លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ចុះជួបប្រជាកសិករតាមសហគមន៍កសិកម្ម ក្រោមគម្រោងលើកកម្ពស់ជីវភាពប្រជាជនខេត្តកំពង់ធំ
(កំពង់ធំ)៖ នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានអញ្ជើញចុះជួបបងប្អូនប្រជាកសិករមកពីសហគមន៍កសិកម្មចំនួន ២ គឺសហគមន៍កសិកម្មបល្ល័ង្កសេដ្ឋាភី និងសហគមន៍កសិកម្មផលិតកម្មឈូកខ្សាច់ ក្រោមគម្រោងលើកកម្ពស់ជីវភាពប្រជាជនខេត្តកំពង់ធំ ស្ថិតក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ ដើម្បីម្ខាងជំរុញការផលិត និងម្ខាងទៀតដើម្បីផ្តល់នូវដំណោះស្រាយសមស្រប ចំពោះបញ្ហាប្រឈមនានារបស់សហគមន៍កសិកម្ម។
ដំណើរចុះជួបបងប្អូនប្រជាកសិករតាមសហគមន៍កសិកម្មខាងលើនេះ មានការចូលរួមពីសំណាក់លោកទេសរដ្ឋមន្រ្តី ថោង ខុន, លោករដ្ឋមន្រ្តី ហួត ហាក់, លោកស្រី កុយ ពិសី, លោក ប៉ែន ធីរុង្គ, លោក នួន ផារ័ត្ន, តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងពាណិជ្ជកម្ម, ធនាគារអភិវឌ្ឍន៍កសិកម្មនិងជនបទ, ធនាគារសហគ្រាសធុនតូចនិងមធ្យម, សហគ្រិនខ្មែរ និងតំណាងដៃគូអភិវឌ្ឍ ដូចជាអង្គការហេហ្វឺអន្តរជាតិ (Heifer), អង្គការប្រតិបត្តិការដើម្បីអភិវឌ្ឍន៍នៅកម្ពុជា (CoDec) ព្រមទាំងអាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋជាសមាជិកសហគមន៍ ជាច្រើនរូប។
បន្ទាប់ពីបានស្តាប់របាយការណ៍របស់លោក ប៉ែន ធីរុង្គ ប្រធានក្រុមការងារលើកកម្ពស់ជីវភាពប្រជាជនខេត្តកំពង់ធំ និងរបាយការណ៍របស់លោកប្រធានសហគមន៍រួចមក, លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានវាយតម្លៃខ្ពស់ចំពោះការរីកធំធាត់របស់សហគមន៍ ទាំងចំនួនសមាជិកសហគមន៍ និងទំហំទុន ពិសេសការសម្រេចបាននូវអត្រាចំណេញរហូតដល់ប្រមាណ ៧៧% លើមុខរបរដាំបន្លែផ្ទះសំណាញ់។ លោក បានលើកទឹកចិត្តឱ្យសមាជិកសហគមន៍ទាំងអស់ខិតខំបន្តពង្រឹង និងពង្រីកសមត្ថភាពផលិត ដើម្បីពង្រីកមុខរបរ, បង្កើតមុខរបរថ្មី និងប្រាក់ចំណូលបន្ថែម សំដៅកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពប្រជាជន ក៏ដូចជាដើម្បីកសាងមូលដ្ឋានសេដ្ឋកិច្ចខេត្តកំពង់ធំឱ្យកាន់តែរឹងមាំ ហើយអាចក្លាយជាផ្នែកមួយនៃការកសាងមូលដ្ឋានគ្រឹះសេដ្ឋកិច្ចជាតិរបស់យើងក្នុងរយៈពេលវែងទៅមុខ។
លោក វង្សី វិស្សុត បានបន្តលើកឡើងថា គម្រោងលើកកម្ពស់ជីវភាពប្រជាជនខេត្តកំពង់ធំ គឺជាគម្រោងពិសេសមួយ និងស្របតាមយុទ្ធសាស្រ្ត និងការយកចិត្តទុកដាក់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមបានបន្តថា ការលើកកម្ពស់ជីវភាពប្រជាជន មិនអាស្រ័យទៅលើតែជំនួយឧបត្ថម្ភពីរដ្ឋ ឬអ្នកណាម្នាក់នោះទេ ព្រោះគឺការកើតចេញអំពីការចេះរកស៊ី, ចេះផលិត, ចេះរកទីផ្សារ និងចេះលក់ដោយខ្លួនឯងផងដែរ។ ពិតណាស់រដ្ឋមានតួនាទីផ្តល់ការឧបត្ថម្ភគាំទ្រចាំបាច់នានា ដូចជាជំនួយសង្គម និងសេវាសាធារណៈផ្សេងៗ ប៉ុន្តែប្រជាជនម្នាក់ៗ ក៏ត្រូវប្រឹងប្រែងធ្វើការងារ និងខិតខំរកប្រាក់ផងដែរ។ គម្រោងលើកកម្ពស់ជីវភាពប្រជាជនខេត្តកំពង់ធំ គឺឈរលើគោលការណ៍ជាមូលដ្ឋាននេះ ហើយទស្សនវិជ្ជារបស់គម្រោង គឺ «ជួយប្រជាជនឱ្យចេះរកត្រី មិនមែនមកផ្តល់ត្រីឱ្យនោះទេ» ។ ជោគជ័យពិតប្រាកដរបស់គម្រោង គឺបងប្អូនអាចផលិតដោយខ្លួនឯងបាន, អាចរស់ដោយខ្លួនឯងបាន, អាចពឹងខ្លួនឯងបាន និងអាចរីកចម្រើនធំធាត់ដោយខ្លួនឯងបាន ដោយបងប្អូនឈប់ត្រូវការជំនួយពីគម្រោង ឬពីនរណាទាំងអស់។
ក្នុងឱកាសនោះដែរ លោក វង្សី វិស្សុត បានប្រកាសផ្តល់ជូននូវ៖ ម៉ាស៊ីនផលិតជីកំប៉ុស ២គ្រឿង, ម៉ាស៊ីនរមូរចំបើងសម្រាប់ផលិតផ្សិតចំបើង១គ្រឿង, ទូរទឹកកកក្លាសេ សម្រាប់ដាក់លក់ផលិតផលនៅក្នុងផ្សារសហគមន៍ និងរៀបចំកម្មវិធីបណ្តុះបណ្តាលបច្ចេកទេសកសិកម្ម និងការគ្រប់គ្រងហិរញ្ញវត្ថុតាមសំណូមពរ និងតម្រូវការចាំបាច់ជាក់ស្តែងរបស់សហគមន៍។ ទន្ទឹមនេះ លោកក៏បានលើកទឹកចិត្ដដល់សហគមន៍ត្រូវពង្រឹងការដឹកនាំ, ការគ្រប់គ្រង, ការប្រើប្រាស់ហិរញ្ញវត្ថុ, ការចងក្រងក្រុមផលិត, ការពង្រឹងបច្ចេកទេសផលិត និងការប្រើប្រាស់ធាតុចូលកសិកម្ម តាមស្តង់ដាបច្ចេកទេស ដើម្បីចំណេញដើមទុន និងកាត់បន្ថយការខាតបង់ ព្រមទាំងការផ្សារភ្ជាប់ការផលិតទៅនឹងទីផ្សារ ដើម្បីចៀសវាងការផលិតលើសពីតម្រូវការ។ ជាមួយគ្នានេះ ត្រូវពិនិត្យឡើងវិញនូវអត្រាការប្រាក់កម្ចីចំពោះសមាជិកក្នុងសហគមន៍ និងការបែងចែកផលចំណេញដល់សមាជិក ដើម្បីធានាបាននូវតម្លាភាព និងចីរភាពរបស់សហគមន៍។
ក្រៅពីនេះ លោក វង្សី វិស្សុត ក៏បានផ្តល់ការណែនាំដល់ក្រុមការងារគម្រោង និងស្នើសុំដៃគូនានា ឱ្យបន្តជួយគាំទ្រដល់សហគមន៍កសិកម្ម ឱ្យបានគ្រប់ ៨១ ឃុំ-សង្កាត់ ទូទាំងខេត្តកំពង់ធំ សំដៅពង្រីកសមត្ថភាពផលិតក្នុងមូលដ្ឋានឱ្យបានច្រើនជាងការនាំចូល, ការកាត់បន្ថយការហូរចេញនូវធនធានហិរញ្ញវត្ថុ និងការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកឱ្យបានច្រើន ដើម្បីទាញយកតម្លៃបន្ថែមកាន់តែច្រើនពីវត្ថុធាតុដើមក្នុងស្រុក ដូចជាការប្រើប្រាស់ជីកំប៉ុសជំនួសជីគីមីនាំចូលជាដើម។ ទន្ទឹមនេះ លោក ក៏បានណែនាំដល់អាជ្ញាធរខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធធ្វើការសិក្សានិងរៀបចំចងក្រងក្រុមផលិតពូជត្រី និងពូជស្រូវក្រអូប តាមរយៈកសិកម្មតាមកិច្ចសន្យា (Contract Farming) និងពិនិត្យយន្តការចែកចាយធាតុចូលកសិកម្ម ដើម្បីកាត់បន្ថយថ្លៃដើម ព្រមទាំងត្រួតពិនិត្យ និងកែសម្រួលអត្រាការប្រាក់របស់ក្រុមសន្សំប្រាក់របស់សហគមន៍ឱ្យស្ថិតក្នុងកម្រិតសមរម្យ ចៀសវាងការដាក់បន្ទុកធ្ងន់ធ្ងរលើកសិករ និងត្រូវបន្តដាស់តឿនបងប្អូនប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្នខ្ពស់ចំពោះកម្ចីឥណទានក្រៅប្រព័ន្ធ និងចេះប្រើប្រាស់ឥណទាន និងប្រព័ន្ធគាំពារសង្គមនានា ដើម្បីលើកកម្ពស់សុខុមាលភាព និងសុខភាព។
គួរបញ្ជាក់ដែរថា គម្រោងលើកកម្ពស់ជីវភាពប្រជាជនខេត្តកំពង់ធំ ត្រូវបានដាក់ឱ្យដំណើរការក្នុងឆ្នាំ២០២៥ និងមានថវិកាសរុបប្រមាណជាង ៤៣ ម៉ឺនដុល្លារអាម៉េរិក គាំទ្រដោយលោក វង្សី វិស្សុត និងក្រុមការងារ ព្រមទាំងសប្បុរសជន ដោយក្នុងនោះ ថវិកាផ្ទាល់របស់លោក វង្សី វិស្សុត ចំនួន ២០ម៉ឺនដុល្លារអាម៉េរិក។ គម្រោងនេះ មានរយៈពេលអនុវត្ត ៤ឆ្នាំ (២០២៥-២០២៨) ដោយគិតមកដល់ពេលនេះ គម្រោងបានចុះកិច្ចសន្យាជាមួយ ២៥សហគមន៍កសិកម្ម និង២ក្រុមផលិត ដោយមានគ្រួសារចូលរួមសរុបចំនួន ៥៧០ គ្រួសារ លើមុខរបរចំនួន ៨ រួមមាន៖ ដាំបន្លែទីវាល, ចិញ្ចឹមមាន់, ផលិតជីកំប៉ុស, ចិញ្ចឹមជ្រូក, ចិញ្ចឹមកណ្តូប, ដាំបន្លែក្នុងផ្ទះសំណាញ់, ចិញ្ចឹមចង្រិត និងចិញ្ចឹមត្រី៕