ព័ត៌មានជាតិ

កម្ពុជាអំពាវនាវឱ្យមានការគាំទ្រជាក់ស្តែងបន្ថែម​ ដើម្បីជួយជនភៀសសឹកកម្ពុជាជាង ២០ ០០០នាក់ អាចវិលត្រលប់ទៅផ្ទះដោយសុវត្ថិភាព និងដោយសេចក្តីថ្លៃថ្នូរ

image

ហ្សឺណែវ៖​ តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ (UN) នៅទីក្រុងហ្សឺណែវ លោក​ កែ សុវណ្ណ បានថ្លែងបទអន្តរាគមន៍ក្រោមរបៀបវារៈទី១០​ ដែលបទបង្ហាញអំពីរបាយការណ៍របស់អគ្គលេខាធិការស្តីពី “តួនាទី និងសមិទ្ធផលរបស់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ក្នុងការផ្តល់ជំនួយដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា លើកកម្ពស់ និងការពារសិទ្ធិមនុស្ស”។

នៅក្នុងបទអន្តរាគមន៍ នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ នាសម័យប្រជុំលើកទី៦៣ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស លោក​ កែ សុវណ្ណ​ បានថ្លែងអំណរគុណដល់អគ្គលេខាធិការចំពោះរបាយការណ៍ និងបានគូសបញ្ជាក់ថា អាទិភាពសិទ្ធិមនុស្សរបស់កម្ពុជា គឺផ្អែកលើបទពិសោធន៍សង្គ្រាម និងការបែកបាក់ ដោយមានសន្តិភាព ការអភិវឌ្ឍ នីតិរដ្ឋ និងសុខុមាលភាពប្រជាជន ជាស្នូល។​ លោកលើកទឹកចិត្តឱ្យការវាយតម្លៃទៅលើស្ថានភាពកម្ពុជាធ្វើឡើងដោយយុត្តិធម៌ មានតុល្យភាព និងមិនលំអៀង ដោយផ្អែកលើព័ត៌មានដែលបានផ្ទៀងផ្ទាត់ និងស្ថានភាពជាក់ស្តែងក្នុងប្រទេស។

លោកក៏បានសម្តែងការសោកស្តាយ ដែលអនុសាសន៍មួយចំនួនហាក់ដូចជាដាក់ការទទួលខុសត្រូវលើកម្ពុជាចំពោះលទ្ធផលដែលតម្រូវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិ ឬពីភាគីផ្សេងទៀត ដូចជាការវិលត្រឡប់របស់ជនភៀសសឹកពីជម្លោះព្រំដែនកម្ពុជា-ថៃ និងកិច្ចខិតខំប្រឹងប្រែងក្នុងការដោះស្រាយឧក្រិដ្ឋកម្មឆ្លងដែន ជាដើម។

ទន្ទឹមនេះ លោកបានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយ UN ទទួលបន្ទុកសិទ្ធិមនុស្ស និងបានអំពាវនាវឱ្យមានការគាំទ្រជាក់ស្តែងបន្ថែមក្នុងក្របខណ្ឌរបៀបវារៈទី១០ ជាពិសេសដើម្បីជួយជនភៀសសឹកកម្ពុជាជាង ២០ ០០០នាក់ បច្ចុប្បន្នអាចវិលត្រឡប់ទៅផ្ទះរបស់ពួកគេវិញដោយសុវត្ថិភាព និងដោយសេចក្តីថ្លៃថ្នូរ។