មន្ទីរពេទ្យកុមារអង្គរ គ្រោងបង្កើតមជ្ឈមណ្ឌលព្យាបាលភ្នែកកុមារ ដែលនឹងត្រូវចំណាយថវិកា ១,៥លានដុល្លារ
ភ្នំពេញ៖ មន្ទីរពេទ្យកុមារអង្គរ (AHC) កំពុងស្វែងរកថវិកាពីសុប្បុរសជនប្រមាណ ១,៥លានដុល្លារ ដើម្បីបង្កើតមជ្ឈមណ្ឌលព្យាបាលភ្នែកកុមារដាច់ដោយឡែកមួយ ខណៈដែលជំងឺភ្នែកកុមារកម្ពុជាមានកំណេីនគួរឱ្យកត់សម្គាល់នាពេលបច្ចុប្បន្ន។ តាមការប៉ាន់ប្រមាណ កុមារប្រមាណ ២ ៥០០នាក់ កំពុងរស់នៅជាមួយនឹងពិការភាពភ្នែក។ ៧១% នៃករណីទាំងនេះ អាចបង្ការ ការពារ ឬព្យាបាលបានទាំងស្រុង ប្រសិនបើទទួលការព្យាបាលទាន់ពេលវេលា។ ចំពោះការលទ្ធភាពផ្ដល់ការប្រឹក្សា និងព្យាបាលដល់កុមារប្រមាណ ១៥ ០០០នាក់ក្នុងមួយឆ្នាំ។
គម្រោងមជ្ឈមណ្ឌលព្យាបាលភ្នែកកុមារលេីកដំបូងនេះ អាចនឹងចាប់ផ្តើមសាងសង់នៅខែកុម្ភៈ ឆ្នាំ២០២៧ នៅពេលដែលមានថិកា ៩០០,០០០ដុល្លារ ទទួលបានពីការរៃអង្គាស។ នេះបេីយោងតាមការឱ្យដឹងពី លោក សោម សម្បត្តិ ប្រធានក្រុមប្រឹក្សាភិបាលនៃមន្ទីរពេទ្យកុមារអង្គរ ក្នុងសន្និសីទសារព័ត៌មានស្តីពី យុទ្ធនាការប្រចាំឆ្នាំរបស់ មន្ទីរពេទ្យកុមារអង្គរ (AHC) ក្រោមប្រធានបទ «ភ្នែកល្អ ជីវិតល្អ/ Good Eyes, Good Life» នៅរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦។
លោក សោម សម្បត្តិ បានបញ្ជាក់ថា រហូតមកដល់ពេលនេះ មន្ទីរពេទ្យ បានរៃអង្គាសថវិកាបានប្រមាណ ៦០០,០០០ ដុល្លារហើយ សម្រាប់គម្រោងមជ្ឈមណ្ឌលព្យាបាលភ្នែកកុមារនេះ។ លោកបានលេីកឡេីងយ៉ាងដូច្នេះថា៖ «យើងត្រូវការថវិកាយ៉ាងហោចណាស់ ១,៥លានដុល្លារ សម្រាប់មជ្ឈមណ្ឌលព្យាបាលភ្នែកកុមារនេះ។ រហូតមកដល់ពេលនេះ យើងបានប្រមូលថវិកាបានប្រហែល ៦០០,០០០ដុល្លារហេីយ។ នៅពេលដែលយើងទទួលបានទឹកប្រាក់ ៩០០,០០០ដុល្លារ យើងនឹងចាប់ផ្តើមការសាងសង់។ ចំពោះការសាងសង់អាចនឹងចាប់ផ្តើមនៅខែកុម្ភៈ ឆ្នាំ២០២៧ ហើយមជ្ឈមណ្ឌលនេះអាចនឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់នៅឆ្នាំ២០២៩ ឬ ២០៣០ ដោយអាស្រ័យលើវឌ្ឍនភាពនៃការសាងសង់ និងការរៃអង្គាសប្រាក់»។
លោក សោម សម្បត្តិ បានឱ្យដឹងដែរថា មជ្ឈមណ្ឌលដែលបានគ្រោងទុកនេះ ដេីម្បីពង្រីកសេវាថែទាំភ្នែកឯកទេសសម្រាប់កុមារ រួមទាំងការធ្វើរោគវិនិច្ឆ័យ ការព្យាបាល និងការវះកាត់ ព្រមទាំងពង្រឹងសមត្ថភាពរបស់ AHC ក្នុងការឆ្លើយតបទៅនឹងតម្រូវការដែលកំពុងកើនឡើងសម្រាប់សេវាព្យាបាលភ្នែកកុមារកម្ពុជា។
ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិត ខាវ ភារ៉ា ប្រធានផ្នែកព្យាបាលភ្នែក (ផ្នែកចក្ខុរោគសាស្ត្រ) នៃមន្ទីរពេទ្យកុមារអង្គរ បានបង្ហាញពីបទពិសោធន៍របស់មន្ទីរពេទ្យកុមារអង្គរ ក្នុងការផ្តល់សេវាថែទាំភ្នែកដល់កុមារ និងតម្រូវការជាបន្តបន្ទាប់សម្រាប់ការថែទាំព្យាបាលឯកទេស។ ជាការកត់សម្គាល់ មន្ទីរពេទ្យកុមារអង្គរ ទទួលបានការមកពិនិត្យព្យាបាលរបស់អ្នកជំងឺក្រៅចំនួន ២១៣,៨២២នាក់ ចន្លោះឆ្នាំ ២០០៤ និង២០២៥ ខណៈដែលការវះកាត់មានចំនួន ៤២,៥១២ ករណី ត្រូវបានធ្វើឡើងចន្លោះឆ្នាំ ២០០៧ និង២០២៥។ ចំពោះការពិគ្រោះយោបល់ផ្នែកភ្នែកចំនួន ១៤១,៤៤២ករណី ចន្លោះខែមេសា ឆ្នាំ២០០៧ និងឆ្នាំ២០២៥ ខណៈដែលករណីចំនួន ៩,៤៩៩ ត្រូវបានកត់ត្រាចន្លោះឆ្នាំ២០២៣ និង២០២៥។ លោកថា តួលេខទាំងនេះបានបង្ហាញពីតម្រូវការសេវាថែទាំភ្នែក និងសារៈសំខាន់នៃការបង្កើនកន្លែងព្យាបាលឯកទេសសម្រាប់កុមារ ជាពិសេសសម្រាប់កុមារដែលត្រូវការការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលកម្រិតខ្ពស់។
សូមបញ្ជាក់ថា យុទ្ធនាការប្រចាំឆ្នាំ ដែលធ្វើឡើងក្រោមប្រធានបទ «ភ្នែកល្អ ជីវិតល្អ» ក៏មានគោលបំណងបង្កើនការយល់ដឹងជាសាធារណៈផងដែរ អំពីសុខភាពភ្នែករបស់កុមារ ព្រមទាំងកៀរគរការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់មជ្ឈមណ្ឌលព្យាបាលភ្នែកកុមារដែលគ្រោងនឹងបង្កើតឡើងក្នុងពេលដ៏ខ្លីខាងមុខ។
មន្ទីរពេទ្យកុមារអង្គរ មានបទពិសោធផ្តល់សេវាវេជ្ជសាស្ត្រដល់កុមារដោយមិនគិតថ្លៃអស់រយៈពេលជាងពីរទសវត្សរ៍មកហើយ និងបន្តអភិវឌ្ឍសេវាឯកទេសនានា ដើម្បីឆ្លើយតបទៅនឹងតម្រូវការថែទាំសុខភាពរបស់កុមារ និងក្រុមគ្រួសាររបស់ពួកេ។
ទន្ទឹមនេះ មន្ទីរពេទ្យកុមារអង្គរ ក៏បានអំពាវនាវឱ្យមានការគាំទ្របន្តទៀតពីសប្បុរសជន ដៃគូ និងសាធារណជន ដើម្បីជួយឱ្យមន្ទីរពេទ្យសម្រេចបាននូវគោលដៅនៃការរៃអង្គាសប្រាក់ និងបន្តដំណើរការសាងសង់មជ្ឈមណ្ឌលថ្មីនេះ ដេីម្បីជួយដល់កុមារម្ពុជា៕