទេសបារាំង បានបើកពិធីសម្ពោធជាផ្លូវការឡើងវិញនូវផលិតផល Bioflor នៅកម្ពុជា គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងវិស័យសុខាភិបាល ដោយមានកិច្ចសហការនិងដៃគូយុទ្ធសាស្ត្ររវាងក្រុមហ៊ុនទាំងពីរនេះ។
ឧកញ៉ា ឱសថបណ្ឌិត ហៃ លីអ៊ាង ដែលជាស្ថាបនិក និងជាប្រធានអគ្គនាយកនៃគ្រឹះស្ថានផលិតឱសថ ប៉េប៉េអឹម (PPM) មានប្រសាសន៍ថា ផលិតផល Bioflor ជាឱសថប្រូបាយអូទិក (Probiotic) ដ៏ល្បីល្បាញ ដែលមានប្រភពដើមមកពីប្រទេសបារាំង ប្រើប្រាស់សម្រាប់ការពារ និងព្យាបាលជំងឺរាករូស (Diarrhea) រក្សាតុល្យភាពមីក្រូប៊ីយ៉ូត (Microbiota) ឬបាក់តេរីល្អនៅក្នុងពោះវៀន ទាំងមនុស្សពេញវ័យ និងកុមារ។
ឧកញ៉ា ឱសថបណ្ឌិត បានបន្តថា PPM គឺជាគ្រឹះស្ថានផលិត និងចែកចាយឱសថឈានមុខគេមួយនៅកម្ពុជា ដែលទទួលបានសិទ្ធិ និងទំនុកចិត្តពី BIOCODEX ក្នុងការនាំយកឱសថស្តង់ដារអន្តរជាតិនេះមកចែកចាយឡើងវិញជូនដល់ប្រជាជនកម្ពុជា។ ដើម្បីបង្កើនការយល់ដឹងអំពីប្រសិទ្ធភាព និងគុណភាពកម្រិតខ្ពស់នៃឱសថ Bioflor ដល់វេជ្ជបណ្ឌិត ឱសថការី និងអ្នកជំនាញសុខាភិបាលនៅកម្ពុជា ព្រមទាំងពង្រឹងការថែទាំសុខភាពប្រព័ន្ធរំលាយអាហារឱ្យកាន់តែមានសុវត្ថិភាព និងប្រសិទ្ធភាព។
ក្រៅពីពិធីសម្ពោធឡើងវិញ កម្មវិធីនេះក៏មានការរៀបចំជាវេទិកាជជែកពិភាក្សា និងចែករំលែកចំណេះដឹងផ្នែកវេជ្ជសាស្ត្រ ក្រោមប្រធានបទ «ការគ្រប់គ្រង ព្យាបាលបញ្ហារាក និងរាកដោយសារឱសថអង់ទីប៊ីយ៉ូតិច»។ ផលិតផល Bioflor គឺជាឱសថប្រូបាយអូទិក (Probiotic) កម្រិត ២៥០ មីលីក្រាម ដែលមានផ្ទុកមេផ្សិតរស់ មានប្រសិទ្ធភាពខ្ពស់ និងសុវត្ថិភាពក្នុងការការពារ និងព្យាបាលជំងឺរាកស្រួចស្រាវចំពោះកុមារ និងមនុស្សពេញវ័យ ក៏ដូចជាជួយរក្សាតុល្យភាពប្រព័ន្ធរំលាយអាហារ។ តាមរយៈរៀបចំកម្មវិធីវេទិកាជជែកពិភាក្សា និងចែករំលែកចំណេះដឹងដល់ឱសថការី លោកគ្រូ អ្នកគ្រូ និងសិស្សនិស្សិត ដែលមានការអញ្ចើញចូលរួមប្រមាណ ៥០០នាក់ ក្រោមប្រធានបទ «ការគ្រប់គ្រង ព្យាបាលបញ្ហារាក និងរាកដោយសារឱសថអង់ទីប៊ីយ៉ូតិច» នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ ឯសណ្ឋាគារ Hyatt Regency Phnom Penh។
លើសពីនេះ វេទិកាចែករំលែកពិសេសនេះ ក្រោមវត្តមានវាគ្មិនកិត្តិយស សាស្ត្រាចារ្យមហាបរិញ្ញា ជ័យ វិទ្យា, វេជ្ជបណ្ឌិតឯកទេស សាន់ ចាន់ណា ឯកទេស ថ្លើមក្រពះ ពោះវៀន និងឬសដូងបាត បម្រើការនៅមន្ទីរពេទ្យកាល់ម៉ែត, លោកវេជ្ជបណ្ឌិតឯកទេស ឈាង ស៊ីដេត ឯកទេស ថ្លើមក្រពះ ពោះវៀន និងឬសដូងបាត បម្រើការនៅមន្ទីរពេទ្យកាល់ម៉ែត។
លោក អេហ្ចែន ឡឺហ្គាល់ (Ettienne Le Gall) ប្រធានទីផ្សារ អាស៊ីអាស៊ីប៉ាសីហ្វិក បានបញ្ជាក់ថា Biocodex ក៏ជាក្រុមហ៊ុនឯករាជ្យដែលគ្រប់គ្រង ដោយគ្រួសារផងដែរ។ ដូច្នេះ យើងជ្រើសរើសដៃគូដូចដែលយើងកសាងទំនាក់ទំនងដែរ ពោលគឺផ្តោតទៅលើទំនាក់ទំនងរយៈពេលវែង។ តាមរយៈ PPM យើងមានដៃគូដែលយល់ដឹងយ៉ាងស៊ីជម្រៅអំពីប្រទេសកម្ពុជា មានទំនាក់ទំនងរឹងមាំ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយអ្នកជំនាញសុខាភិបាល ព្រមទាំងមានការប្តេជ្ញាចិត្តខ្ពស់ចំពោះគុណភាព និងការអនុវត្តស្របតាមបទប្បញ្ញត្តិ។
លោកបានបន្តថា យើងមានកិច្ចសហការជាមួយគ្នារួចមកហើយលើវិស័យសុខភាពស្ត្រី តាមរយៈម៉ាក Saforelle។ ហេតុដូច្នេះ ការពង្រីកកិច្ចសហការនេះគឺជាជំហានបន្ទាប់ដ៏សមស្រប។ យើងមានទំនុកចិត្តយ៉ាងមុតមាំថា PPM និង Biocodex មានមហិច្ឆតា និងគុណតម្លៃដូចគ្នា គឺធានាឱ្យអ្នកជំងឺអាចទទួលបានផលិតផលដែលមានគុណភាពដោយងាយស្រួល។
លោកបានជម្រាបដល់អ្នកជំងឺ ឱសថការី វេជ្ជបណ្ឌិត និងអ្នកជំនាញសុខាភិបាលទាំងអស់ ដែលបានផ្តល់ទំនុកចិត្តលើផលិតផល Bioflor កន្លងមកថា អ្វីៗដែលពាក់ព័ន្ធនឹងផលិតផលនឹងនៅដដែល ទាំងគុណភាព ទម្រង់ផលិតផល និងការវេចខ្ចប់។ អ្វីដែលផ្លាស់ប្តូរ គឺអ្នកផ្តល់សេវាពង្រីកទីផ្សារ នឹងទទួលខុសត្រូវចំពោះ Bioflor ក្នុងប្រទេសកម្ពុជា ដែលឥឡូវនេះគឺ PPM។ PPM មានក្រុមការងារក្នុងស្រុក និងក្រុមការងារផ្នែកវេជ្ជសាស្ត្រដ៏រឹងមាំ ដែលមានចំណេះដឹងច្បាស់លាស់អំពី Bioflor។
លោកបានគូសបញ្ជាក់ថា អ្នកទាំងអស់គ្នាអាចរំពឹងថា នឹងទទួលបានការគាំទ្រកាន់តែច្រើន និងឃើញវត្តមានរបស់ក្រុមការងារ PPM កាន់តែច្រើននៅតាមមូលដ្ឋាន ដើម្បីផ្តល់សេវាកម្ម និងផលិតផលប្រកបដោយគុណភាព ព្រមទាំងផ្តល់ចំណេះដឹងឱ្យបានច្រើនបំផុតតាម ដែលអាចធ្វើទៅបានដល់អ្នកជំងឺ និងអ្នកជំនាញសុខាភិបាល។
លោកបានបន្ថែមថា នវានុវត្តន៍គឺជាផ្នែកមួយនៃគុណតម្លៃស្នូលរបស់ Biocodex ដូចគ្នានឹង PPM ដែរ យើងនឹងតែងតែស្វែងរកឱកាសបង្កើតអ្វីថ្មីៗ តាមរយៈគម្រោងថ្មីៗ និងកិច្ចសហការថ្មីៗជាមួយ PPM។ ប៉ុន្តែ លោកគិតថា នៅពេលនេះ យើងត្រូវផ្តោតលើការសម្ពោធ Bioflor ឡើងវិញ ដើម្បីធានាថាយើងរួមគ្នាអនុវត្តការងារគ្រប់យ៉ាងបានល្អ។ ចំពោះពេលអនាគត យើងនឹងពិនិត្យមើលថាតើយើងអាចធ្វើអ្វីបន្ថែមទៀតជាមួយគ្នាបាន៕
អត្ថបទ៖ ចេង ឆហួត រូបភាព៖ ង៉ាន់ សំណាង