ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី៖ សមិទ្ធផលដែលកម្ពុជាមានសព្វថ្ងៃនេះ មិនអាចកាត់ផ្ដាច់ពីគុណបំណាច់របស់និវត្តជននោះទេ
កំពង់ស្ពឺ៖ លោកឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជាចុះពង្រឹងខេត្តកំពង់ស្ពឺ បានថ្លែងថា សមិទ្ធិផលធំៗដែលកម្ពុជាមានសព្វថ្ងៃ និងកំពុងបន្តអភិវឌ្ឍន៍រីកចម្រើនបន្ថែមទៀត គឺមិនអាចកាត់ផ្តាច់បានឡើយពីគុណបំណាច់របស់អតីតនិវត្តជន ដែលបានលះបង់រយៈពេលកន្លងមកនោះទេ។ ការលើកឡើងដូច្នេះ ក្នុងឱកាសជួបសំណេះសំណាលជាមួយនិវត្តជនដែលមកពីគ្រប់ស្ថាប័ន មន្ទីរ អង្គភាពលើកទី៣ ប្រចាំឆ្នាំ២០២៦ ប្រមាណ ២១១៤នាក់ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ នៅខេត្តកំពង់ស្ពឺ។
លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានថ្លែងថា បើគ្មានការចូលរួមពីនិវត្តជន ប្រទេសជាតិក៏មិនអាចអភិវឌ្ឍទៅមុខបានពេញលេញ និងមានចីរភាពនោះទេ។ និវត្តជនគឺជាប្រភពធនធានមនុស្សដ៏មានតម្លៃ និងជាឃ្លាំងនៃចំណេះដឹង បទពិសោធន៍ និងប្រាជ្ញាស្មារតី ដែលបានឆ្លងកាត់ការអនុវត្តការងារជាក់ស្តែងជាច្រើនទសវត្សរ៍។ដូច្នេះចាស់ព្រឹទ្ធាចារ្យទាំងអស់ជានិវត្តជនគ្រប់ៗរូប គឺជាកម្លាំងចលករដ៏មានសារៈសំខាន់របស់ប្រទេសជាតិ ក្នុងការចូលរួមការពារសន្តិភាព ដែលជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា។
លោក ហ៊ុន ម៉ានី បានលើកឡើងដោយគូសបញ្ជាក់ពីគុណបំណាច់នៃការរួមចំណែករបស់និវត្តជនដែលតស៊ូធ្វើពលិកម្មក្នុងគ្រប់សម័យកាល ដើម្បីបុព្វហេតុសន្តិភាព ស្ថិរភាព ការបង្រួបបង្រួមជាតិ និងការអភិវឌ្ឍលើគ្រប់វិស័យ ដែលថ្នាក់ដឹកនាំ និងមន្រ្តីរាជការជំនាន់ក្រោយបានចងចាំ និងកត់ត្រាទុកជាប្រវត្តិសាស្រ្ត ព្រមទាំងប្ដេជ្ញាបន្តពូនជ្រំការអភិវឌ្ឍជាតិឱ្យកាន់តែរីកចម្រើនសម្រាប់អ្នកជំនាន់ក្រោយ។ មួយវិញទៀតក្នុងនាមប្រធានក្រុមការងារនិងអាជ្ញាធរខេត្តក៏បានប្តេជ្ញាបន្តការប្រារព្ធពិធីសំណេះសំណាលជាមួយនិវត្តជនជារៀងរាល់ឆ្នាំដើម្បីបង្ហាញពីការដឹងគុណ និងរម្លឹកពីស្នាដៃរបស់អតីតមន្ត្រីរាជការ ឬបុគ្គលិកដែលបានចូលនិវត្តន៍ ពិសេសបង្កើនភាពស្និទ្ធិស្នាលរវាងក្មេងជំនាន់ក្រោយដែលក្នុងនាមអ្នកមានកម្លាំង និងស្គាល់ផ្លូវជាមួយមនុស្សចាស់ជាអ្នកមានបទពិសោធន៍ ហើយជាងនេះក៏បង្កឱកាសជូននិវត្តជនបានជួបប្រាស្រ័យទាក់ទងគ្នា សំណេះសំណាលគ្នាទៅវិញទៅមក ក្នុងន័យបង្កើននូវភាពស្និទ្ធស្នាលក្រោយពួកគាត់បានចូលនិវត្តន៍ទៅ។
លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក៏បានលើកឡើងអំពីប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា និងការអភិវឌ្ឍន៍នាពេលបច្ចុប្បន្ន ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយបានបញ្ជាក់ថា គ្រប់គោលនយោបាយ និងគ្រប់សកម្មភាពរបស់រាជរដ្ឋាភិបាល ធ្វើឡើងដើម្បីតែផលប្រយោជន៍ជាតិ ថែរក្សាការពារស្ថិរភាព បូរណភាព ឯករាជ្យ សន្តិភាព និងការអភិវឌ្ឍន៍ជាតិ។ លោកក៏បានទទូចសុំឱ្យនិវត្តជនទាំងអស់បន្តថែរក្សាសុខភាពឱ្យបានល្អ ដើម្បីអាចមានឱកាសផ្តល់នូវបទពិសោធន៍ និងមើលឃើញនូវសមិទ្ធផលថ្មីៗបន្ថែមទៀត របស់អ្នកបន្តវេនជំនាន់ក្រោយ ដែលបានខិតខំ និងបន្តកសាងប្រទេសជាតិឱ្យកាន់តែរីកចម្រើន។
ក្នុងឱកាសនោះដែរលោក ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺ ក៏បានលើកឡើងដោយសង្កត់ធ្ងន់ថា ការជួបសំណេះសំណាលប្រចាំឆ្នាំ ពីសំណាក់លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ស្ពឺ បានបង្ហាញពីការយកចិត្តទុកដាក់ ចំពោះនិវត្តជន ហើយកាន់តែធ្វើឱ្យពួកគាត់មានសង្ឃឹម និងកាន់តែជឿជាក់លើថ្នាក់ដឹកនាំ និងថា ការប្រឹងប្រែងរបស់ពួកគាត់នាពេលកន្លងមកពិតជាមានតម្លៃ។ លោករំពឹងថាការការសំណេះសំណាលឆ្នាំក្រោយៗទៀតនឹងបន្តផ្សារភ្ជាប់ទំនាក់ទំនងរវាងអ្នកជំនាន់មុន និងអ្នកជំនាន់ក្រោយលើគ្រប់វិស័យដើម្បីបំពេញបន្ថែមលើភារកិច្ចថ្មីៗពីចំណុចចាប់ផ្ដើមរហូតទទួលបានជោគជ័យ ពិសេសនាំខេត្តកំពង់ស្ពឺទាំងមូលកាន់តែរីកចម្រើនបន្ថែមទៀត៕
អត្ថបទ៖ ប៊ុត សារុន