ព័ត៌មានជាតិ

កម្ពុជាដាក់ឱ្យអនុវត្តជាផ្លូវការនូវ «ផែនការប្រតិបត្តិ សម្រាប់អនុវត្តគោលការណ៍ណែនាំស្តីពី ក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន ឆ្នាំ២០២៦-២០៣០»

image

ភ្នំពេញ៖ ក្រុមប្រឹក្សាជាតិគាំពារសង្គម បានរៀបចំពិធីបើក «សប្តាហ៍គាំពារ សង្គមកម្ពុជា ឆ្នាំ២០២៦» ក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនី រ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦។ ក្នុងឱកាសនេះ ក៏មានការប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «ផែនការប្រតិបត្តិ សម្រាប់អនុវត្តគោលការណ៍ណែនាំស្តីពី ក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន ឆ្នាំ២០២៦-២០៣០» ផងដែរ។

សូមបញ្ចាក់ថា សប្តាហ៍គាំពារសង្គមកម្ពុជាលើកទី៥ ប្រព្រឹត្តទៅក្រោមមូលបទ «គាំពារសង្គមក្នុងអំឡុង ពហុវិបត្តិ ក្នុងបរិបទកម្ពុជា និងតំបន់៖ នវានុវត្តន៍ កិច្ចសហប្រតិបត្តិការ ភាពធន់ និងចីរភាព» ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន តំណាងអង្គទូត ដៃគូអភិវឌ្ឍន៍ និងតំណាងក្រសួង-ស្ថាប័ន នៃប្រទេសមួយចំនួនក្នុងតំបន់។ ព្រឹត្តិការណ៍នេះ ផ្តល់ឱកាសសម្រាប់ការ ផ្លាស់ប្តូរបទពិសោធ មេរៀន និងឧត្តមានុវត្តន៍ ក្នុងការអនុវត្តកម្មវិធីជាតិជំនួយសង្គម និងរបប សន្តិសុខសង្គមក្នុងគ្រាពហុវិបត្តិ។

ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនី រ័ត្ន បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការបន្តកសាងប្រព័ន្ធ គាំពារសង្គមដែលមានលក្ខណៈប្រមូលផ្តុំ និងមានសង្គតិភាព ស្របតាមអភិក្រមនៃវដ្តជីវិត និងស្មារតី «មិនបោះបង់ពលរដ្ឋណាម្នាក់»។ ទិសដៅនេះត្រូវបានកំណត់ក្នុងយុទ្ធសាស្ត្រ បញ្ចកោណ-ដំណាក់កាលទី១ និងក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាព កាត់បន្ថយភាពក្រីក្រ និងវិសមភាព ព្រមទាំងពង្រឹងសាមគ្គីភាព និងសមធម៌ក្នុងសង្គម។

រយៈពេល៣ឆ្នាំដំបូងនៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដោយគិតចាប់ពីខែសីហា ឆ្នាំ២០២៣ ដល់ខែសីហា ឆ្នាំ២០២៦ ប្រព័ន្ធគាំពារសង្គមកម្ពុជាសម្រេចបានវឌ្ឍនភាពសំខាន់ៗ ដោយពង្រីកបាននូវការគ្របដណ្តប់នៃកម្មវិធីថែទាំសុខភាពពីប្រមាណ ៤,៧លាននាក់ ដល់ប្រមាណ ៨,៥លាននាក់។ ក្នុងនោះអ្នកទទួលផលពីមូលនិធិសមធម៌សុខាភិបាលកើនពីប្រមាណ ២,៨លាននាក់ ដល់ ៤,៨លាននាក់ និងអ្នកទទួលផលពីរបបថែទាំសុខភាពរបស់បេឡាជាតិសន្តិសុខសង្គមកើនពីប្រមាណ ១,៩លាននាក់ ដល់៣,៧លាននាក់។

លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនី រ័ត្ន បានបញ្ជាក់ថា ប្រព័ន្ធគាំពារសង្គម បានដើរតួនាទីជា «ខែលការពារសន្តិសុខប្រាក់ចំណូលដ៏រឹងមាំ» សម្រាប់ប្រជាពលរដ្ឋ ដោយរួមចំណែករក្សា លំនឹងជីវភាព និងទប់ស្កាត់ការធ្លាក់ចូលកាន់តែ ជ្រៅក្នុងភាពក្រីក្រ នៅពេលប្រឈមនឹងវិបត្តិ ឬ គ្រោះអាសន្ន។ ក្នុងរយៈកាលកន្លងទៅ រាជ រដ្ឋាភិបាលបានចំណាយថវិការដ្ឋសរុបប្រមាណ ១,៤ ប៊ីលានដុល្លារ សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ឆ្លើយតបនឹងជំងឺកូវីដ-១៩ សម្ពាធអតិផរណា និងគ្រោះទឹកជំនន់។ ផែនការប្រតិបត្តិឆ្លើយតបនឹងគ្រោះអាសន្ន ឆ្នាំ២០២៦-២០៣០ ដែលប្រកាសដាក់ឱ្យអនុវត្តក្នុងឱកាសនេះ គឺជាជំហានបន្ថែមក្នុងការធ្វើស្ថាប័នូបនីយកម្មប្រព័ន្ធគាំពារសង្គម។

ការពង្រីកកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ដោយចំនួនស្ត្រី និងកុមារ ដែលបានទទួលផលកើនពីប្រមាណ ១,១លាននាក់ ដល់ ប្រមាណ ២,២៥លាននាក់។ ការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដែលគ្របដណ្តប់លើគ្រួសារក្រីក្រ ជាង៧៩ម៉ឺនគ្រួសារ មានសមាជិកប្រមាណ ៣,៥លាននាក់ គិតត្រឹមខែសីហា ឆ្នាំ២០២៦៕