ព័ត៌មានជាតិ

ACU បង្ហាញអំពីនីតិវិធីដ៏ស្មុកស្មាញរបស់ក្រុមឆបោក ONLINE SCAMS​ ដែលភាគច្រើនឆបោកតាមរូបភាពស្នេហា

image

ភ្នំពេញ៖​ អង្គភាពប្រឆាំងអំពេីពុករលួយ​ (ACU)​ ក្នុងខែ​កញ្ញា​ ឆ្នាំ២០២៦​ បានធ្វើកោសលវិច័យទូរសព្ទ ៨៤៦គ្រឿង កុំព្យូទ័រមួយចំនួន ស៊ីមកាតទូរសព្ទអន្តរជាតិចំនួន ៤៦៧ស៊ីម របស់ពួកឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យស្រាវជ្រាវរក។ នេះបេីយោងរបាយការណ៍របស់ លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធាន (ACU/​ អ​.ប.ព.) ដាក់ជូនកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) លើកទី១៤ អាណត្តិទី៤ ក្រោមអធិបតីភាព សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធាន ក.ជ.ប.ព.​ នៅរសៀលថ្ងៃទី២៩​ ខែកញ្ញា​ ឆ្នាំ២០២៦។

ក្នុងរបាយការណ៍​ លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង បានបញ្ជាក់ថា​ ពាក់ព័ន្ធនឹងកិច្ចការងារស្រាវជ្រាវដ៏ធំនេះ​ ដេីម្បីរកអំពី​ ទី១.​ ចនាសម្ព័ន្ធ និងការទទួលខុសត្រូវនៃទំនាក់ទំនងការងារក្នុងសកម្មភាព ONLINE SCAMS របស់ជនត្រូវចោទ ២២ នាក់។ ទី២.​ ស្រាវជ្រាវរកអត្តសញ្ញាណជនត្រូវចោទ និងទ្រព្យសម្បត្តិជនត្រូវចោទនោះ។ ទី៣.​ ស្រាវជ្រាវរកអត្តសញ្ញាណជនរងគ្រោះជាជនជាតិអាល្លឺម៉ង់-អាម៉េរិក និងជនបរទេសផ្សេងទៀត។ ទី៤.​ ស្រាវជ្រាវទំនាក់ទំនង និងវិធីដាក់ប្រាក់វិនិយោគ ការផ្ទេរ​ និងការទទួលប្រាក់រវាងជនរងគ្រោះជាមួយជនត្រូវចោទ និងទី៥.​ ស្រាវជ្រាវស្វែងរកភស្តុតាងផ្សេងទៀត។

ចំពោះការធ្វេីកោសលវិច័យទូរសព្ទ ៨៤៧គ្រឿង កុំព្យូទ័រ ៨៤គ្រឿង ស៊ីមទូរសព្ទចំនួន ៤៦៧​ ACU បានរកនូវ ៥ ចំណុច ទី១. រករចនាសម្ព័ន្ធ និងការទទួលខុសត្រូវនៃទំនាក់ទំនងការងារក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) របស់ជនត្រូវចោទ ២២នាក់ ដែលសមត្ថកិច្ចបានបង្ក្រាបកាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ នៅអូរបែកខ្អម​ រាជធានីភ្នំពេញ។ ទី២. ស្រាវជ្រាវអត្តសញ្ញាណរបស់ជនត្រូវចោទឈ្មោះ DA GI (DA QI) អាយុប្រហែល ៣០ឆ្នាំ ជាជនជាតិចិន និងទ្រព្យសម្បត្តិជាផលបទល្មើសរបស់ជននេះ​ ទី៣. ស្រាវជ្រាវរកអត្តសញ្ញាណជនរងគ្រោះជាជនជាតិអាល្លឺម៉ង់ អាមេរិក ឬជនបរទេសផ្សេងទៀត ទី៤. ស្រាវជ្រាវទំនាក់ទំនង និងវិធីនៃការដាក់ប្រាក់វិនិយោគ ការផ្ទេរ និងការទទួលប្រាក់រវាងជនរងគ្រោះជាមួយជនត្រូវចោទខាងលើ និងទី៥.​ ស្រាវជ្រាវរកភស្តុតាងពាក់ព័ន្ធផ្សេងៗទៀត ដែលអាចបង្ហាញការពិតនៅក្នុងសំណុំរឿងនេះ។

ជាលទ្ធផលត្រួតពិនិត្យ​ ទូរសព្ទ ៨៤៧គ្រឿង បានពិនិត្យរួច ដោយ​ ៨១៧គ្រឿង និងខូចទាំងស្រុងមិនដំណើរការ ២៣គ្រឿង (ក្នុង ៨៤៧គ្រឿងនេះ នគរបាលបានកោសលវិច័យរួចមាន ៣គ្រឿង)​ កុំព្យូទ័រសរុប ៨៤គ្រឿង​ បានពិនិត្យរួច​ ស៊ីមទូរសព្ទ ៧១០ បានពិនិត្យ និងរកឃើញថា ស៊ីមចំនួន ១៦៨មិនមានអត្តលេខសម្គាល់ជាស៊ីមរបស់ប្រទេសណា,​ ស៊ីមចំនួន ១៨៨ (១៥៤+៣៤) ជាសំបកស៊ីមគ្មានស៊ីមទេ ហើយស៊ីមសល់ពីនោះមានអត្តលេខទូរសព្ទរបស់ក្រុមហ៊ុននៅអាល្លឺម៉ង់ អាមេរិក ចិន ចិនតៃវ៉ាន់​ វៀតណាម (ប្រការនេះបង្ហាញថា អ្នករងគ្រោះមានជនជាតិអាល្លឺម៉ង់ អាមេរិក ចិន ចិនតៃវ៉ាន់ និវៀតណាម)។

ចំពោះក្រុមការងារ និងការគាំទ្រ SG01 កំពុងបន្តស្រាវជ្រាវ រកភស្តុតាងផ្សេងទៀតតាមការចង់បានរបស់សាលាដំបូងរាជធានីភ្នំពេញ ហើយជាជំហានដំបូងនេះ ACU រកឃើញថា ក្រុមនេះធ្វើការឆបោករបៀបឱ្យវិនិយោគលើប្រាក់និម្មិតគ្រីបតូ ហើយវិធីបោកដើរតាម ៣ជំហាន (លួងលោម សាកសួរ និងវិនិយោគ ៥០០ដុល្លារសិន ប្លុកយកប្រាក់តាមវិធីឱ្យបង់ពន្ធ បិទចោល)។ ឯការឆបោកចែកជាកម្រិត A (អ្នកចាញ់បោកប្រាក់ពី ២០ម៉ឺនដុល្លារឡើងទៅ) កម្រិត B (ចាញ់បោកពី ៣ ម៉ឺនដុល្លារឡើងទៅ)។  សមាជិកឆបោកដែលសរសេរជាអក្សរវៀតណាម ហើយបកប្រែជាភាសាអង់គ្លេស ច្រើនតែជាការឆបោកមនោសញ្ចេតនា ស្នេហា។

ACU បានបន្តទៀតថា​ ក្រុមឆបោកនេះចែកជាអនុក្រុមដូចជា អនុក្រុម​ដែលអ្នករកមុខសញ្ញាអាចឆបោកបានតាម Facebook និង Google នៅឯកសារជាបញ្ជីជាឈ្មោះ មានលេខគណនី ឱ្យមកអនុក្រុមមួយ។ អនុក្រុមឆបោកបានលួងលោមមុខសញ្ញាឱ្យស្ម័គ្រចិត្តចូលវិនិយោគ។

ចំពោះអនុក្រុមជនទី៣​ ជាក្រុមបង្កើត Accountក្លែងក្លាយជាច្រើន ដែលមានរូប មានទ្រព្យសម្បត្តិជាអ្នកមាន ហើយជនទី៣ នៅចាំចូលComment បន្ថែម ឱ្យជនរងគ្រោះលង់ជឿថា វិនិយោគក៏នឹងបានធូរធារ មានទ្រព្យសម្បត្តិដូចពួកអ្នកបន្ទរទាំងនោះ។ អនុក្រុមជនទី៣នេះ​ ក៏មានធ្វើផ្សាយពាណិជ្ជកម្មឱ្យគេចុចដើម្បីចូលក្រុមក្រុមលួងលោម​ ផងដែរ។ នៅពេលក្រុមនេះសម្រចបានលទ្ធផលមុខសញ្ញាចាញ់បោកណា​ ហើយមុខសញ្ញាចាញ់បោកទាំងនោះ ត្រូវចូលមកអនុក្រុមស្ថិតក្នុងជំពូក B គឺជំពូកក្រុមកាប់ជ្រូក (Killer) ដែលមាន។ ពេលនោះអនុក្រុមពន្យល់ពីការគ្រីបតូណាងាយចូលរួម (ជាគ្រីបតូដែលពួកអនឡាញស្គេមក្លែងក្លាយ បង្កើតឡើងដើម្បីគ្រប់គ្រងលុយគ្រីបតូដោយពួកវា ដោយអ្នកចាញ់បោកមិនដឹង ហេីយនៅពេលដែលជនរងគ្រោះចាប់ផ្ដើមបង្កើតគណនីគ្រីបតូ (ក្លែងក្លាយរបស់ពួកវា)ហើយ បុគ្គលិកអនឡាញស្គេមចាប់ផ្ដើមផ្ដល់ប្រាក់ ៥០០ដុល្លារគ្រីបតូឱ្យជនរងគ្រោះធ្វើការវិនិយោគសាកល្បង ហើយពេលឈប់លេងវិនិយោគ (មានចំណេញ) ត្រូវសងប្រាក់ដើម ៥០០ដុល្លារគ្រីបតូ ឱ្យមកវាវិញ។

ដោយឡែកចំពោះអនុក្រុមលេងការវិនិយោគជាមួយជនរងគ្រោះលើប្រាក់សាកល្បង ៥០០ដុល្លារគ្រីបតូ ណែនាំឱ្យជនរងគ្រោះធ្វើតាមវាគ្រប់ជំហាន ហើយតាមដំណាក់កាលនីមួយៗ វាបង្កើតការឡើង ការធ្លាក់ចុះនៃតម្លៃគ្រីបតូបបង្ហាញច្បាស់ៗថា ជនរងគ្រោះចំណេញប៉ុន្មានៗហើយ នោះដំណាក់កាលវិនិយោគសាកល្បងត្រូវប្រគល់ប្រាក់ ៥០០ដុល្លារគ្រីបតូ មកឱ្យបុគ្គលិកអនឡាញស្គេម ហើយឈានចូលការវិនិយោគដែលមានប្រាក់ខ្លួនឯង ជាមួយប្រាក់ចំណេញដែលខ្លួនមានពីការវិនិយោគសាកល្បង ៥០០ដុល្លារគ្រីបតូ។ ពេលនោះអនុក្រុមលេងវិនិយោគដោយប្រាក់ខ្លួនឯង ដាក់ប្រាក់ ហើយមានផលចំណេញ ដែលបុគ្គលិកអនឡាញស្គេមណែនាំឱ្យដាក់ប្រាក់ឃើញថា ចំណេញ ហេីយពេលណែនាំកុំឱ្យដាក់ប្រាក់ បន្ទាប់មកអាត្រាហ៊ុនគ្រីបតូធ្លាក់ចុះមែន រហូតដល់ជនរងគ្រោះឃើញថា ស្តាប់តាម ១០ដង ចំណេញទាំង១០ដង​ ពេលនោះអ្នកខ្លះក៏ដាក់ដល់ ៣ ដង រហូតជាង ២០ម៉ឺនដុល្លារ​ ហេីយអនុក្រុមនេះវិភាគថា ដល់ពេលសម្លាប់ជ្រូកហើយ វាក៏ទាមទារឱ្យបង់ពន្ធលើប្រាក់ដែលជនរងគ្រោះបានវិនិយោគ និងទទួលបានចំណេញ (ដូចជាការវិនិយោគអស់ ២០ម៉ឺន វាឱ្យបង់ពន្ធ ២ម៉ឺន) ពេលជនរងគ្រោះព្រមបង់ពន្ធ វាចាប់ប្លុកចោល យកប្រាក់ ២០ម៉ឺន និងប្រាក់ពន្ធនោះតែម្តង។ ប្រសិនបើជនរងគ្រោះមិនព្រមបង់ពន្ធទេ បុគ្គលិកអនឡាញស្គេមនោះក៏ប្លុកយកប្រាក់ ២០ ម៉ឺននោះតែម្តង ហើយក៏ចប់។

ACU បានបញ្ជាក់ថា​ ក្រុមអនឡាញស្គេមមានការភូតកុហកស្ទាត់ជំនាញអំពីនីតិវិធីបោកប្រាស់ និងមានវិធីឆែកមើល វាយតម្លៃជនរងគ្រោះតាមដំណាក់កាលនីមួយៗ ដើម្បីឱ្យដឹងថា ជនណាងាយរងគ្រោះ ដើម្បីវាតាមឱ្យស្អិត ចំណែកជនណាមិនងាយរងគ្រោះ មិនត្រូវបន្តចំណាយពេលជាមួយទេ។ ក្រុមនោះមានអត្ថបទណែនាំលួងលោមឆបោកជាភាសាចិន ហើយបកប្រែជាភាសាអង់គ្លេស អាល្លឺម៉ង់ វៀតណាម ដើម្បីឱ្យបុគ្គលិកវាម្នាក់ៗចេះទាក់ទងជនរងគ្រោះ ទាំងជនរងគ្រោះនៅមានឋានៈជា Friend រហូតដល់ឋានៈជាសត្វជ្រូកដែលត្រូវគេកាប់(លង់ក្នុងការឆបោក)៕