ព័ត៌មានជាតិ

ACU បានបញ្ជូនសំណុំរឿង ៤ករណី ទៅសាលាដំបូងរាជធានីភ្នំពេញ​ ពាក់ព័ន្ធនឹងមេឃុំព្រែកខ្សាច់​ ខេត្តកោះកុង ដែលផ្តល់ទីតាំងឱ្យក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

image

ភ្នំពេញ៖​ ក្នុងខែ​កញ្ញា​ ឆ្នាំ២០២៦​ អង្គភាពប្រឆាំងអំពេីពុករលួយ​ (ACU)​ បានទទួលពាក្យបណ្តឹង​ សរុបចំនួន ៤៤ ពាក្យប្ដឹង និងបានបញ្ជូនសំណុំរឿង ៤ករណី ទៅសាលាដំបូងរាជធានីភ្នំពេញ​ ដែលពាក់ព័ន្ធនឹងមេឃុំព្រែកខ្សាច់​ ខេត្តកោះកុង បានផ្តល់ទីតាំងឱ្យក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ នេះបេីយោងរបាយការណ៍របស់ លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធាន (ACU/​ អ​.ប.ព.) ដាក់ជូនកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) លើកទី១៤ អាណត្តិទី៤ ក្រោមអធិបតីភាព សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធាន ក.ជ.ប.ព.​ នៅរសៀលថ្ងៃទី២៩​ ខែកញ្ញា​ ឆ្នាំ២០២៦។

ក្នុងរបាយការណ៍​ បានបញ្ជាក់ថា​ សំណុំរឿងទាំង ៤ករណី នៃឃុំព្រែកខ្សាច់​គឺ​ ទី១.​ សំណុំរឿងព្រហ្មទណ្ឌលេខ៥៤៧៦ ចុះថ្ងៃទី១៥ ខែកញ្ញា​ ឆ្នាំ២០២៦ មានជនត្រូវចោទ ចំនួន ៤ នាក់​ រួមមាន​ ឈ្មោះ រៀម រុំ ត្រូវចោទពីបទស៊ីសំណូក, សម្អាតប្រាក់ និងសមគំនិតក្នុងអំពើរៀបចំដឹកនាំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ឈ្មោះ ជា សុទ្ធ (កំពុងជាប់ឃុំនៅមណ្ឌលអប់រំកែប្រែទី១ និងឈ្មោះ ជា វាសនា ត្រូវចោទពីបទសមគំនិតក្នុងអំពើរៀបចំ ឬដឹកនាំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ចំណែកឈ្មោះ ចាំង ចៀនឈាំង (Zhang Jian Qiang) ហៅ ឆៃយ៉ូវយៀន (Cai You Yuan) ហៅ ត្រងោល ត្រូវចោទពីបទសូកប៉ាន់, សម្អាតប្រាក់, ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងរៀបចំ ឬដឹកនាំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

ទី២.​ សំណុំរឿងព្រហ្មទណ្ឌលេខ៥៥១៩ ចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ដែលមានជនសង្ស័យ១នាក់ ឈ្មោះ ជិន សុភាន់មន្ត្រីនគរបាល នៃអធិការដ្ឋាននគរបាលស្រុកកំពង់ត្រាច ខេត្តកំពត (អតីតអធិការរង នៃអធិការដ្ឋាន នគរបាលស្រុកគិរីសាគរ ខេត្តកោះកុង) ត្រូវចោទពីបទសមគំនិតក្នុងអំពើរៀបចំ ឬដឹកនាំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

ទី៣.​ សំណុំរឿងព្រហ្មទណ្ឌលេខ៥៥៧៩ ចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ មានជនត្រូវចោទ ឈ្មោះ ភេ ផាត់ផេង មន្ត្រីនគរបាលការិយាល័យច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិ នៃនាយកដ្ឋានច្រកទ្វារទី១ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បទរំលោភអំណាច (មានប្រសិទ្ធភាព), សម្អាតប្រាក់​ និងសមគំនិតក្នុងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

ទី៤.​ សំណុំរឿងព្រហ្មទណ្ឌលេខ៥៥៨១ ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ មានជនត្រូវចោទ ឈ្មោះ ឡាយ សុខគង់ ម្ចាស់អាជីវកម្មតូបប្តូរប្រាក់យីហោ "សុខគង់១៤៨ប្តូរប្រាក់- SOKONG148" ពីបទសមគំនិតក្នុងអំពើសូកប៉ាន់, ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងរៀបចំ ឬដឹកនាំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទសម្អាតប្រាក់ និងបទល្មើសការធ្វើសកម្មភាពប្តូរប្រាក់ដោយគ្មានការអនុញ្ញាតពីធនាគារ។

សូមបញ្ជាក់ថា​ ពាក់ព័ន្ធនឹងមេឃុំព្រែកខ្សាច់​ ខេត្តកោះកុង ដែលផ្តល់ទីតាំងឱ្យក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ​ACU​ បានរកឃើញមេខ្លោងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(online Scams)ម្នាក់ ឈ្មោះ ឆៃ យ៉ូវយៀន ដែលមានឈ្មោះពិត ចាង ចៀនលាំង បានផ្ទេរលុយ ២៥០លានដុល្លារ ទៅគណនីគ្រីបតូមេក្លោងធំនៅក្រៅប្រទេស កាលពីវេលាម៉ោង ៣:០៤នាទីរសៀល ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦។

ACU បានបញ្ជាក់ថា ការរកឃើញប្រតិការផ្ទេរលុយ ២៥០លានដុល្លារនេះ ក្នុងពេលដែលស៊ើបអង្កេតជាបន្តបន្ទាប់លើករណី មេឃុំព្រែកខ្សាច់ ឈ្មោះ រៀម រុំ ដែលត្រងយកពួកឆបោកបែកខ្ញែកឱ្យបន្តដំណើរការលើដីរបស់ខ្លួន ក្រោយការបិទមជ្ឈមណ្ឌលទ្រង់ទ្រាយធំ មានពាក់ព័ន្ធនឹងមនុស្ស និងសមត្ថកិច្ចជាច្រើន និងចុងក្រោយគឺស្រាវជ្រាវឃើញថា មេខ្លោង ឆៃ យ៉ូវយៀន បានប្រើប្រាស់គ្រីបតូ និងប្ដូរប្រាក់គ្រីបតូ ជាមួយអ្នកប្ដូរប្រាក់ ឈ្មោះ ឡាយ សុខគង់ ដើម្បីចាយវាយបម្រើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសូកប៉ាន់ មេឃុំព្រែកខ្សាច់ និងនគរបាលអន្តោប្រវេសន៍ អនុសេនីយ៍ទោ ភេ ផាត់ ផេង​ ជាដើម។

បើតាម ACU បានរកឃើញទៀតថា ចំណូលដែល ឈ្មោះ ឆៃ យ៉ូវយៀន ទទួលបាន គឺបុគ្គលនេះផ្ទេរទៅតាមគណនីគ្រីបតូឱ្យមេខ្លោងធំនៅក្រៅប្រទេសតាមរយៈកាបូបប្រាក់គ្រីបតូឈ្មោះ OKX Hot Wallet 8 ក្នុងចំនួនទឹកប្រាក់ ២៥០,៦០៥,០០០ USDT ដែលស្មើ ២៥០,៦០៥,០០០ដុល្លារអាម៉េរិក។

ACU បានសង្កត់ធ្ងន់ថា ករណីនគរបាលអន្តោប្រវេសន៍ អនុសេនីយ៍ទោ ភេ ផាត់ផេង បង្ហាញថា ភស្តុតាងនេះប្រាក់ដែលរកបានពីអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងទំហំ ៩០% ត្រូវផ្ទេរចេញតាមគ្រីបតូទៅក្រៅប្រទេសភ្លាមៗ ដោយមិនមានបន្សល់នៅកម្ពុជាឡើយ ចំណែកប្រាក់ចាយវាយ និងនៅសល់នៅកម្ពុជា គឺស្ថិតក្នុងទំហំត្រឹមរាប់ម៉ឺនដុល្លារប៉ុណ្ណោះ។ ចំពោះប្រាក់ចាយវាយនៅកម្ពុជា សមត្ថកិច្ចអាចរឹបអូសយកបានប្រសិនបើរកឃើញ។

ពាក់ព័ន្ធនឹងឈ្មោះ ឆៃ យ៉ូវយៀន មានគណនីប្រាក់គ្រីបតូច្រើនជាង១០​ គឺប្រើប្រាស់សម្រាប់ប្តូរប្រាក់ពីគ្រីបតូមកប្រាក់ពិតជាដុល្លារ ឬជាប្រាក់យ៉ន់ចិន ហើយឱ្យអ្នកដែលរកស៊ីប្តូរលុយគ្រីបតូ ផ្ញើប្រាក់ពិតទៅមនុស្សដែលមេខ្លោងនេះចង់ឱ្យ ឬចាយវាយជាក់ស្ដែង ដូចជា ការសូកប៉ាន់នគរបាលអន្តោប្រវេសន៍ ភេ ផាត់ផេង ការបង់ប្រាក់ថ្លៃជួលដីមេឃុំ រៀម រុំ បើកទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជាដើម៕