ព័ត៌មានជាតិ

ស្ថានទូតកូរ៉េប្រចាំកម្ពុជា ប្រារព្ធពិធីអបអរសាទរទិវាបុណ្យជាតិនិងទិវាកងទ័ពកូរ៉េ ឆ្នាំ២០២៦ ដោយមានអ្នកចូលរួមប្រមាណ ៤០០នាក់

image

ភ្នំពេញ៖ ស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា បានរៀបចំពិធីអបអរសាទរ ទិវាជាតិ និងទិវាកងទ័ពកូរ៉េ ឆ្នាំ២០២៦ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ដោយមានអ្នកចូលរួមប្រមាណ ៤០០នាក់ ក្នុងនោះ មានមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល និងសមាជិកសភាកម្ពុជា សមាជិកសហគមន៍ការទូត សហគមន៍កូរ៉េ និងតំណាងពីវិស័យនានា ព្រមទាំងមានការអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសពីលោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។


ក្នុងសុន្ទរកថាស្វាគមន៍ លោក គីម ចាងយ៉ុង (Kim Chang Yong) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា បានលើកឡើងថា កូរ៉េ និងកម្ពុជា មានបទពិសោធន៍ស្រដៀងគ្នាក្នុងការឆ្លងកាត់ដំណាក់កាលលំបាកក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន និងបានខិតខំធ្វើការរួមគ្នាឆ្ពោះទៅរកអនាគតកាន់តែប្រសើរ។ លោកបានវាយតម្លៃថា ទំនាក់ទំនងទ្វេភាគីបានរីកចម្រើនជាបន្តបន្ទាប់ ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតឡើងវិញក្នុងឆ្នាំ១៩៩៧។


លោកឯកអគ្គរដ្ឋទូតបានចាត់ទុកការលើកកម្ពស់ទំនាក់ទំនងកម្ពុជា-កូរ៉េ ទៅជា ភាពជាដៃគូយុទ្ធសាស្ត្រ ក្នុងឆ្នាំ២០២៤ ថាជាសមិទ្ធផលដ៏សំខាន់មួយ ហើយបានបង្ហាញក្តីសង្ឃឹមថា ទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងបន្តរីកចម្រើនលើវិស័យជាច្រើន រួមមាន កិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ការអប់រំ និងវប្បធម៌ ព្រមទាំងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។


ជាមួយគ្នានេះ លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអបអរសាទរចំពោះការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងសមិទ្ធផលរបស់សាធារណរដ្ឋកូរ៉េនៅលើឆាកអន្តរជាតិ។ លោកបានបង្ហាញការរំពឹងថា ទំនាក់ទំនងកម្ពុជា-កូរ៉េនឹងបន្តអភិវឌ្ឍកាន់តែស៊ីជម្រៅ ក្នុងឱកាសខួបលើកទី៣០ នៃការបង្កើតទំនាក់ទំនងការទូតឡើងវិញនៅឆ្នាំ២០២៧។


លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ក៏បានបង្ហាញក្តីសង្ឃឹមថា ប្រទេសទាំងពីរ ក្នុងនាមជាភាគីនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកូរ៉េ-អាស៊ាន និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) នឹងបន្តពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យវិនិយោគ សកម្មភាពធុរកិច្ច និងការអភិវឌ្ឍ។


ក្នុងពិធីនេះ ភ្ញៀវកិត្តិយស និងអ្នកចូលរួមក៏បានទទួលទានម្ហូបអាហារកូរ៉េជាច្រើនមុខ ដូចជា គីមបាប់ និងប៊ុលហ្គូហ្គី ព្រមទាំងបានចូលរួមអបអរសាទរទិវាបុណ្យជាតិនៃសាធារណរដ្ឋកូរ៉េ និងផ្លាស់ប្តូរយោបល់អំពីការពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងកូរ៉េបន្ថែមទៀត។


ស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា នឹងយកឱកាសខួបលើកទី៣០ នៃការបង្កើតទំនាក់ទំនងការទូតឡើងវិញនៅឆ្នាំ២០២៧ ដើម្បីបន្តពង្រឹងទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការដែលប្រទេសទាំងពីរបានកសាងក្នុងរយៈពេល៣ទសវត្សរ៍កន្លងមក ពង្រឹងទំនាក់ទំនងទ្វេភាគី និងបន្តពង្រីកការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការលើវិស័យចម្រុះ៕