ព័ត៌មានជាតិ

លោកទេសរដ្ឋមន្រ្តី កែវ រ៉េមី​ ចុះសួរសុខទុក្ខកងទ័ព កងពលតូចថ្មើរជើងលេខ៤២ ប្រចាំទិសប្រាសាទតាមាន់​ ក្នុង​ឱកាសបុណ្យ​ភ្ជុំបិណ្ឌ​

image

ឧត្តរមានជ័យ៖ លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី២៨ ខែកញ្ញា​ ឆ្នាំ២០២៦​ បានដឹកនាំប្រតិភូ ចុះសួរសុខទុក្ខ លោកឧត្តមសេនីយ៍ត្រី នាក់ វង្ស មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤២ យោធភូមិភាគទី៤ មេទ័ពខ្លាំងជួរមុខ ដែលតែងតែឈរជើងនៅមុខសមរភូមិ ដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី និងសន្តិភាពជូនជាតិ មាតុភូមិ ពេលជួបប្រទះស្ថានការណ៍ប្រឈមនឹងសង្រ្គាម។

ក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងការយកចិត្តទុកដាក់បំផុតពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដល់វីរកងទ័ព ដោយបានបញ្ជាក់ថា ការចុះមកសួរសុខទុក្ខនេះគឺជាការលើកទឹកចិត្ត និងគោរពដឹងគុណចំពោះគុណូបការៈពុំអាចកាត់ថ្លៃបាន ដែលវីរកងទ័ពយើង ក៏ដូចជាក្រុមគ្រួសារ បានលះបង់សាច់ស្រស់ ឈាមស្រស់ក្នុងបុព្វហេតុការពារជាតិមាតុភូមិ និងបូរណភាពទឹកដីរបស់កម្ពុជា ពីសត្រូវឈ្លានពាន។

លោក​ទេសរដ្ឋមន្រ្តី​ បានកោតសរសេីរ​ ​លោកឧត្តមសេនីយ៍ត្រី នាក់ វង្ស ថា ជាមេទ័ពឆ្នេីម​ តាមរយៈ ភាពឈ្លាសវៃ ក្លាហាន មានគំនិត មានវិន័យ ស្គាល់ចិត្តសាស្ត្រសង្រ្គាម ស្គាល់ខ្លួនឯង ស្គាល់សត្រូវ មានឆន្ទ: មោះមុតការពារទឹកដី​ ដែលស្តែងចេញយ៉ាងច្បាស់តាមវិន័យនៃកងកម្លាំងទ័ពរបស់គាត់។

សូម​បញ្ជាក់​ថា​ នេះជាលេីកទី៤​ ហេីយ​ដែល​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា បាន​ចុះសួរសុខទុក្ខកងពលតូចថ្មើរជើងលេខ៤២ ប្រចាំទិសប្រាសាទតាមាន់​ ហេីយនឹង​បន្តកៀរគរ​សប្បុរសជន​ជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់កងទ័ពជាបន្តបន្ទាប់ទៀត៕