ព័ត៌មានជាតិ

អ្នកឧកញ៉ា គិត ម៉េង ដឹកនាំកិច្ចប្រជុំត្រៀមលក្ខណៈរៀបចំវេទិកាសហគ្រិនហ្វ្រង់កូហ្វូន ឆ្នាំ២០២៦ ដែលកម្ពុជា នឹងធ្វើជាម្ចាស់ នៅខែវិច្ឆិកាខាងមុខ

image

ភ្នំពេញ៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សា ពិគ្រោះយោបល់ធុរកិច្ច អាស៊ានសម្រាប់កម្ពុជា នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមលក្ខណៈរៀបចំវេទិកាសហគ្រិនហ្វ្រង់កូហ្វូន ឆ្នាំ២០២៦ ដោយមានការ អញ្ជើញចូលរួមពីអនុប្រធានសភាពាណិជ្ជកម្ពុជា និងសមាជិកសភាពាណិជ្ជកម្ពុជា និងភាគីពាក់ ព័ន្ធ។
កិច្ចប្រជុំបានលើកយកចំណុសំខាន់ៗ មកពិភាក្សារួមមាន៖ ការបង្កើតគណៈកម្មាធិការរៀបចំវេទិកាសហគ្រិនហ្វ្រង់កូហ្វូន ឆ្នាំ២០២៦, ការអញ្ជើញឥស្សរជនជាន់ខ្ពស់, ការអញ្ជើញវាគ្មិន, ការត្រៀមលក្ខណៈភស្តុភារ, ផែនការថវិកាទ្រទ្រង់, ការរៀបចំជំនួបពាណិជ្ជកម្ម និងផ្សេងៗ។
វេទិកាសហគ្រិនហ្វ្រង់កូហ្វូន ឆ្នាំ២០២៦ ដែល សហការរៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា និងសម្ព័ន្ធនិយោជកនិយាយភាសាបារាំង (APF) នឹង ប្រព្រឹត្តទៅនៅថ្ងៃទី១៣ ដល់ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៦ ក្រោមមូលបទនវានុវត្តន៍៖ កត្តាជំរុញសម្រាប់សហគមន៍ហ្វ្រង់កូហ្វូនី (Francophonie) ប្រកបដោយចីរភាព និងសមាហរណកម្ម។
វេទិកាសហគ្រិនហ្វ្រង់កូហ្វូន ឆ្នាំ២០២៦ ទទួលបានកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង នឹង អញ្ជើញជាគណៈអធិបតី និងថ្លែងសុន្ទរកថាបើកវេទិកានេះ៕
រូបភាព៖ អ៊ុន ផាន់ណាត់ និងលឹម មុនី