ព័ត៌មានជាតិ

អ្នកឧកញ៉ា​ ឡាវ​ កាង​ តំណាងអ្នកឧកញ៉ា គិត ម៉េង អញ្ជើញចូលរួមពិធីទទួលបដិសណ្ឋារកិច្ចសម្រាប់គណៈប្រតិភូធុរកិច្ចរបស់ JETRO និង JAXA នៅស្ថានទូតជប៉ុន

image

ភ្នំពេញ៖ អ្នកឧកញ៉ា​ ឡាវ​ កាង​ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា​ តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ច អាស៊ានសម្រាប់កម្ពុជា បានដឹកនាំសមាជិក-សមាជិការសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញចូលរួមពិធីជប់លៀងស្វាគមន៍គណៈប្រតិភូធុរកិច្ចអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) និងទីភ្នាក់ងាររុករកអវកាសជប៉ុន (JAXA) នាល្ងាចថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ នៅស្ថានទូតជប៉ុន។
 
ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន, ឯកឧត្តម ហាក់ សុខហេង រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, លោក WAKABAYASHI Kohei ប្រធានតំណាងអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) ប្រចាំរាជធានីភ្នំពេញ និងលោក OCHIAI Osamu នាយកមជ្ឈមណ្ឌលស្រាវជ្រាវសង្កេតការណ៍ផែនដី នៃភ្នាក់ងាររុករកអវកាសជប៉ុន (JAXA)។
 
លោក មិស៊ូមិ តាកាហ៊ីតុ (MISUMI Takahito) ភារធារីស្តីទីស្ថានទូតជប៉ុន មានសេចក្តីសោមនស្សរីករាយជាខ្លាំង ដែលបានរៀបចំពិធីលៀងសាយភោជន៍នាយប់នេះ រួមគ្នាជាមួយ JETRO និង JAXA។ លោកពិតជាមានសេចក្តីរីករាយដែលបានស្វាគមន៍ភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករពីរាជរដ្ឋាភិបាលកម្ពុជា និងអង្គភាពពាក់ព័ន្ធ ព្រមទាំងតំណាងធុរកិច្ចជាច្រើនរូបមកពីប្រទេសជប៉ុនផងដែរ។
 
លោកជឿជាក់ថា អ្នកចូលរួមទាំងអស់បានពិភាក្សាយ៉ាងផុសផុលលើប្រធានបទយ៉ាងទូលំទូលាយពាក់ព័ន្ធនឹងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព រួមមានបច្ចេកវិទ្យាសព្វាវុធ, ផ្កាយរណប, បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងបច្ចេកវិទ្យាកាត់បន្ថយកាបូន ជាដើម។ លោកក៏យល់ដែរថា ជំនួបផ្គូរផ្គងធុរកិច្ចនារសៀលនេះ បានផ្តល់ឱកាសដ៏មានតម្លៃសម្រាប់ក្រុមហ៊ុនជប៉ុន និងកម្ពុជា ក្នុងការផ្លាស់ប្តូរទស្សនៈ និងស្វែងរកដៃគូសហការដែលមានសក្ដានុពល។
 
តាមរយៈការពិភាក្សានាថ្ងៃនេះ លោកសង្ឃឹមថា អ្នកចូលរួមទាំងអស់បានទទួលស្គាល់នូវសក្ដានុពលដ៏អស្ចារ្យនៃបច្ចេកវិទ្យា និងដំណោះស្រាយជឿនលឿនរបស់ជប៉ុន ព្រមទាំងបានពិចារណាថា តើបច្ចេកវិទ្យាទាំងនោះអាចរួមចំណែកយ៉ាងដូចម្តេចក្នុងការដោះស្រាយបញ្ហាសង្គមនៅកម្ពុជា និងការសម្រេចបាននូវអព្យាក្រឹតភាពកាបូនត្រឹមឆ្នាំ២០៥០។
 
ជាមួយគ្នានេះដែរ លោកគូសបញ្ជាក់ថា ដើម្បីប្រែក្លាយសក្ដានុពលទាំងនោះឱ្យទៅជាលទ្ធផលជាក់ស្តែង និងបង្កើតតម្លៃថ្មីៗរួមគ្នា ការទទួលបានបច្ចេកវិទ្យាជឿនលឿនតែមួយមុខ គឺមិនទាន់គ្រប់គ្រាន់នោះទេ ប៉ុន្តែការស្វែងរកដៃគូដែលគួរឱ្យទុកចិត្តដើម្បីប្រើប្រាស់បច្ចេកវិទ្យាទាំងនោះរួមគ្នាក៏ជារឿងខានមិនបានដែរ។ ក្រុមហ៊ុនជប៉ុនដែលប្រមូលផ្តុំគ្នានាថ្ងៃនេះ កំពុងស្វែងរកដៃគូ "បង្កើតថ្មីរួមគ្នា" ក្នុងចំណោមក្រុមហ៊ុនកម្ពុជា និងអង្គភាពពាក់ព័ន្ធនានា ដែលមានឆន្ទៈក្នុងការកសាងទំនាក់ទំនង ដែលមានផលប្រយោជន៍ទៅវិញទៅមក និងរួមចំណែកដោះស្រាយបញ្ហាសង្គមនៅក្នុងប្រទេសកម្ពុជា។
 
លោកសង្ឃឹមយ៉ាងមុតមាំថា ពិធីលៀងសាយភោជន៍នាយប់នេះ នឹងផ្តល់ឱកាសឱ្យយើងទាំងអស់គ្នាក្នុងការរឹតចំណងទំនាក់ទំនងដែលយើងបានបង្កើតឡើង ដើម្បីផ្គូរផ្គងធុរកិច្ចនាថ្ងៃនេះ ឱ្យកាន់តែរឹងមាំបន្ថែមទៀត ហើយទំនាក់ទំនងទាំងនេះនឹងនាំទៅរកកិច្ចសហការដៃគូថ្មីៗ និងឱកាសធុរកិច្ចជាក់ស្តែង។ វាក៏មានសារៈសំខាន់ផងដែរក្នុងការទទួលបានការយល់ដឹង និងការគាំទ្រចាំបាច់ពីរាជរដ្ឋាភិបាលកម្ពុជា និងអង្គភាពពាក់ព័ន្ធ ដើម្បីធានាបាននូវជោគជ័យនៃកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនជប៉ុន និងកម្ពុជា។
 
លោកបានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជម្រុញកិច្ចសហប្រតិបត្តិការធុរកិច្ច និងការលើកកម្ពស់ការ "បង្កើតថ្មីរួមគ្នា" ផ្នែកសេដ្ឋកិច្ចរបស់យើងបន្ថែមទៀត៕
 
អត្ថបទ៖ ចេង ឆហួត រូបភាព៖ លឹម មុនី និងអ៊ុន ផាត់ណាត់