ព័ត៌មានជាតិ

លោក វង្សី វិស្សុត អញ្ជើញចុះជួបសំណេះសំណាលជាមួយមន្រ្តីនិងសកម្មជនគណបក្សស្រុកបារាយណ៍ ខេត្តកំពង់ធំ

image

កំពង់ធំ៖ លោក វង្សី វិស្សុត សមាជិកគណៈអចិន្ត្រៃយ៍នៃ គណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយមន្រ្តី និងសកម្មជនគណបក្សប្រជាជនកម្ពុជា ក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ ដើម្បីផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងផ្តល់ការតម្រង់ទិសក្នុងការបំពេញការងារចំពោះមុខ ក៏ដូចជាការត្រៀមខ្លួនឆ្ពោះទៅកាន់ការបោះឆ្នោតឆ្នាំ២០២៧ និងឆ្នាំ២០២៨ ខាងមុខ ឱ្យទទួលបានជោគជ័យ និងលទ្ធផលល្អប្រសើរជូនគណបក្ស។


លោក វង្សី វិស្សុត បានផ្តល់ការវាយតម្លៃខ្ពស់ចំពោះលោក ថោង ខុន ដែលបានបន្សល់ទុកនូវស្នាដៃ និងមរតកក្នុងមូលដ្ឋានបារាយណ៍-តាំងគោក ជូនគណបក្ស ទាំងជាទីតាំងអគារ សម្ភារៈនិងរចនាសម្ព័ន្ធអង្គការចាត់តាំងគណបក្ស និងទាំងការកសាងវប្បធម៌ និងស្មារតីគណបក្ស។ ទន្ទឹមនេះ លោក ក៏បានសម្តែងនូវការកោតសរសើរចំពោះលោក ហួត ហាក់ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបារាយណ៍ និងជាអ្នកបន្តវេន ដែលបានបន្តពង្រឹង និងពង្រីកមូលដ្ឋានគាំទ្ររបស់គណបក្ស ដោយសម្រេចកសាងបាននូវសន្ទស្សន៍សមាជិកបក្សលើសពី ៨៥% និងការដឹកនាំការជួសជុលអគារចាស់ និងកសាងទីស្នាក់ការគណបក្សស្រុកបារាយណ៍ថ្មីបន្ថែមទៀត។ ចលនការនេះ បាននិងកំពុងធ្វើឱ្យស្រុកបារាយណ៍ក្លាយជាមូលដ្ឋានគាំទ្រដ៏រឹងមាំ និងឈានមុខគេរបស់គណបក្សប្រជាជនកម្ពុជា ក្នុងខេត្តកំពង់ធំ។


លោក វង្សី វិស្សុត មានប្រសាសន៍ថា ការបោះឆ្នោតឆ្នាំ២០២៧ និងឆ្នាំ២០២៨ ខាងមុខ គឺជាការបោះឆ្នោតដ៏សំខាន់មានចរិតនយោបាយនិងយុទ្ធសាស្រ្ត ទាំងក្នុងបរិបទនៃប្រវត្តិសាស្រ្តប្រទេសកម្ពុជា បន្ទាប់ពីការសម្រេចបាននូវឯកភាពជាតិ និងឯកភាពទឹកដីនៅឆ្នាំ១៩៩៨ ដែលពេលខ្លះមានការបែកបាក់គ្នារហូតស្ទើរបាត់ឈ្មោះប្រទេសពីផែនទីពិភពលោក ក្នុងរយៈពេល ៥០០ឆ្នាំចុងក្រោយ ឱ្យមកស្ថិតក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ រដ្ឋាភិបាលតែមួយ និងកងទ័ពតែមួយ តាមរយៈនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន។ ក្នុងបរិបទនៃប្រវត្តិសាស្រ្ត៧៥ឆ្នាំរបស់គណបក្សប្រជាជនកម្ពុជា គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកើតចេញពីប្រជាជន រស់រាន និងរីកធំធាត់ដោយប្រជាជន និងធ្វើអ្វីៗដើម្បីប្រជាជន បានបន្តបំពេញបេសកកម្មជាប្រវត្តិសាស្រ្តជាហូរហែតំាងពីការចូលរួមប្រឆាំងអាណានិគម ប្រឆាំងចក្រពត្តិនិយម រំដោះប្រជាជាតិកម្ពុជាឱ្យរួចផុតពីរបបប្រល័យពូជសាសន៍របស់ខ្មែរក្រហម និងកសាងភាពរស់រានឡើងវិញរបស់ជាតិកម្ពុជា ចូលរួមជាតួអង្គសំខាន់ក្នុងការបង្រួបបង្រួមជាតិ និងកសាងឡើងវិញនូវរាជាណាចក្រទី២នៃជាតិកម្ពុជា ហើយជាពិសេសការសម្រេចបាននូវឯកភាពជាតិ ទឹកដីទាំងស្រុង និងការអភិវឌ្ឍមកដូចសព្វថ្ងៃនេះ។ ទៅមុខទៀត យើងជឿថាគណបក្សប្រជាជនកម្ពុជា នៅតែជាកម្លាំងស្នូលក្នុងការបំពេញបេសកកម្មការពារជាតិ និងអភិវឌ្ឍជាតិតាមរយៈការកែទម្រង់ ការពង្រឹងគណបក្ស ហើយធ្វើសកម្មភាពក្នុងបុព្វហេតុប្រជាជន។


លោក វង្សី វិស្សុត បានបន្តលើកឡើងថា បច្ចុប្បន្នយើងបានមកដល់ដំណាក់កាលមួយ ដោយសារការប្រែប្រួល ទាំងភូមិសាស្ត្រនយោបាយ និងទាំងភូមិសាស្ត្រសេដ្ឋកិច្ចពិភពលោក។ ច្បាប់អន្តរជាតិ និងប្រព័ន្ធអន្តរជាតិ លែងសូវមានអ្នកគោរព, ប្រព័ន្ធដោះស្រាយទំនាស់អន្តរជាតិរវាងរដ្ឋនិងរដ្ឋ ក៏មិនសូវមានអ្នកណាខ្វល់ ដោយម្នាក់ៗអាងកម្លាំងប្រើកម្លាំង។ ប្រព័ន្ធសេដ្ឋកិច្ចពិភពលោកវិញ ប្រែប្រួលពីការសហការគ្នា ទៅជាការប្រកួតប្រណាំងដណ្តើមផលប្រយោជន៍។ ការធ្វើពាណិជ្ជកម្មប្តូរមកការគិតសន្តិសុខជាតិជាធំ។ ទន្ទឹមនេះ បច្ចេកវិទ្យា និងអាកាសធាតុក៏មានការប្រែប្រួល។ ក្រៅពីការប្រែប្រួលជាកត្តាខាងក្រៅដែលមិនអាចគ្រប់គ្រងបាននេះ កម្ពុជាយើងក៏កំពុងទទួលរងគ្រោះពីសង្រ្គាមឈ្លានពានរបស់ថៃ។ សង្គ្រាមឈ្លានពាននេះ មិនមែនគ្រាន់តែជាសង្រ្គាមដណ្តើមទឹកដីប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសង្គ្រាមការទូត, សេដ្ឋកិច្ច, ព័ត៌មាន, វប្បធម៌, សង្រ្គាមនយោបាយនិងចិត្តសាស្រ្តផងដែរ។ លោក បានបន្តថា បញ្ហាប្រឈមពីកត្តាខាងក្រៅ និងសង្គ្រាមឈ្លានរបស់ថៃក្នុងគ្រប់សមរភូមិខាងលើនេះ គឺជាវិញ្ញាសាទាមទារឱ្យយើងត្រូវភ្ញាក់ខ្លួន ចេះសាមគ្គីគ្នាចេះចែករំលែក និងហ៊ានលះបង់ ព្រមទាំងត្រូវរៀបចំខ្លួន និងពង្រឹងខ្លួនឱ្យទាន់ពេល ដើម្បីអាចក្លាយជាប្រទេសមួយ ដែលចេះរស់ខ្លួនឯង ចេះរឹងមាំខ្លួនឯង និងអាចពឹងពាក់ដោយខ្លួនឯងបាន។ ក្នុងបរិកាណ៍បច្ចុប្បន្ន មានតែខ្លួនឯងទេ ដែលអាចជួយខ្លួនឯងបាន។ ដូចនេះយើងត្រូវចេះប្រើប្រាស់ឱកាសនេះ ដើម្បីខិតខំកសាង និងពង្រឹងភាពខ្លាំងខាងក្នុង លើវិស័យយ៉ាងហោចណាស់ ៥ គឺ៖ កងទ័ព, ការទូត, សេដ្ឋកិច្ច, អភិបាលកិច្ច និងធនធានមនុស្ស។


លោក វង្សី វិស្សុត បានផ្តល់ការណែនាំដល់មន្រ្តីគណបក្សគ្រប់លំដាប់ថ្នាក់ ត្រូវចេះកែខ្លួន ធ្វើអំពើល្អ ធ្វើអំពើត្រឹមត្រូវ ស្រឡាញ់យុត្តិធម៌ និងត្រូវពង្រឹងខ្លួនឱ្យរឹងមាំ ឱ្យខ្លាំង ព្រមទាំងហ៊ានលះបង់ដើម្បីគណបក្ស និងប្រជាជន។ ទន្ទឹមនេះ រាល់ការគិតគូរ និងរាល់ការធ្វើសកម្មភាពត្រូវយល់ពីអារម្មណ៍ប្រជាជន អ្វីដែលគួរធ្វើ និងមិនគួរធ្វើ ហើយត្រូវតម្រង់សកម្មភាពជាប្រយោជន៍ឱ្យការបម្រើជាតិ និងប្រជាជន ដោយស្មោះត្រង់ និងពិតប្រាកដ ដោយមិនត្រូវភ្លេចនូវបុព្វហេតុ បេសកកម្ម គុណតម្លៃស្នូល និងសារជាតិរបស់គណបក្សនោះឡើយ។ សូមកុំភ្លេចថា យើងត្រូវការការគាំទ្រពីប្រជាជន ព្រោះបក្សយើងកើតពីប្រជាជន និងរស់រីកចម្រើនដោយសារប្រជាជន និងធ្វើអ្វីៗដើម្បីប្រជាជន។


លោក វង្សី វិស្សុត ក៏បានផ្តល់ការណែនាំដល់ក្រុមការងារ និងគណបក្សមូលដ្ឋាន ត្រូវបន្ត ដោះស្រាយបញ្ហាជីវភាពប្រជាជន ដោយខិតខំបង្កើតការងារ ទាំងដោយការរកស៊ីខ្លួនឯង និងធ្វើការងារឱ្យគេ តាមសហគ្រាស និងគម្រោងវិនិយោគផ្សេងៗ និងមានភារកិច្ចគាំទ្រដល់ការផលិត ដើម្បីពង្រីកមុខរបរ និងបង្កើតមុខរបរបន្ថែម។ គ្រប់ឃុំសង្កាត់ទាំងអស់ ត្រូវបញ្ចូលការងារលើកកម្ពស់ជីវភាពប្រជាជនទៅក្នុងផែនការសកម្មភាពរបស់ខ្លួន។ គ្រប់ទីស្នាក់ការគណបក្សឃុំ និងស្រុក ត្រូវមានស្តុកអង្ករ ឬគ្រឿងឧបភោគបរិភោគផ្សេងទៀត សម្រាប់ចែកជូនជនក្រីក្រ ដើម្បីធានាថាមិនឱ្យមានអ្នកណាម្នាក់ដាច់បាយហូប ឬអត់អង្ករច្រកឆ្នាំងនោះឡើយ។ ទន្ទឹមនេះ ត្រូវខិតខំកែលម្អការផ្តល់សេវាសាធារណៈគ្រប់ប្រភេទ ទាំងគុណភាព តម្លៃ និងឥរិយាបថក្នុងការផ្តល់សេវា។ ចំពោះសេវាណាដែលនៅមិនទាន់ទទួលបានការពេញចិត្តពីប្រជាជន ត្រូវតែកែសម្រួលភ្លាម។ ជាមួយគ្នានេះ ត្រូវខិតខំដោះស្រាយសំណូមពរ និងបញ្ហាផ្សេងៗរបស់ប្រជាជន ពិសេសទំនាស់ដីធ្លី ឱ្យអស់លទ្ធភាព ហើយទោះបីដោះបាន ឬមិនបានក្តី ក៏ត្រូវតែខិតខំដោះស្រាយជាមួយគាត់ ដើម្បីឱ្យគាត់យល់ និងឱ្យគាត់អស់ចិត្ត នោះទើបយើងអាចដណ្តើមបានទឹកចិត្ត និងបេះដូងពីប្រជាជន។ 


ក្រៅពីនេះ លោក វង្សី វិស្សុត ក៏បានផ្តល់ការណែនាំផងដែរដល់ក្រុមការងារគ្រប់លំដាប់ថ្នាក់ ត្រូវចាត់តាំងអនុវត្តឱ្យមានប្រសិទ្ធភាពនូវផែនការសកម្មភាពឆ្ពោះទៅកាន់ការបាះឆ្នោត ពិសេសការសម្រិតសម្រាំងបញ្ជីបេក្ខជនឈរឈ្មោះឱ្យបានម៉ត់ចត់ ដោយត្រូវយកចិត្តទុកដាក់ទាំងកត្តាប្រជាប្រិយភាព និងសមត្ថភាព។ ទន្ទឹមនេះ ក៏ត្រូវពង្រឹងគុណភាពសមាជិកពីបរិមាណទៅគុណភាព ស្របតាមគោលការណ៍ សមាជិកម្នាក់ សំឡេងឆ្នោតគាំទ្រមួយសន្លឹក ដើម្បីរួមគ្នាដណ្តើមជ័យជម្នះជូនគណបក្ស ដើម្បីបន្តបេសកកម្មជាប្រវត្តិសាស្រ្តទ្រទ្រង់វាសនាជាតិយើងទៅមុខទៀត៕