ក្រុមហ៊ុន Hyundai Cambodia បានដាក់បង្ហាញរថយន្តអគ្គិសនីជំនាន់ថ្មី ដោយនាំយកបច្ចេកវិទ្យា និងការរចនាទំនើបមកកាន់កម្ពុជា
ភ្នំពេញ៖ ក្រុមហ៊ុន Hyundai Cambodia បានដាក់បង្ហាញរថយន្តអគ្គិសនីជំនាន់ថ្មីជាផ្លូវការមកកាន់ទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា ដោយនាំយកបច្ចេកវិទ្យាថ្មី និងការរចនាទំនើប ដោយមាន ២ option គឺ Hyundai ELEXIO Smart តម្លៃពេញ ២ ម៉ឺន ៨៩០០ដុល្លារ និង Hyundai ELEXIO Tech មានតម្លៃពេញ ៣ម៉ឺន ៣៩០០ដុល្លារ។
លោក គីម ស៊ុង ហ៊ុន (Kim Seunghun) នាយកប្រតិបត្តិក្រុមហ៊ុន Hyundai Cambodia លើកឡើងក្នុងសន្និសីទសារព័ត៌មាន Hyundai ELEXIO EV នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ នេះថា ទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជាកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស និងមានការគាំទ្រជាវិជ្ជមានពីរដ្ឋាភិបាល និងមានអតិថិជនកាន់តែច្រើន កំពុងស្វែងរកជម្រើសប្រកបដោយនិរន្តរភាពសម្រាប់ការធ្វើដំណើរ។
ក្នុងនោះក្រុមហ៊ុន Hyundai Cambodia បានកត់សម្គាល់ឃើញថា អតិថិជនសព្វថ្ងៃនេះចង់ប្រើរថយន្តអគ្គិសនី ចង់បានបច្ចេកវិទ្យា និងចង់បានអ្វីមួយដែលពិតសម្រាប់ការធ្វើដំណើរជាលក្ខណៈគ្រួសារ នឹងការទុកចិត្តសម្រាប់រយៈពេលវែង ដែលនេះគឺជាមូលហេតុ ដែលក្រុមហ៊ុនបានជ្រើសរើសពេលវេលា ដើម្បីដាក់ឱ្យដំណើរការរថយន្ត ELEXIO។ រថយន្តនេះ នឹងផ្តល់ឱ្យអតិថិជនបើកបរបានវែងឆ្ងាយ ការរចនាទំនើប និងលក្ខណៈពិសេសឆ្លាតវៃ រួមទាំង Vehicle-to-Load (V2L)។ តាមរយៈនេះ លោករំពឹងថា ELEXIO នឹងកំណត់ស្តង់ដារ ថ្មីមួយសម្រាប់រថយន្ត SUV អគ្គិសនីនៅទីនេះក្នុងប្រទេសកម្ពុជា។
លោក ប៊ែរ ស៊ុហាន (Bae Su Han) ប្រធានផ្នែកលក់ បានមានទំនុកចិត្តថា ELEXIO នឹងទទួលបានទំនុកចិត្តពីអតិថិជន កម្ពុជានឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការកំណត់អនាគត នៃការធ្វើដំណើរដោយថាមពលអគ្គិសនីនៅកម្ពុជា, ទី១-រថយន្ត ELEXIO ត្រូវបានរចនាឡើងដើម្បីបំពេញតម្រូវការរបស់អតិថិជននាពេលបច្ចុប្បន្ន។ ក្នុងនាមជារថយន្ត SUV ដែលប្រើប្រាស់ថាមពលអគ្គិសនី ទាំងស្រុង វាផ្តល់ជូននូវបទពិសោធន៍បើកបរទំនើប លក្ខណៈពិសេសឆ្លាតវៃ និងភាពបត់បែន ដែលគ្រួសារនៅកម្ពុជាកំពុងស្វែងរក នៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ។ ទី២, លោកយល់ថា អតិថិជនដែលកំពុងពិចារណាលើយានយន្តអគ្គិសនី គឺចង់បានតម្លៃសមរម្យ ភាពជឿជាក់ និងភាពស្ងប់ចិត្ត។ ជាមួយ Hyundai ELEXIO អតិថិជនអាចរីករាយ នឹងការផ្តល់ជូនជាពិសេស មានឆ្នាំងសាក ជាពិសេសការធានារថយន្តរយៈពេល ៨ ឆ្នាំ ឬ ១៦ម៉ឺនគីឡូម៉ែត្រ។
លោក សេង វណ្ណារិទ្ធ ប្រធានផ្នែកលក់ នៃក្រុមហ៊ុនហ៊ីយ៉ាន់ដាយ លើកឡើងឱ្យដឹងថា រថយន្ត EV SUV មួយនេះកំពុងលក់នៅប្រទេសក្រៅ ដោយអថិតិជនហ៊ីយ៉ាន់បានចាប់អារម្មណ៍យ៉ាងខ្លាំង និងតែងតែសាកសួរផ្នែកលក់ជាញឹកញាប់។ ដើម្បីបំពេញតម្រូវការរបស់អតិថិជន ក៏ដូចជាទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា, ក្រុមហ៊ុនហ៊ីយ៉ាន់បាននាំយក Hyundai ELEXIO មកដល់ទីផ្សារកម្ពុជា។
លោកបានបន្តថា Hyundai ELEXIO មាន ២ option គឺ Hyundai ELEXIO Smart តម្លៃពេញ ២ម៉ឺន ៨៩០០ដុល្លារ, Hyundai ELEXIO Tech តម្លៃពេញ ៣ម៉ឺន ៣៩០០ដុល្លារ នៅមានបញ្ចុះតម្លៃពិសេស ថែមទាំងទទួលបានការធានារយៈពេលយូរ រហូតដល់ ៨ឆ្នាំ ឬ ១៦ម៉ឺនគីឡូម៉ែត្រ ផ្តល់ជូនសេវាកម្ម ៦ ដង ដោយឥតគិតថ្លៃ, កម្រាលជើងប្រណិតមួយឈុត, ស្លាកលេខវែង និងបិទ UV កាពារកម្ដៅថ្ងៃ ដោយប្រម៉ូសិន នេះសម្រាប់តែខែកញ្ញានេះប៉ុណ្ណោះ។
លោក ហេង បញ្ញា ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុនហ៊ីយ៉ាន់ដាយ លើកឡើងថា ទីផ្សារបច្ចុប្បន្នត្រូវការទំនុកចិត្ត ការទស្សនា និងបង្ហាញនូវបទពិសោធន៍។ ដូច្នេះ Hyundai Cambodia មិនត្រឹមតែផ្តល់រូបភាព ELEXIO តាមរយៈការផ្សព្វផ្សាយនោះទេ ក្រុមហ៊ុនបាននាំមកនូវឱកាសពិសេសសម្រាប់អ្នកប្រើប្រាស់រថយន្តនៅប្រទេសកម្ពុជាបានឃើញ បានស្គាល់ បានសាកសួរ និងបានបើកបរ សាកល្បងដោយផ្ទាល់ផងដែរ។
លោក Sky ប្រធានផ្នែកសេវាកម្មក្រុមហ៊ុនហ៊ីយ៉ាន់ដាយ ក៏បានឲ្យដឹងដែរថា យើងមានជាងខ្មែរជំនាញ មានបទពិសោធន៍លើសពី ១០ឆ្នាំ យើងក៏បានបញ្ជូនជាងខ្មែរទៅទទួលការបណ្តុះបណ្តាលយ៉ាងល្អិតល្អន់នៅក្រៅប្រទេស មុននឹងយក Hyundai ELEXIO ចូលក្នុងទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា ដូច្នេះហើយរថយន្តថ្មីនេះមិនមានអ្វីព្រួយបារម្ភសម្រាប់ក្រុមហ៊ុនហ៊ីយ៉ាន់ដាយនៅកម្ពុជានោះឡើយ៕
អត្ថបទ៖ ចេង ឆហួត