អ្នកឧកញ៉ា គិត ម៉េង ដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ចូលរួមវេទិកាវេទិកាផ្សព្វផ្សាយសមិទ្ធផលអាណត្តិទី១ របស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និងសន្និសីទមូលបត្រប្រចាំឆ្នាំ២០២៦
ភ្នំពេញ៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការដ្ឋាភិបាល-ផ្នែកឯកជន និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញចូលរួមវេទិកាផ្សព្វផ្សាយសមិទ្ធផលអាណត្តិទី១ របស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និងសន្និសីទមូលបត្រប្រចាំឆ្នាំ២០២៦ ដែលរៀបចំឡើងនៅសណ្ឋាគារសុខា ភ្នំពេញ។
វេទិកានេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ ឯកអគ្គរដ្ឋទូត តំណាងអង្គទូត តំណាងដៃគូអភិវឌ្ឍន៍ វិស័យឯកជន ព្រមទាំងក្រុមហ៊ុនជាតិ និងអន្តរជាតិជាច្រើន។
កម្មវិធីនេះ មានគោលបំណងផ្សព្វផ្សាយសមិទ្ធផលដែលសម្រេចបានក្នុងអាណត្តិទី១ របស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និងកំណត់ទិសដៅអាទិភាពសម្រាប់អាណត្តិបន្ត។ ទន្ទឹមនេះ សន្និសីទមូលបត្រប្រចាំឆ្នាំលើកទី២ ក៏ផ្តោតលើការពិភាក្សាអំពីការអភិវឌ្ឍវិស័យមូលបត្រនៅកម្ពុជា ព្រមទាំងធាតុគន្លឹះក្នុងប្រព័ន្ធ Ecosystem ហិរញ្ញវត្ថុ ដែលពាក់ព័ន្ធនឹងវិស័យមូលបត្រ ដើម្បីស្វែងរកទិសដៅ និងដំណោះស្រាយសម្រាប់ជំរុញការអភិវឌ្ឍវិស័យនេះបន្ថែមទៀត។
ក្នុងរយៈពេល៥ឆ្នាំ នៃអាណត្តិទី១ របស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ វិស័យហិរញ្ញវត្ថុមិនមែនធនាគារ បានរីកលូតលាស់យ៉ាងឆាប់រហ័ស និងកំពុងក្លាយជាសមាសធាតុមួយដែលមានតួនាទីកាន់តែសំខាន់ក្នុងប្រព័ន្ធហិរញ្ញវត្ថុជាតិ។ ការរីកចម្រើននេះ មិនត្រឹមតែឆ្លុះបញ្ចាំងតាមរយៈកំណើនទំហំវិស័យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមបង្កើតអត្ថប្រយោជន៍ និងតម្លៃបន្ថែមសម្រាប់សង្គម-សេដ្ឋកិច្ចកម្ពុជាផងដែរ។
ជាក់ស្តែង ទ្រព្យសកម្មសរុបរបស់វិស័យហិរញ្ញវត្ថុមិនមែនធនាគារ បានកើនឡើងពីប្រមាណជាង៣ពាន់លានដុល្លារអាម៉េរិកក្នុងឆ្នាំ២០២១ ដល់ប្រមាណជាង៩ពាន់លានដុល្លារអាម៉េរិកក្នុងឆ្នាំ២០២៥ ស្មើនឹងប្រមាណ១៨% នៃផលិតផលក្នុងស្រុកសរុប (ផ.ស.ស.)។
ចំពោះការបង្កើតការងារ និងការអភិវឌ្ឍមូលធនមនុស្ស ចំនួនការងារក្នុងវិស័យនេះ បានកើនពីប្រមាណ៨ពាន់នាក់ក្នុងឆ្នាំ២០២១ ដល់ប្រមាណ ១៦ពាន់នាក់ក្នុងឆ្នាំ២០២៥ ពោលគឺកើនឡើងទ្វេដងក្នុងរយៈពេល៥ឆ្នាំ។
កំណើននេះ បានឆ្លុះបញ្ចាំងពីការរីកលូតលាស់ជាបន្តបន្ទាប់របស់វិស័យហិរញ្ញវត្ថុមិនមែនធនាគារ ក្នុងការគាំទ្រសកម្មភាពសេដ្ឋកិច្ច និងការវិនិយោគ ព្រមទាំងចូលរួមជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិជារួម៕
អត្ថបទ៖ សៀម ប៊ុនធី រូបភាព៖ អ៊ុន ផាន់ណាត់ និងលឹម មុនី