អ្នកឧកញ៉ា គិត ម៉េង ជំរុញឱ្យវិស័យឯកជន កុំព្រួយបារម្ភពីការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច របស់កម្ពុជា ប៉ុន្តែគួរចាត់ទុកជាឱកាសសម្រាប់ការរីកចម្រើន និងត្រូវរៀបចំខ្លួនជាមុន ជាពិសេសការរកប្រភពទុនថ្មីៗ ក្រៅតែពីពឹងលើធនាគារ
ភ្នំពេញ៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានជំរុញឱ្យវិស័យឯកជន កុំមានការព្រួយបារម្ភចំពោះការផ្លាស់ប្តូរពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួច (LDC) របស់កម្ពុជា ទៅជាប្រទេសមានចំណូលមធ្យមនៅឆ្នាំ២០២៩ ខាងមុខ ប៉ុន្តែគួរចាត់ទុកការផ្លាស់ប្តូរនេះជាឱកាសសម្រាប់ការរីកចម្រើន និងត្រូវរៀបចំខ្លួនជាមុន ដោយក្នុងនោះការស្វែងរកប្រភពហិរញ្ញប្បទានថ្មីៗ មិនគួរពឹងផ្អែកតែលើប្រព័ន្ធធនាគារនោះទេ ប៉ុន្តែត្រូវពង្រីកទៅកាន់យន្តការហិរញ្ញវត្ថុផ្សេងទៀត ដូចជា ទីផ្សារមូលបត្របំណុលជាដើម។
ការលើកឡើងរបស់អ្នកឧកញ៉ាបែបនេះ ធ្វើឡើងក្នុងសិក្ខាសាលាស្តីពី «ទស្សនវិស័យវិនិយោគនៅកម្ពុជា» ដែលផ្តោតលើការអភិវឌ្ឍទីផ្សារមូលបត្របំណុលរបស់កម្ពុជា នាព្រឹកថ្ងៃទី ៣០ខែកញ្ញា ឆ្នាំ២០២៩ ក្រោមអធិបតីឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា។ កម្មពិធីនេះ ក៏មានការចូលរួមពីតំណាងមន្ត្រីក្រសួងស្ថាប័នពាក់ព័ន្ធ តំណាងស្ថាប័នធានាឥណទាន និងការវិនិយោគ, តំណាងធនាគារអភិវឌ្ឍន៍អាស៊ី តំណាងដៃគូអភិវឌ្ឍន៍ សមាជិក សមាជិការសភាពាណិជ្ជកម្មកម្ពុជា ព្រមទាំងក្រុមហ៊ុនជាតិ និងអន្តរជាតិ ប្រមាណ ១៥០នាក់។
អ្នកឧកញ៉ា គិត ម៉េង បានបញ្ជាក់ថា ក្នុងរយៈពេល ៣០ឆ្នាំកន្លងមក កម្ពុជាបានបង្ហាញពីភាពធន់ក្នុងការឆ្លងកាត់ភាពមិនប្រាកដប្រជានានានៅក្នុងតំបន់ និងពិភពលោក ខណៈកម្ពុជារំពឹងថានឹងឈានទៅសម្រេចឋានៈជាប្រទេសមានចំណូលមធ្យមនៅឆ្នាំ២០២៩។
អ្នកឧកញ៉ា គិត ម៉េង បានចាត់ទុកការផ្លាស់ប្តូរឋានៈនេះថា ជាដំណាក់កាលសំខាន់សម្រាប់ភាពចាស់ទុំផ្នែកសេដ្ឋកិច្ចរបស់កម្ពុជា ដែលនឹងនាំមកនូវទាំងហានិភ័យ និងឱកាស។ អ្នកឧកញ៉ា បានពន្យល់ថា អត្ថប្រយោជន៍អនុគ្រោះពាណិជ្ជកម្មមួយចំនួននឹងត្រូវបាត់បង់ ហើយការផ្លាស់ប្តូរនេះអាចជះឥទ្ធិពលដល់វិស័យនាំចេញបែបប្រពៃណី និងជំនួយដែលមានលក្ខណៈអនុគ្រោះ។ ដូច្នេះ កម្ពុជា និងវិស័យឯកជនចាំបាច់ត្រូវត្រៀមខ្លួនសម្រាប់បរិបទថ្មី ដែលការធ្វើអាជីវកម្មតាមទម្រង់ចាស់អាចលែងមានប្រសិទ្ធភាពដូចមុន។
ទន្ទឹមនឹងហានិភ័យ អ្នកឧកញ៉ា គិត ម៉េង បានលើកឡើងថា ការផ្លាស់ប្តូរឋានៈសេដ្ឋកិច្ចនេះ ក៏អាចបើកផ្លូវទៅរកអត្ថប្រយោជន៍សំខាន់ៗផ្នែករចនាសម្ព័ន្ធ ដោយអាចជួយទាក់ទាញវិនិយោគិន និងទីភ្នាក់ងារវាយតម្លៃឥណទានអន្តរជាតិ ព្រមទាំងធ្វើឱ្យកម្ពុជាត្រូវបានទទួលស្គាល់ថាមានស្ថិរភាពរចនាសម្ព័ន្ធកាន់តែប្រសើរ និងហានិភ័យវិនិយោគទាបជាងមុន។
ដោយហេតុនេះ អ្នកឧកញ៉ា បានសង្កត់ធ្ងន់ថា វិស័យឯកជនមិនគួរមានការភ័យស្លន់ស្លោនៅពេលផ្លាស់ប្តូរពីឋានៈ LDC ទៅជាប្រទេសមានចំណូលមធ្យមនោះទេ ប៉ុន្តែគួរចាត់ទុកវា «ជាឱកាសសម្រាប់ការរីកចម្រើន និងហ៊ានគិតធំ ហ៊ានធ្វើធំ ព្រមទាំងបង្កើតសមិទ្ធផលធំៗ»។ អ្នកឧកញ៉ា ក៏បានជំរុញឱ្យភាគីពាក់ព័ន្ធចាប់ផ្តើមរៀបចំខ្លួនតាំងពីពេលនេះ ដើម្បីគ្រប់គ្រងទាំងហានិភ័យ និងឱកាសដែលនឹងកើតមាននៅខាងមុខ។
ក្នុងបរិបទនៃការរៀបចំខ្លួនសម្រាប់ដំណាក់កាលថ្មីនេះ អ្នកឧកញ៉ា គិត ម៉េង បានលើកជាសំណួរថា តើកម្ពុជានឹងស្វែងរកប្រភពហិរញ្ញវត្ថុដោយរបៀបណា ដើម្បីផ្តល់ហិរញ្ញប្បទានដល់ដំណាក់កាលបន្ទាប់នៃការរីកចម្រើន។ អ្នកឧកញ៉ា បានគូសបញ្ជាក់ថា កម្ពុជាមិនអាចពឹងផ្អែកតែលើធនាគារបានទេ ហើយចាំបាច់ត្រូវស្វែងរកប្រភពហិរញ្ញវត្ថុចម្រុះ និងប្រើប្រាស់យន្តការហិរញ្ញវត្ថុផ្សេងៗទៀត ដូចជាទីផ្សារមូលបត្របំណុល។
អ្នកឧកញ៉ា បានចាត់ទុកការពង្រឹងប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុក្នុងស្រុក និងការអភិវឌ្ឍទីផ្សារមូលបត្របំណុលថា មានសារៈសំខាន់សម្រាប់ការផ្តល់ប្រភពទុនដល់ដំណាក់កាលបន្ទាប់នៃការរីកចម្រើនរបស់កម្ពុជា។
អ្នកឧកញ៉ា គិត ម៉េង បានបន្ថែមទៀតថា ការផ្លាស់ប្តូរពី LDC ទៅជាប្រទេសមានចំណូលមធ្យម មិនគួរត្រូវបានមើលឃើញត្រឹមជាការបាត់បង់អត្ថប្រយោជន៍អនុគ្រោះមួយចំនួននោះទេ ប៉ុន្តែគួរត្រូវបានប្រើប្រាស់ជាឱកាស ដើម្បីជំរុញការកែទម្រង់ និងពង្រឹងសមត្ថភាពសេដ្ឋកិច្ច ជាពិសេសការបង្កើតប្រភពហិរញ្ញប្បទានចម្រុះ និងទីផ្សារមូលធនក្នុងស្រុក ដើម្បីគាំទ្រដល់ការរីកចម្រើនរបស់កម្ពុជាក្នុងដំណាក់កាលបន្ទាប់។
បើតាមឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនិយ័តករមូលបត្រកម្ពុជា បានឲ្យដឹងថា គិតត្រឹមខែកញ្ញា ឆ្នាំ២០២៦ កម្ពុជាមានក្រុមហ៊ុនចុះបញ្ជីសរុបចំនួន២៨ ក្នុងទីផ្សារមូលបត្រ ដែលរួមមានទាំងមូលបត្រកម្មសិទ្ធិ និងមូលបត្របំណុល។ ឯកឧត្តម បានបញ្ជាក់ថា សាច់ប្រាក់ដែលប្រមូលបានតាមយន្តការចុះបញ្ជីក្នុងទីផ្សារ ត្រូវបានរំពឹងថានឹងឈានដល់ ១ពាន់លានដុល្លារអាម៉េរិកនៅចុងឆ្នាំ២០១៦នេះ ខណៈទំហំជួញដូរប្រចាំថ្ងៃក្នុងរយៈពេលថ្មីៗនេះ បានកើនឡើងដល់ជិត ២លានដុល្លារ និងថ្ងៃខ្លះឈានដល់ ៤លានដុល្លារ ដែលជាកំណើនលើសការរំពឹងទុក៕
អត្ថបទ៖ សៀម ប៊ុនធី រូបភាព៖ អ៊ុន ផាន់ណាត់ និងកែវ ភិរុណ