ព័ត៌មានជាតិ

កម្ពុជា​ និងអង្គការដៃគូអភិវឌ្ឍន៍ បេីកកិច្ចពិភាក្សាជាន់ខ្ពស់​ស្តីពី​ ការគ្រប់គ្រងហិរញ្ញប្បទានមានប្រសិទ្ធភាព និងចីរភាព សម្រាប់ប្រព័ន្ធគាំពារសុខភាពសង្គម​ ក្នុងបរិបទសេដ្ឋកិច្ចដែលកំពុងផ្លាស់ប្តូរ

image

ភ្នំពេញ៖​ ក្នុងថ្ងៃទី២ នៃ «សប្តាហ៍គាំពារសង្គមកម្ពុជា ឆ្នាំ២០២៦» ដែលប្រព្រឹត្តទៅក្រោមប្រធានបទ​ «គាំពារសង្គមអំឡុងពហុវិបត្តិ ក្នុងបរិបទកម្ពុជា និងតំបន់៖ នវានុវត្តន៍ កិច្ចសហប្រតិបត្តិការ ភាពធន់ និងចីរភាព» កិច្ចពិភាក្សាជាន់ខ្ពស់ក្នុងវគ្គទី៦ ក្រោមប្រធានបទ «យន្តការហិរញ្ញប្បទានដែលមានប្រសិទ្ធភាព និងនិរន្តរភាព សម្រាប់ប្រព័ន្ធគាំពារសុខភាពសង្គម និងសុខាភិបាល ក្នុងបរិបទសេដ្ឋកិច្ចដែលកំពុងផ្លាស់ប្តូរ»។

​កិច្ចពិភាក្សាដែលបានធ្វេីឡេីងនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦​ម្របសម្រួលដោយ លោក សាយ ស៊ីវុត្ថា អនុប្រធានលេខាធិការដ្ឋានគណៈកម្មាធិការទទួលបន្ទុកការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ដោយមានការចូលរួមពី សាស្ត្រាចារ្យ សុខ ជួរ អគ្គនាយករងបច្ចេកទេសសុខាភិបាល និងជាទីប្រឹក្សាក្រសួងសុខាភិបាល, លោក ឃុន ចាន់ណារិទ្ធ អគ្គនាយករង នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.), លោក ឡេង សុខឡុង ប្រធាននាយកដ្ឋានត្រួតពិនិត្យនៃនិយ័តករសន្តិសុខសង្គម, លោកស្រី Ding Wang អ្នកជំនាញសេដ្ឋកិច្ចសុខាភិបាលនៃអង្គការសុខភាពពិភពលោក (WHO) ប្រចាំកម្ពុជា និងលោក អ៊ូ រិទ្ធី ទីប្រឹក្សាគោលនយោបាយនៃអង្គការអុកស្វាមប្រចាំកម្ពុជា។

​សូមបញ្ជាក់ថា​ បច្ចុប្បន្ន កម្ពុជា និងតំបន់​ កំពុងប្រឈមមុខនឹងភាពមិនប្រាកដប្រជា និងពហុវិបត្តិ ដែលទាមទារឱ្យមានការរៀបចំប្រព័ន្ធគាំពារសង្គមមួយដែលមានភាពធន់ រឹងមាំ និងមានចីរភាពហិរញ្ញវត្ថុ។ ប្រព័ន្ធគាំពារសុខភាពសង្គមមិនត្រឹមតែជាយន្តការការពារសុខុមាលភាពប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការជំរុញផលិតភាពសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រជាប្រព័ន្ធ ផងដែរ។

​ក្នុងវគ្គពិភាក្សានេះ វាគ្មិនដែលជាជំនាញបានលើកឡើងពីបញ្ហាប្រឈម និងដំណោះស្រាយយុទ្ធសាស្ត្រនានា ដើម្បីធានាការគ្រប់គ្រង និងចាត់ចែងធនធានក្នុងប្រព័ន្ធគាំពារសុខភាពសង្គម និងសុខាភិបាល ប្រកបដោយប្រសិទ្ធភាពខ្ពស់ ក្នុងគោលបំណងបញ្ចៀសហានិភ័យផ្នែកហិរញ្ញវត្ថុរបស់ពលរដ្ឋ នាពេលមានតម្រូវការថែទាំសុខភាព។

ពាក់ព័ន្ធនឹងសុខុមាលភាពប្រជាពលរដ្ឋ​ ក្រសួងសុខាភិបាល​បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងក្នុងការរួមបញ្ចូលគ្នារវាងសេវាសុខាភិបាលសាធារណៈ និងប្រព័ន្ធគាំពារសុខភាពសង្គម តាមរយៈការបង្ខិតសេវា ជាពិសេសសេវាថែទាំសុខភាពបឋម ទៅជិតពលរដ្ឋ ជាពិសេសក្រុមគោលដៅក្រីក្រ និងងាយរងគ្រោះ ដោយក្នុងនោះផ្តោតលើការពង្រឹងគុណភាពសេវាថែទាំសុខភាព ដើម្បីជំរុញការគ្របដណ្តប់សុខភាពជាសកល (UHC) នៅកម្ពុជា។

ចំពោះ​ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)​​ បានគូសបញ្ជាក់អំពីកិច្ចខិតខំនានា ក្នុងការធានាចីរភាពហិរញ្ញវត្ថុ និងប្រសិទ្ធភាពចំណាយនៃរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ដែលក្នុងនោះក៏រួមបញ្ចូលការសិក្សាលទ្ធភាពដំឡើងអត្រាភាគទានផងដែរ ដែលទាមទារការសិក្សាស៊ីជម្រៅ និងហ្មត់ចត់លើកម្មវិបាកនានាមកលើកត្តាសង្គម-សេដ្ឋកិច្ច។ បន្ថែមលើនេះ ប.ស.ស. ក៏បាននិងកំពុងពង្រឹងការផ្សព្វផ្សាយអំពី​ ការប្រើប្រាស់សេវាសុខាភិបាលដែលមានលក្ខណៈសមស្របបែបគ្លីនិក និងជាពិសេសសេវាថែទាំសុខភាពបឋមនៅកម្រិតមណ្ឌលសុខភាព ដែលសុទ្ធសឹងចូលរួមពង្រឹងប្រសិទ្ធភាពចំណាយផងដែរ។

ជាមួយគ្នានេះ​ និយ័តករសន្តិសុខសង្គម៖ បានបង្ហាញពីវឌ្ឍនភាព និងយន្តការគ្រប់គ្រងមូលនិធិសន្តិសុខសង្គមប្រកបដោយតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព ដើម្បីធានានិរន្តរភាពរយៈពេលវែង។

ដោយឡែក​ អង្គការដៃគូអភិវឌ្ឍន៍ (WHO និង អុកស្វាម)​បានផ្តល់អនុសាសន៍ក្នុងការរក្សាតុល្យភាពរវាងហិរញ្ញប្បទានផ្នែកផ្គត់ផ្គង់ និងផ្នែកតម្រូវការ ដោយលើកទឹកចិត្តឱ្យរាជរដ្ឋាភិបាលគិតគូរក្នុងការពង្រីកការគ្របដណ្ដប់ពលរដ្ឋក្នុងវិស័យសេដ្ចកិច្ចក្រៅប្រព័ន្ធ ដោយមានចូលរួមគាំទ្រពីរដ្ឋ។ ការណ៍នេះ រាជរដ្ឋាភិបាលគួរគិតគូរលើអត្រា និងយន្តការទូទាត់ដែលឆ្លើយតបដល់បម្រែបម្រួលបន្ទុកជំងឺ, ការពង្រឹងសេវាថែទាំសុខភាពបឋម និងលទ្ធភាពដាក់ឱ្យនូវអនុវត្តប្រព័ន្ធបញ្ជូនជំងឺ និងគោលនយោបាយទ្វារបាលកិច្ច ជាដើម។

បេីតាមការឱ្យដឹងពីអ្នកជំនាញ​ ថា​ ដើម្បីសម្រេចបាននូវចក្ខុវិស័យនៃការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមប្រកបដោយចីរភាព និងសម្រេចបានការគ្របដណ្ដប់សុខភាពជាសកលនៅកម្ពុជា ចាំបាច់ត្រូវបន្តពង្រឹងកិច្ចសហការអន្តរវិស័យ ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងការគ្រប់គ្រងមូលនិធិ និងការបង្កើតយន្តការហិរញ្ញប្បទានចម្រុះ ដែលអាចបត់បែនឆ្លើយតបទៅនឹងស្ថានភាពវិបត្តិ ឬការប្រែប្រួលសេដ្ឋកិច្ចសកល។

​សូមបញ្ជាក់ថា​ សប្តាហ៍គាំពារសង្គមកម្ពុជា ឆ្នាំ២០២៦ គឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ពីការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តពង្រឹង និងពង្រីកវិសាលភាពប្រព័ន្ធគាំពារសង្គមឱ្យកាន់តែមានភាពធន់ បរិយាបន្ន និងចីរភាព​ សម្រាប់ប្រជាជនគ្រប់រូប៕